Menu

១០-ការរៀបចំការងារ

សារព័ត៌មានដើរទៅមុខតាមចង្វាក់នៃព្រឹត្តិការណ៍បច្ចុប្បន្នដែលកើតឡើងឥតឈប់ឈរ។ សារព័ត៌មានមិនស្គាល់ពេលវេលា ឈប់សម្រាកឡើយ។ ដើម្បីប្រឡូកក្នុងមុខរបរនេះ គឺត្រូវតែមានសុខភាពល្អ របៀបរស់នៅប្រកបដោយតុល្យភាព ធ្វើការ លឿន តែចេះរក្សាភាពស្ងប់ស្ងាត់។ មិនថាធ្វើការតែម្នាក់ឯង ឬជាសមាជិកនៃការិយាល័យនិពន្ធដែលមានបុគ្គលិកច្រើន នោះទេ អ្នកយកព័ត៌មានរៀបចំការងាររបស់គាត់ក្នុងលក្ខណៈមួយដែលសមស្របតាមលក្ខខណ្ឌនៃពេលវេលា។

មានវិន័យផ្ទាល់ខ្លួន គឺគោរពការងាររបស់អ្នកដទៃ

  1. គោរពប្រវែងអត្ថបទ៖ អត្ថបទមួយដែលវែងជាងការកំណត់ទុក គឺជាការខាតបង់ពេលវេលា ឥតប្រយោជន៍សម្រាប់អ្នកដែលត្រូវបង្រួញវាឲ្យខ្លីវិញ សម្រាប់អ្នកដែលត្រូវរៀបចំទំព័រ សម្រាប់អ្នកដែលត្រូវបោះពុម្ព និងអ្នកដែលត្រូវផ្សាយវា។
  • ចាត់ទុកការសរសេរដំបូងរបស់ខ្លួនជាសេចក្តីព្រាងមួយ បន្ទាប់មកអានឡើងវិញដោយ កាត់ចេញនូវផ្នែកដែលលើស ដើម្បីតម្រូវតាមទំហំដែលបានកំណត់តាមបន្ទាត់ និងពាក្យ។
  • លុបផ្នែកលើសចេញនៅក្នុងអត្ថបទគឺសំដៅដល់ការលុបអ្វែដែលមិនចាំបាច់សម្រាប់ការយល់ពីប្រធានបទ ដូចជាគុណនាម គុណកិរិយាសព្ទ គុណនាមកំណត់បាន និងគុណនាម កំណត់មិនបានដែលប្រើញឹកញាប់ពេក ឬសន្ធានសព្ទជាដើម។
  • ដើម្បីចំណេញបាន ១០ ពាក្យ និង ៧៤ តួអក្សរ គេមិនសរសេរថា៖ « ជនកំណាច ហ្ស៊ុល សេហ្សារ បានចុះចតនៅពេលយប់ ដោយនាំមកជាមួយនូវអាវុធដ៏ចែងចាំង ហិបអីវ៉ាន់ធ្ងន់ៗ និងវ៉ាលីផ្ទាល់ ខ្លួនរបស់គាត់…»។ គេគួរតែសរសេរថា៖ « ហ្ស៊ុល សេហ្សារ បានមកដល់ដោយនាំយកអាវុធ និងអីវ៉ាន់ ជាច្រើន… »។ ការគោរពលក្ខខណ្ឌតែងតែធ្វើឲ្យគុណភាពការងារប្រសើរឡើង។
  • គោរពពេលវេលា៖ ការបញ្ជូនអត្ថបទមកយឺត គឺជាការដាក់សំពាធលើចង្វាក់ការងារដែលនៅ សេសសល់ ដូចជាអានឡើងវិញដោយមិនបានយកចិត្តទុកដាក់ ការកែតម្រូវដោយ ប្រញាប់ប្រញាល់ ហានិភ័យនៃកំហុសឆ្គងនៅក្នុងមាតិកា ផលិតកម្មស្មុគស្មាញ ការពិន័យ ចំពោះការបោះពុម្ពផ្សាយ។
  • ប្រាប់ខ្លួនឯងថា ការគោរពពេលវេលានៃការបញ្ជូនអត្ថបទ គឺសំខាន់ជាងខ្លឹមសារអត្ថបទ ទៅទៀត។ ខ្ញុំកំពុងតែប្រញាប់ឲ្យទាន់ពេល​ ដូច្នេះខ្ញុំគួរតែផ្តោតលើចំណុចខ្លាំងក្នុងការសរសេរអត្ថបទ របស់ខ្ញុំ។ បើចាំបាច់ ខ្ញុំនឹងបំពេញព័ត៌មានបន្ថែមនៅលេខក្រោយ។ អត្ថបទបញ្ជូនដែលខ្លី និងមិន ពេញលេញ ប្រសើរជាងអត្ថបទវែង ពេញលេញ តែបញ្ជូនទៅយឺតពេល…។
  • គោរពមិត្តរួមក្រុម៖ ការធ្វើការជាក្រុមមិនមែនជារឿងងាយស្រួលទេ នៅពេលដែលនៅក្នុង ក្រុមមានបុគ្គលដែលប្រកាន់យកនូវគំនិតឯកត្តនិយម ដូចជាទម្លាប់សរសេរអត្ថបទតែម្នាក់ ឯង។ ការងារជាក្រុមតម្រូវឲ្យមានលក្ខណៈសម្បត្តិពិសេសៗដូចជា ស្តាប់មិត្តរួមការងារ ចែករំលែកព័ត៌មាន យល់ពីគំនិតរបស់អ្នកដទៃ ទទួលយកការវិនិច្ឆ័យ។ ការផលិត ព័ត៌មានប្រចាំថ្ងៃមិនជាប់ពាក់ព័ន្ធនឹងអារម្មណ៍ទេ។ វាតម្រូវឲ្យមានការបែងចែកការងារ ប្រចាំថ្ងៃ។
  • សូមចងចាំថា អ្នកលេងភ្លេងល្អបំផុតមិនមែនជាអ្នកដឹកនាំល្អបំផុតទេ។ មិនថាជានាយក និពន្ធនាយក ប្រធាន ឬប្រធានរងផ្នែកទេ អ្នកសារព័ត៌មានដែលមានមុខតំណែងជាអ្នក គ្រប់គ្រង ត្រូវចេះដឹកនាំក្រុម ជំរុញ លើកទឹកចិត្ត និងជួនកាលប្រគល់ភារកិច្ចមួយផ្នែកនៃ ការទទួលខុសត្រូវរបស់ខ្លួនដល់សមាជិកក្រុម។ នេះសុទ្ធតែជារឿងដែលត្រូវរៀនសូត្រ។

រូបមន្តសាកល្បង៖ ត្រូវដាក់គោលការណ៍ថា នៅក្នុងក្រុមអ្នកយកព័ត៌មាន គ្មានអ្នកណាធំជាងអ្នកណាទេ។

មានវិន័យរួម គឺធ្វើឲ្យកាសែតល្អប្រសើរបំផុត

ស្វ័យវិន័យគឺជាលក្ខខណ្ឌនៃផលិតកម្មសមូហភាពដែលមានគុណភាពល្អ។ ប៉ុន្តែ គ្រប់ទម្រង់ ទាំងអស់នៃការរៀបចំការងារសារព័ត៌មានមិនហុចលទ្ធផលដូចគ្នាទេ។ ទម្រង់ដ៏ល្អបំផុតគឺជាទម្រង់ដែលផ្តល់លទ្ធភាពដល់អ្នកកាសែតក្នុងការគ្រប់គ្រងគុណភាពនៃការងារផលិតប្រចាំថ្ងៃរបស់ខ្លួនទាំងស្រុង។

  • ការរៀបចំរបស់ម្ចាស់កម្មសិទ្ធិ

ការរៀបចំនេះមានពីរកម្រិត៖ ទីមួយជាការដាក់បញ្ជា ទីពីរជាការប្រតិបត្តិ។ អំណាចទាំងអស់ស្ថិតក្នុងដៃរបស់ អ្នកសារព័ត៌មានម្នាក់ ដែលជាទូទៅជាម្ចាស់កម្មសិទ្ធិនៃកាសែត។ គាត់កាន់មុខងារជានាយកប្រតិបត្តិផង និងជានិពន្ធនាយក ផង។ គាត់ជ្រើសរើសអ្នកយកព័ត៌មានមួយចំនួនដែលមានសមត្ថភាពច្រើនយ៉ាងឲ្យចូលបម្រើការ និងធ្វើការបែងចែកភារកិច្ច ទៅតាមអ្វីដែលគាត់យល់ឃើញថាសម។

គុណសម្បត្តិ៖ ក្រុមស្មើដៃគ្នា រួបរួមគ្នា សាមគ្គីគ្នា មានភាពរួសរាយរាក់ទាក់។

គុណវិបត្តិ៖ ការប្រើសិទ្ធិអំណាចជាថៅកែ ហានិភ័យនៃការអនុវត្តតាមទម្លាប់ ការលំបាកនៃការរីក ចម្រើនផ្ទៃក្នុង កង្វះភាពចម្រុះនៅក្នុងមាតិកា។

  • ការរៀបចំតាមទម្រង់ពីរ៉ាមីដ

ការរៀបចំតាមទម្រង់ពីរ៉ាមីដមានបួនកម្រិត៖ កម្រិតម្ចាស់អាជីវកម្ម កម្រិតក្រុមការងារគ្រប់គ្រង កម្រិតប្រតិបត្តិការថ្នាក់ខ្ពស់ និងកម្រិតប្រតិបត្តិការថ្នាក់ទាប។ ការទទួលខុសត្រូវត្រូវបានប្រមូលផ្តុំនៅផ្នែកខាងលើ។ ចាងហ្វាងកាសែតតែងតាំងប្រធាន ផ្នែកនិពន្ធ។ ប្រធានផ្នែកនិពន្ធជ្រើសរើសជំនួយការជាច្រើននាក់ដែលទទួលភារកិច្ចដឹកនាំផ្នែក ឬក្រុមបញ្ជីមាតិកាដែលមាន សមាសភាពជាអ្នកយកព័ត៌មានប្រកបដោយសមត្ថភាពច្រើនយ៉ាង។

គុណសម្បត្តិ៖ ក្រុមមានសណ្តាប់ធ្នាប់ ធ្វើការស៊ីសង្វាក់គ្នា គោរពវិន័យ ធ្វើការប្រកបដោយ ប្រសិទ្ធភាព។

គុណវិបត្តិ៖ ហានិភ័យនៃការបំពានសិទ្ធិអំណាច គំនិតតែមួយ មាតិកាមានលក្ខណៈដូចគ្នា គ្មានមតិ ផ្ទុយគ្នា ការបញ្ចេញមតិវិចារណកថាមិនច្បាស់លាស់។

  • ការរៀបចំតាមទម្រង់គ្រាប់ពេជ្រ

ការរៀបចំតាមទម្រង់នេះមានបីកម្រិតគឺ ការត្រួតពិនិត្យ ការចេញបទបញ្ជា និងការប្រតិបត្តិ។ ការទទួលខុសត្រូវត្រូវបានធ្វើ វិមជ្ឈការ។ ប្រធានក្រុមហ៊ុន និងប្រធានផ្នែកនិពន្ធប្រគល់ភារកិច្ចដល់ប្រធានផ្នែកដែលជាអ្នកទទួលខុសត្រូវតែម្នាក់គត់ក្នុង ការជ្រើសរើសសហការី និងខ្លឹមសារប្រចាំទំព័ររបស់ខ្លួន។ ក្រុមសរសេរព័ត៌មាននីមួយៗមានសមាសភាពជាអ្នកដែលពោរ ពេញដោយសមត្ថភាពច្រើនយ៉ាង ឬជាអ្នកជំនាញ។ ក្រុមទាំងនេះធ្វើការដោយឯករាជ្យ។

គុណសម្បត្តិ៖ មាតិកាចម្រុះ ការប្រកួតប្រជែងខាងក្នុង ការអនុវត្តល្អ កម្រិតខ្ពស់នៃបទពិសោធន៍។

គុណវិបត្តិ៖ ដំណើរការមិនបើកចំហ ភាពលើសនៃការងារជំនាញ កង្វះការពិចារណា ទំនោរនៃ ការគាំទ្រពួកវរជន។

ការរម្លឹកមានប្រយោជន៍៖ តម្លៃនៃប្រព័ន្ធស្ថិតនៅលើតម្លៃនៃមនុស្សដែលអនុវត្តវា។