Menu

១២-ព្រឹត្តិការណ៍សង្គម

តើ « ព្រឹត្តិការណ៍សង្គម » មាននៅត្រង់កន្លែងណា? សំណួរនេះត្រូវបានចោទសួរ​ជា​ញឹក​ញយ។ ជាទូទៅ ព័ត៌មានសង្គម​នេះ​មានលក្ខណៈផ្ទុយពី​សារព័ត៌មានមហាជន និងសារព័ត៌មាន​បញ្ញាវ័ន្ត។ ចម្លើយជាក់​ស្ដែងគឺ ព្រឹត្តិការណ៍ផ្សេងៗជាប្រភេទ​ព័ត៌មានអំពីជីវភាព​ប្រចាំថ្ងៃ។ វាក៏មាន​លក្ខណៈ​ដូច​ជា​ព័ត៌មាន​នយោបាយ សេដ្ឋកិច្ច សង្គម ឬវប្បធម៌ដែរ។ « អ្នកនិយាយ ការពិត » មិនអាច​ធ្វើ​ជាមិនស្គាល់​ការពិតនៃ​​ព័ត៌មាន​នោះឡើយ។ ប៉ុន្តែ សុទ្ធសឹងជាអ្នកបង្កើតប្រតិកម្មឆាប់រហ័ស។ សំណួរ ត្រឹមត្រូវគឺថាត្រូវចេះ​សរសេរ​ព័ត៌មាន​ទាំង​នោះ​យ៉ាង​ដូចម្តេច ?

ព្រឹត្តិការណ៍សង្គមគឺជា​បេះដូងនៃសង្គមមនុស្ស

ព្រឹត្តិការណ៍សង្គមជាបណ្ដុំសាច់ ឈាម ទឹកភ្នែក និងការឈឺឆាប់។ ជានិច្ចកាល វាជា​ការ​ប៉ះទង្គិចផ្លូវ​​​ចិត្ត។ ការសរសេរ​ព័ត៌មាន​ប្រភេទ​នេះទាម​ទារ​ឲ្យមាន​ការ​ចាកឆ្ងាយពីព័ត៌មាន​ប្រភេទ​ផ្សេងៗ​ទៀត។

ភាពមិនច្បាស់លាស់បន្ដិចបន្តួចអាចជះឥទ្ធិពល​ធ្ងន់ធ្ងរលើ​មនុស្ស​ពាក់​ព័ន្ធ

* កំណត់សញ្ញាណ​ប្រភពដែល​គួរឲ្យ​ទុកចិត្ត : នគរបាល កងរាជអាវុធហត្ថ ភ្នាក់ងារពន្លត់​អគ្គីភ័យ ភ្នាក់ងារ​ជួយសង្គ្រោះ ភ្នាក់ងារសង្គ្រោះបន្ទាន់ បុគ្គលិកមន្ទីរពេទ្យ។

* ធ្វើការណាត់​ជួបប្រចាំថ្ងៃ ជាមួយ​ប្រភពព័ត៌មាន​ដែល​មាន​ពេលទំនេរ​ច្រើនបំផុត

* ផ្ទៀងផ្ទាត់ព័ត៌មានដែល​​យើងទទួល​បានពីប្រភព​មួយ ជាមួយ​ប្រភពមួយទៀត

* ស្នើសុំមតិយោបល់​ពីសាក្សីមួយចំនួន

*មិនត្រូវចាកឆ្ងាយពីរបាយការណ៍ដែលគេបាន​សរសេរ

* ជៀសវាងធ្វើជាអាជ្ញាកណ្តាល​លើការទទួលខុសត្រូវបញ្ហា

* ត្រូវឃ្លាតឲ្យ​ឆ្ងាយ​ពី​កំណត់ហេតុ​ផ្លូវការ។ យើង​មិន​សរសេរវាឡើយ បើទោះ​បីជា​គេ​សរសេរ​ព័ត៌មាន​នោះ​នៅក្នុង​កំណត់ហេតុ​មួយ​ក៏ដោយ : «រថយន្តមួយគ្រឿងបាន​បំពានភ្លើងសញ្ញា ក្រហម និង​បាន​បុកអ្នកដំណើរម្នាក់ »គេសរសេរ ​ដោយប្រើស្ទីលប្រហែល និងមានការ​ប្រុងប្រយ័ត្ន ខ្លះ : «អ្នក​ ដំណើរ​ម្នាក់​ត្រូវ​រថយន្ត​មួយគ្រឿងបុកស្លាប់ នេះបើតាម​ការ​អង្កេត​របស់​នគរបាល និង​សាក្សី។ រថយន្ត​នោះ​ប្រហែល​ជា​បានបំពានភ្លើងសញ្ញាក្រហម… »

ព្រឹត្តិការណ៍ផ្សេងៗជា « បទពិសោធន៍ » សម្រាប់​មនុស្ស​គ្រប់រូប

ព័ត៌មាន​សន្ដិសុខសង្គម​គឺជាព្រឹត្តិការណ៍​បន្ទាន់មួយ​ដែល​កើតមាន​ឡើង​នៅជិត​ប្រជាពលរដ្ឋ គិត ទាំង​ទីតាំង​​ភូមិ​សាស្រ្ត ពេលវេលា និង​ផ្នែកស្មារតី។ វាប៉ះពាល់​មនុស្ស​គ្រប់រូប ព្រោះ​វាអាច​កើត​មាន​នៅគ្រប់​ទីកន្លែង គ្រប់​រូបភាព និង​ពាក់ព័ន្ធ​មនុស្ស​គ្រប់រូប។ ការ​សរសេរ​ព័ត៌មាន​នេះគិត​អំពី​ផល​ប៉ះពាល់​របស់​វា។  

ត្រូវ​គោរព​ជីវិតឯកជន និងភាព​ថ្លៃថ្នូររបស់​មនុស្ស

ការគោរពសិទ្ធជីវិតឯកជននិងភាព​ថ្លៃថ្នូរគឺជាបទដ្ឋាន​វិជ្ជាជីវៈរបស់​អ្នក​យក​ព័ត៌មាន។ វាតម្រូវ​ឲ្យ​​អ្នក​​យកព័ត៌មាន​បង្ហាញការប្រុងប្រយ័ត្ន ពេល​សរសេរ​ព័ត៌មាន​សន្ដិសុខសង្គមអំពី​មនុស្ស​សាមញ្ញ និង​ចេញ​ផ្សាយ​ហេតុការណ៍​ផ្សេងៗ ដោយ​គោរពសិទ្ធិទទួល​បាន​ព័ត៌មាន​របស់​សាធារណៈជន និង​សិទ្ធិជីវិតឯកជន នៅពេល​ព័ត៌មាននោះ​ទាក់ទងនឹង​បុគ្គលសាធារណៈ។

លក្ខខណ្ឌទាំង៧

*រក្សាការសម្ងាត់​របស់​បុគ្គល​ឯកជនដែល​ពាក់​ព័ន្ធនឹង​ព័ត៌មាន​សន្ដិសុខសង្គម។ នាមដូចគ្នា ការលាតត្រដាតដោយអចេតនា និងការផ្សព្វផ្សាយរឿងលំអិតអ្វីមួយ អាចបង្កជា​រឿង​សោកនាដកម្ម​មួយ។ ហេតុ​ការណ៍​ធម្មតា​ដែលត្រូវបាន​រៀបរាប់​ជាសាធារណៈ នៅក្នុង​បរិបទ​នៃ​បទស៊ើបអង្កេតមួយ​របស់​មន្រ្តី​នគរ​បាល ឬមន្រ្តីយុត្តិធម៌ អាច​បង្ក​ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​និងជា​និរន្តរភាព។

*លាក់ការណ៍អំពីលេខស្លាករថយន្តដែល​ពាក់​ព័ន្ធនឹង​គ្រោះថ្នាក់​ចរាចរណ៍។

*ជៀសវាង​បង្ហាញ​រាល់​រឿងរ៉ាវ​ពាក់​ព័ន្ធ​នឹង​ជីវិត​គ្រួសារ ជាពិសេស ក្នុង​ករណីធ្វើ​អត្តឃាត។

*ជៀសវាង​ផ្តល់​ព័ត៌មាន​លំអិត​អំពីឧក្រិដ្ឋកម្ម​ផ្លូវភេទ ដើម្បី​កុំចូលរួម​ចំណែក​ដល់ចរឹកចង់​ដឹង​រឿង​​គេ។

*ជៀសវាង​ធ្វើឲ្យ​ចម្លើយនៃសំណួរ « នរណា? អ្វី? យ៉ាងដូចម្តេច? » មានលក្ខណៈជាឯកជន។

*ជៀសវាង​ការ​ប្រើប្រាស់​ពាក្យមិនគួរសម​ ព្រោះវាធ្វើឲ្យហេតុការណ៍ខុសពីធម្មជាតិដើម។ គេ​នឹងមិនសរសេរថា : «អ្នកបើកបរអន់ ប្រភេទពួកអាហ្រ្វិក… » ឬ « អ្នកបើកបរអន់ ប្រភេទ​ពួក​អ៊ឺរុប… »។ គេនឹងសរសេរថា : «អ្នកបើកបរអន់ម្នាក់… » សរសេរយ៉ាងខ្លី ព្រោះថា ប្រភេទ រូបភាព និង​ដើមកំណើត​របស់​អ្នក​បើកបររថយន្ត​មិន​អាច​កំណត់​អត្តចរិក​របស់​អ្នក​បើក​បរ​បាន​ទេ។​

*គោរព​សច្ចធារណ៍និរទោស។ មិន​ថាជា​បុគ្គលឯកជន ឬសាធារណៈ មនុស្ស​ពាក់​ព័ន្ធ​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​កិត្តិយស និង​បុគ្គលិកលក្ខណៈរបស់ខ្លួន បើទោះបីជា​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​​សង្ស័យដោយ​អាជ្ញាធរមាន​សមត្ថកិច្ចក៏ដោយ។

មនោសញ្ចេតនាកាន់តែខ្លាំង ការសរសេរក៏ត្រូវកាន់តែអាព្យាក្រឹត្យ

មិន​ថាជា​គ្រោះធម្មជាតិ ឬជាឧក្រិដ្ឋកម្ម​ផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ​​បាន​បង្កើតឲ្យ​មាន​មនោសញ្ចេតនា​ ដែលគេ​មិន​ចាំបាច់​ពង្រីកឲ្យ​កាន់​តែធំឡើយ។ ការ​​សរសេរ​ព័ត៌មាន​សង្គម ទាមទារឲ្យមានការ​ចេះប្រមាណ។ វិសេសសព្ទ (« ភ័ព្វព្រេងវាសនា » « សោកនាដកម្ម » « គួរឲ្យខ្លាច » « គួរឲ្យរន្ធត់ »…) សុទ្ធសឹងជា​ពាក្យហាមឃាត់។

ប្រធានបទរសើប ពាក្យត្រឹមត្រូវ

ដើម្បីឲ្យ​ការ​សរសេរ​ព័ត៌មាន​មានភាពមិនលម្អៀង យើងត្រូវ​ជ្រើស​រើស​ពាក្យ​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ស្ថានភាពជាក់​ស្ដែង។ រាល់​ពាក្យ « ឃាតកម្ម​គិតទុកជាមុន » គឺជា « ឃាតកម្ម  » ប៉ុន្តែ ពាក្យ​ « ឃាតកម្ម » មិនមែនជា « ឃាតកម្ម​គិតទុកជាមុន » នោះទេ។ ពាក្យ « មនុស្សឃាត  » គឺជា​ការសម្លាប់​មនុស្ស​ម្នាក់ ប៉ុន្តែ « មនុស្សឃាត  » អាចជាអំពើ « ចេតនា  » ឬ « អចេតនា  »។ « សាក្សី  » មិនមែនជា « ជនជាប់ចោទ  »។ « ជនសង្ស័យ  » មិនមែនជា « ពិរុទ្ធជន  »។ « ពិរុទ្ធជនដែលត្រូវគេចាត់តាំង  » មិនមែនជា « ពិរុទ្ធជនដែលត្រូវគេ​វិនិច្ឆ័យ  »។ ​អ្នក​យក​ព័ត៌មាន​អាជីព​ត្រូវចេះ​ផ្តួចផ្តើមគំនិត​ប្រើ​ភាសា​ច្បាប់​ដើម្បី​ ប្រើប្រាស់​ពាក្យ​ត្រឹមត្រូវលើ​ប្រធាន​បទដែល​យើង​សរសេរ ព្រោះការ​ប្រើពាក្យ​ខុស​បន្តិចបន្តួច អាច​​បង្កឲ្យ​មានផលប៉ះពាល់​ដែលមិន​អាច​ត្រឡប់​ក្រោយ​បាន។

« ហេតុការណ៍សង្គម »

ការសរសេរ​ព្រឹត្តិការណ៍សង្គម​ប៉ះពាល់​តម្លៃជា​មូលដ្ឋាន​នៃជីវិតមនុស្ស :​ ស្នេហា កំហឹង មិត្តភាព អំពើក្បត់ ទំនុកចិត្ត ការមិនទុកចិត្តគ្នា… ។ វាជា​ការ​ជះពន្លឺ និងកញ្ចក់ឆ្លុះវត្ថុជាសកល។ តួយ៉ាង ហេតុ​ការណ៍​មួយ​ចំនួន​មាន​ផលប៉ះពាល់​ផ្នែកសង្គមវិជ្ជា។ វាក្លាយជាហេតុការណ៍​សង្គម។ ម្តាយក្រីក្រម្នាក់​បាន​លួចចំណីអាហារ​នៅក្នុង​ផ្សារ​ទំនើប​មួយ ដើម្បីយកទៅឲ្យ​កូនៗ។ ទង្វើនេះជា​ស្ថានភាព​បច្ចុប្បន្ន​នៃលក្ខខណ្ឌ​មនុស្ស ជាជាងអំពើចោរកម្ម។ យុវជនអត់​ការងារ​ធ្វើ​ម្នាក់​បានធ្វើអត្តឃាតនៅប្រទេសអាហ្រ្វិក។ នេះជាការ​ប្រកាស​អំពីការ​បដិវត្តន៍ជាពេល​ខាងមុខ… ហេតុការណ៍​ផ្សេងៗបាន​ក្លាយជា​ហេតុការណ៍សង្គម ដែល​ត្រូវ​បាន​សរសេរ​នៅក្នុង​បទ​យក​ការណ៍ ឬបទស៊ើប​អង្កេត​របស់​អ្នក​យក​ព័ត៌មាន។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នៈ មិន​ត្រូវ​លាយ​ឡំ​ការ​សរសេរ​ព័ត៌មាន​សំខាន់ ជាមួយ​មនោសញ្ចេតនា។ ហេតុការណ៍កាន់តែក្ដៅ អ្នក​យក​ព័ត៌មាន​កាន់តែធ្វើ​ចិត្ត​ឲ្យ​ត្រជាក់។