Menu

១៤-បទស៊ើបអង្កេត

បទស៊ើបអង្កេតគឺជាបទបង្ហាញ​មួយ ដែលមាន​តម្លៃផ្អែកលើទម្រង់។ អត្ថបទ​ព័ត៌មាន​ប្រភេទ​នេះ​តម្រូវ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ផ្នែក​ប្រាជ្ញាស្មារតី​ខ្ពស់​បំផុត។ វាមិនត្រូវ​មាន​ភាពស្រពិចស្រពិល​ឡើយ។ នេះគឺជា​លំហាត់​មួយ​ពិបាក​ជាង​បទ​យកការណ៍ ព្រោះ​វា​មិន​ត្រឹម​តែ​ផ្តល់​ព័ត៌មាន​ ​ដល់​​អ្នក​អាន អំពី​អ្វី​ដែលគេ​មើលឃើញ ស្ដាប់​ឮ និងយល់ឃើញ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ផ្តល់​ព័ត៌មាន​អំពីអ្វី​ដែល​គេ​មើល​មិន​ឃើញ ស្ដាប់​មិនឮ និងជួនកាល ជាអ្វីដែល​គេ​លាក់កំបាំង​ពីក្រសែ​ភ្នែក​សាធារណជន។

គន្លឺះទាំង៦នៃបទស៊ើប​អង្កេតល្អមួយ

១/ សំណួរល្អមួយ

នៅក្នុងបទស៊ើបអង្កេតល្អមួយ តែងតែមាន​​សំណួរ​បន្ទាប់បន្សំមួយ។ ជានិច្ចកាល វាជា​សំណួរ​បន្ថែម​ដែល​​អ្នក​អង្កេត​ការ​មាន​ចម្ងល់ និងចោទសួរ ក្រោយពីគេ​បាន​ទទួល​រាល់​ចម្លើយនៃសំណួរ​​សំខាន់​ៗ​។ ប៉ុន្តែ ជាទូទៅ គេមិនហ៊ាន​លើកសំណួរ​នេះមកនិយាយ ដោយ​ភ័យខ្លាចប៉ះពាល់​​ដល់​ការសម្ងាត់របស់​​ព័ត៌មាន​នោះ។ ជានិច្ចកាល វាជាសំណួរ « ហេតុអ្វី » « យ៉ាងដូចម្តេច » « យ៉ាងម៉េច » ដែលគេស្រាយមិន​បាន។

ឧបមាថាខ្ញុំ​បាន​ប្រមូលចម្លើយ​ទាំងអស់​ពីសំណួររបស់​ខ្ញុំ ទាក់​ទង​នឹង​ការ​ចុះពីកប៉ាល់របស់ ហ៊្សុល សេហ្សារ នៅចក្រភពអង់គ្លេស។ ខ្ញុំ​មាន​ឯកសារពេញលេញ​ដើម្បី​ចេញផ្សាយ អំពីកងទ័ព​ សម្ព័ន្ធមិត្ត យុទ្ធសាស្រ្ត ផែនការ​ធ្វើ​សង្គ្រាម និង​ផែនការបំរុង​របស់​គាត់… បទយកការណ៍​ផ្តាច់​មុខ​របស់​ខ្ញុំជាមួយ​ប្រជាជនតំបន់ប្រឺតាញ នឹងជាព័ត៌មាន​លំអិតសាច់រឿងបន្ដិចបន្តួច។ ខ្ញុំពេញចិត្តចំពោះខ្លួនឯង… ខ្ញុំ​​សួរ​សំណួរ​បន្ទាប់បន្សំមួយ​បាន​យ៉ាងល្អ។ ប៉ុន្តែ វាជាសំណួរមាន​ទម្ងន់ ដែលខ្ញុំមាន​ចម្ងល់ជាខ្លាំង។ ខ្ញុំ​មាន​ចម្ងល់​ថា​តើ ហ៊្សុល សេហ្សារ អាចធ្វើ​សង្គ្រាមដ៏មហាសាលនេះ​បានយ៉ាងដូចម្តេច…? តើទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​មកពីណា? តើជារបស់​គាត់​ផ្ទាល់​? តើជាទ្រព្យរបស់​គ្រួសារគាត់? តើគាត់មាន​អ្នកជួយផ្គត់ផ្គង់? តើគាត់​មាន​កំណប់ទ្រព្យ ពេលធ្វើ​ចម្បាំងនៅប្រទេស​ហ្គូល (Gaule)? ខ្ញុំ​សួរ​ខ្លួនឯងនូវសំណួរទាំងនេះ ប៉ុន្តែខ្ញុំ​គិតថា​មិន​អាចឆ្លើយ​សំណួរ​បាន​ទេ។ ជាទស្សនៈវិស័យ វាមានឧបសគ្គច្រើនពេក…

២/ ដំណាក់​កាល​ចាប់ផ្តើមដំបូង

អ្នកយកព័ត៌មានបើកការស៊ើប​អង្កេត​នៅតំបន់ងងឹតនៃ​ព័ត៌មាន ដូចជា​ប្រវត្តិវិទូស្រាវជ្រាវ​ឯកសារ​​នៅក្នុង​ស្ថានភាពងងឹត​នៃ​ប្រវត្តិសាស្រ្ត។ ដើម្បីស្វែងរក​ចំណុចចាប់ផ្តើមដំបូង អ្នកយក​ព័ត៌មាន​អនុវត្ត​វិធីសាស្រ្ត​របស់​ប្រវត្តិវិទូ ពោលគឺគេ​ត្រូវ​ស្រាវជ្រាវឯកសារទាក់​ទង​នឹង​ប្រធាន​បទដែលគេសរសេរ បង្កើត​ភាព​ស្និទ្ធិស្នាល​​ជាមួយ​បុគ្គលសំខាន់ អាន​រាល់​ឯកសារ​ដែល​សរសេរ​អំពីបុគ្គលនោះ រៀបចំ​បញ្ជីឈ្មោះ​សាក្សីល្បីឈ្មោះនិង​មាន​សក្កានុពល កត់ត្រារាល់​កាលបរិច្ឆេទនិង​ពេលវេលា​សំខាន់ នៃជីវិតរបស់​បុគ្គលនោះ ទាំងលក្ខណៈឯកជន និង​សាធារណៈ រៀបចំ​កម្រងសំណួរដែល​មិន​ទាន់​រកឃើញ​ចម្លើយ… ចំណុចនេះទាម​ទារឲ្យ​រៀបចំ​គ្រោងសៀវភៅអំពីបញ្ហាដែលត្រូវដោះស្រាយ…

​ករណីហ៊្សុល សេហ្សារ វាបង្ហាញឲ្យឃើញ​ភ្លាមៗថា ចាប់តាំងពីការចាប់ផ្តើមធ្វើនយោបាយមក ទេសាភិបាល​ក្រុងរ៉ូម ប្រចាំនៅហ្គូល បានទទួលការផ្គត់ផ្គង់ពីសំណាក់ជនរួមជាតិ​ដ៏ល្បីល្បាញរបស់​គាត់​មួយរូប គឺ « Grand Pompée », ទេសាភិបាលក្រុងរ៉ូម ប្រចាំប្រទេសអេស្ប៉ាញ និង​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពីសំណាក់​មហាសេដ្ឋីជនជាតិ រ៉ូម៉ាំង លោក Marcus Crassus ។

នេះជាចំណុចនៃការ​ចាប់ផ្តើមដំបូង : ស្រាវជ្រាវឯកសារអំពី​ទ្រព្យសម្បត្តិ​របស់ Crassus ទំនាក់ទំនង​​ផ្ទាល់​ជាមួយសេហ្សារ និងទ្រព្យសម្បត្តិបេតិកភណ្ឌរបស់​គាត់។ លើសពីនេះ យើងត្រូវ​ធ្វើ​ឲ្យ​សាច់ ញាតិ​របស់​គាត់ និយាយ​អំពី​ហិរញ្ញប្បទាន​នៃយុទ្ធនាការសង្គ្រាម​របស់សេហ្សារ ។

៣/ពង្រីកទិន្នន័យព័ត៌មាន

នៅពេលអ្នកយកព័ត៌មានធ្វើខ្លួនជាប្រវត្តិវិទូ គាត់ត្រូវការ​ពេលវេលា​ដើម្បីអភិវឌ្ឍ​ កំណត់សម្គាល់ និងសរសេរ​ប្រធាន​បទ​របស់​ខ្លួន។ គេត្រូវផ្តល់​វេលានេះឲ្យ​អ្នកយកព័ត៌មាន ព្រោះ​គាត់ធ្វើ​ការងារ ដោយមិន​ប្រញាប់​ប្រញាល់ ពីឯកសារយោងមួយទៅឯកសារមួយទៀត។

នៅទីក្រុងរ៉ូម មនុស្សដែល​មាន​អំណាចខ្លាំងដូចជា Crassus និង Pompée ប្រាកដជាមួយ​គូបដិបក្ខ និង​សត្រូវ។ សាក្សីទាំងនេះ​ពិតជាមាន​រឿងរ៉ាវ​ត្រូវនិយាយ អំពីប្រភព​ហិរញ្ញវត្ថុ​របស់សេហ្សារ។ ខ្ញុំ​រកឃើញ​ឈ្មោះ​ពួកគេ នៅក្នុង​សៀវភៅប្រវត្តិសាស្រ្ត​ទីក្រុងរ៉ូម។ ខ្ញុំក៏រៀបចំ​បញ្ជីឈ្មោះ​ពួកគេ និង​ស្រាវជ្រាវព័ត៌មាន​អំពីពួកគេ ដើម្បីកុំធ្វើ​ឲ្យ​ពួកគេ«មានការភិតភ័យ »។ ដូចនេះ អ្នក​ទាំងនោះគឺជា​មនុស្ស​ដំបូងដែលខ្ញុំ​បាន​ធ្វើ​ការណាត់ជួប ព្រោះ​ពួកគេប្រាប់​រឿងរ៉ាវដល់​ខ្ញុំ ងាយស្រួលជាង​ Crassus និងសាច់ញាតិ​របស់​គាត់។

អ្នកយកព័ត៌មាន​ប្រវតិ្តសាស្រ្ត​ចាប់ផ្តើម​ពង្រីកទិន្នន័យព័ត៌មាន​ក្បែរៗប្រធាន​បទរបស់​ខ្លួន ដើម្បីខិតចូល​​ឲ្យកាន់តែជិត​​​សំណួរចម្បងបន្ដិចម្ដងៗ។

៤/ ព័ត៌មាន​ដែលត្រូវពង្រីក​បន្ថែម

រាល់​យុទ្ធនាការ​នៃបទសម្ភាសន៍បានត្រួសត្រាយ​ផ្លូវដើរផ្សេងៗ។

​ដោយសារមានទំនុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាន​របស់ខ្ញុំ សាក្សីដំបូងៗរបស់ខ្ញុំបាន​ណែនាំ​ខ្ញុំ​​ឲ្យ​ស្គាល់​ប្រភពព័ត៌មាន​ផ្សេងទៀត។ បើទោះ​បីជា​សេហ្សារបានទទួលសប្បុរសធម៌ដ៏ធំធេង​របស់ Crassus ក៏ដោយ ក៏គាត់​នៅតែ​បង្កើន​ទ្រព្យ​សម្បត្តិរបស់​ខ្លួន តាម​រយៈការ​លួចឆក់នៅហ្គូល។ ជនរងគ្រោះដោយ​សារគាត់​មាន​ច្រើន​ណាស់។ ខ្ញុំ​ពិបាក​នឹងធ្វើឲ្យ​ជនជាតិហ្គូលដែលពាក់ព័ន្ធនិយាយរឿងរ៉ាវនោះណាស់។ ពួកគេ​បាន​រៀបរាប់លំអិត​បន្តិចបន្តួចអំពី ជ័យភណ្ឌដែល​ប្រមូលបាន។ រាល់ជ័យជំនះរបស់​ជនជាតិ​រ៉ូម៉ាំងម្តង​ៗ​ក៏បាន​ជួយផ្គត់ផ្គង់ទីផ្សារទាសករ ដោយ សេហ្សារ​បាន​យកប្រមូលពន្ធអាករ ធ្វើជាទ្រព្យសម្បត្តិឯកជន។ អ្នករកស៊ីជួញដូរទាសករ​បាន​ប្រាប់​ខ្ញុំលំអិតអំពី​ទឹក ប្រាក់នៃការជួញដូរនេះ។ ខ្ញុំប្រមូលផ្តុំទិន្នន័យ។

អ្នកយកព័ត៌មាន​ស៊ើបអង្កេត​ត្រូវ​ជ្រើសរើសព័ត៌មាន ស្រាយបញ្ហានៃព័ត៌មាន និងធ្វើឲ្យ​ព័ត៌មាន​​ដែល​គេ​ទទួល​បាន​កាន់តែ​ស្រស់ស្អាត តាមរយៈការ​សិក្សាជុំវិញ​ប្រធាន​បទ​របស់ខ្លួន។ គេត្រូវ​ផ្ទៀងផ្ទាត់​តួលេខ ប្រមូល​ឯកសារ ផ្ទៀងផ្ទាត់សក្ខីកម្ម និង​បញ្ជាក់អំពីកាលប្បវត្តិ។

៥/ យុទ្ធសាស្រ្តពីងពាង

នៅពេលនុយជាប់សន្ទូច អ្នកយកព័ត៌មានបែប​ស៊ើបអង្កេតចាប់ផ្តើមចូល​ប្រធាន​បទ ដោយមិន រារែក ព្រោះថាគាត់ត្រៀម​លក្ខណៈគ្រប់គ្រាន់​បាន​យ៉ាងល្អ។ គាត់អាចបញ្ចប់ការ​ស៊ើប​អង្កេត ដោយ​សុំឲ្យ​គោលដៅ​របស់​ខ្លួន​ពន្យល់​អំពីព្រឹត្តិការណ៍​ដែលគេ​បាន​ឃើញ។ នេះជាករណីកិច្ច​មួយ​​ក្នុង​ចំណោម​ករណីយកិច្ច​វិជ្ជាជីវៈការងារ​របស់គាត់។ ប្រសិន​ជា​គាត់​ចេញផ្សាយរឿង​​អាថ៌កំបាំង​របស់​នរណាម្នាក់ គាត់​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​បុគ្គលនោះ​ពន្យល់អំពី​រឿងខ្លួនឯង។ ​ប៉ុន្តែ យើងត្រូវប្រើវិធីទន់ភ្លន់…

ដូចនេះ ខ្ញុំ​ស្នើការណាត់ជួបមួយជាមួយសេហ្សារ។ ខ្ញុំសរសេរលិខិត ជាមួយពាក្យពេចន៍​ពិរោះ​ និង​ជឿជាក់ ដើម្បីទុកជាភស្តុតាងបង្ហាញពីភាពមិនលំអៀងរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំនៅស្រពិចស្រពិលនៅឡើយ​​ជាមួយ​កម្មវត្ថុ​ជាក់​ស្ដែង​នៃការងារ​របស់ខ្ញុំ ជៀសវាងធ្វើឲ្យគាត់មានការភិត​​ភ័យ។​ ប្រសិនជាគាត់​យល់​ព្រម​ទទួល​ការណាត់ជួប ខ្ញុំនឹង​បញ្ជូល​ចម្លើយរបស់គាត់​នៅក្នុង​របាយការណ៍​របស់ខ្ញុំ។ ប្រសិនជាគាត់បដិសេធ ខ្ញុំក៏​នឹង​សរសេរព័ត៌មាននេះ ដើម្បី​ឲ្យ​អ្នកអាន​របស់ខ្ញុំ​វិនិច្ឆ័យ​ដោយ​ខ្លួនឯង។

អ្នកយកព័ត៌មាន​ស៊ើបអង្កេតធ្វើការងាររបស់ខ្លួន​ដោយ​តម្លាភាព គោរពការ​ពិត និងគោរពមិត្តអ្នកអាន​របស់​ខ្លួន។

៦/អំណះអំណាងដែលមិនអាចបដិសេធបាន

រាល់​បទស៊ើបអង្កេតដែលត្រូវបានធ្វើឡើងដោយ​ត្រឹមត្រូវ វាងាយស្រួលសរសេរ។ ហេតុការណ៍​ សក្ខីកម្ម និង​ភស្តុតាងអំពីហេតុការណ៍ត្រូវ​ប្រមូលផ្តុំតាមលំដាប់លំដោយតក្តវិទ្យា ដូចជា​ការរពន្យល់​​នៅក្នុងគណិតវិទ្យា។

ដើម្បីធ្វើ​ឲ្យ​អត្ថបទ​កាន់តែរស់រវើក យើងបញ្ចូលរឿងរ៉ាវ​មួយ​ចំនួនដែលយើង​បាន​ឃើញ និង​បាន​ឮនៅក្នុង​ការពន្យល់នេះ។ ប៉ុន្តែ វាគ្រាន់តែជា​រឿងបន្ទាប់បន្សំប៉ុណ្ណោះ។ ត្រូវ​លុប​ចោលរាល់​អ្វីដែលអាច​ប៉ះពាល់​ដល់មូលហេតុ​ចំបង។ ការវាយតម្លៃគ្មានប្រយោជន៍ លើកលែងជាវាស្ថិត នៅក្នុងសេចក្តី​សន្និដ្ឋាន ឬឧបសម្ព័ន្ធ ក្រោម​ទម្រង់​សារព័ត៌មាន ព្រោះ​ហេតុ​ការណ៍​និយាយ​ពីរឿង​ខ្លួនឯង។

គោលបំណងចង់ឲ្យ​អំណះអំណាង​មាន​ភាពម៉ឺងម៉ាត់ និងត្រូវបញ្ជាក់​ចំណងជើងនៃបទស៊ើប អង្កេត និង​បញ្ចប់សេចក្តី។ ចំណងជើងរបស់ខ្ញុំ : « ភាពមុខលុយរបស់សេហ្សារ »។ បញ្ចប់​សេចក្តី « ជនអាក្រក់បំផុតដែលស្រេកឃ្លានមាសប្រាក់! » ដូចអ្វីដែល Virgile បាននិយាយ​នៅក្នុង​អត្ថបទ « Enéïde »…

រាល់បទស៊ើបអង្កេតដែលធ្វើឡើងដោយ​មនុស្ស​ច្រើននាក់ត្រូវរៀបចំឲ្យបាន​ត្រឹមត្រូវនិងមានភាពទាក់ទាញ

បទស៊ើបអង្កេតខ្លះទាមទារ​ឲ្យមាន​ការស្រាវជ្រាវច្រើន។ អ្នកស៊ើបអង្កេត​តែម្នាក់ បើទោះ​បីជា​គេជា​មនុស្ស​ពូកែ​បំផុត​ក៏ដោយ ក៏​គេ​មិន​មែន​សុទ្ធតែអាច​ចាប់យកព័ត៌មាន​គ្រប់​បែប​យ៉ាង​ ជាពិសេសនៅក្នុង​ការ​ស្រាវជ្រាវ​គ្រប់​ទម្រង់​រូបភាព។ បទស៊ើបអង្កេត​ធ្វើឡើង​ដោយ​មនុស្ស​ច្រើន​នាក់ គឺជា​វិធីសាស្រ្តដ៏ត្រឹម​ត្រូវ​មួយ។ ជាឧទាហរណ៍ « មនុស្ស​មុខលុយ ហ្ស៊ុល សេហ្សារ » ។ យើងស្រមៃអំពីការ​បែងចែកការងារ​មួយ​ជាបួនផ្នែក ជាមួយ​អ្នកយកព័ត៌មាន​ជំនាញ​៣រូប (អ្នកជំនាញខាងមាតិកានយោបាយ អ្នកជំនាញ​ខាងមាតិកាហិរញ្ញវត្ថុ និងអ្នកជំនាញ​ខាង​មាតិកាយោធា) ព្រមទាំង​អ្នក​យកព័ត៌មាន​ទូទៅសម្រាប់​ហេតុការណ៍ដែល​មើលឃើញ និងបានឮ នៅតាមកន្លែងកើតហេតុ។ នៅក្នុង​វិធីសាស្រ្តនេះ ការលំបាក គឺការ​តាមដាន​ការងារ​រួម និងការ​រៀបចំទម្រង់​ចុងក្រោយ។ ដូចនេះ វាតម្រូវ​ឲ្យ​មាន​ការ​សហការ​មួយ​យ៉ាង​ម៉ឺងម៉ាត់ និង​ការ​ចាត់តាំង​ប្រធាន​ក្រុម​ការងារ​មួយ។

រាល់បទស៊ើបអង្កេតមានដែនកំណត់របស់​វា

ជួនកាល ភាពជោគជ័យនៃបទស៊ើបអង្កេតសារព័ត៌មានអាស្រ័យលើ​សមត្ថភាពនៃការ​លាក់​កំបាំង​​របស់​​អ្នក​យក​ព័ត៌មាន​ស៊ើបអង្កេត។ គេត្រូវមាន​ភាពឆ្លាតវៃទើប​អាច​គាស់​កកាយ​​ការ​ពិត​​ចេញ​មក​បាន។​ គេអាច​​ប្រើល្បិចកលក្នុង​ការ​ស្វែងរកការពិតបម្រើ​ប្រយោជន៍​សាធារណៈជន​។ ប៉ុន្តែ មិន​ត្រូវ​លាយ​ឡំ​សេវា​សាធារណៈ​ជាមួយ​មហិច្ឆតា​ ឬការ​ស្រេកឃ្លាន​ផ្ទាល់ខ្លួនឡើយ។ ភាពស្មោះត្រង់នឹងការងារ​ស៊ើប​អង្កេត​សារព័ត៌មាន​ជំរុញទឹកចិត្តដល់​អ្នក​យកព័ត៌មាន​បែប​ស៊ើបអង្កេត។ យើង​មិន​ស៊ើបអង្កេត តាម​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ ដោយ​គោរព​សិទ្ធិ​​អ្នកដទៃ។ អ្នក​យកព័ត៌មាន​ស៊ើប​អង្កេត​មិន​មែន​ជា​នគរបាល និងជាចៅក្រមទេ។ គេបដិសេធ​រាល់​ការ​ប្រើប្រាស់​វិធីមិន​ស្មោះត្រង់។