Menu

១៥-បច្ចេកទេសបទសម្ភាសន៍

វាមិនមែន​ជារឿងងាយស្រួលទេ ក្នុងការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​​និយាយ ទាំងគេមិនចង់និយាយ គេនិយាយ គ្រាន់តែនិយាយ ឬបញ្ចេញ​មតិយោបល់ដោយ​ភ័យខ្លាចនិយាយច្រើនពេក។ សម្ភាសន៍នរណា​ម្នាក់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់និង​ជាក់លាក់ មិន​ត្រឹម​តែ​ទាមទារ​ឲ្យ​មាន​ចំណេះដឹង​ប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​មាន​ការ​​ប៉ិនប្រសប់ ភាពឈ្លាសវៃ និង​កល​ល្បិចផងដែរ។ នៅក្នុង​វិជ្ជាជីវៈសារព័ត៌មាន បទ​សម្ភាសន៍គឺជា​សិល្បៈមួយ​បែប។

អាថ៌កំបាំងទាំង១០ នៃការផលិតបទសម្ភាសន៍

១/ បង្កើតទំនុកចិត្ត

រាល់បទសម្ភាសន៍គឺជាការ​ប្រកួតមួយ។ ជាបឋម អ្នកសម្ភាសន៍តែងតែបន្ទន់ឥរិយាបថ ព្រោះ​គេគឺជា​​​​អ្នកស្នើ​សុំធ្វើ​សម្ភាសន៍។ ដើម្បីឲ្យ​ការ​សម្ភាសន៍ដំណើរការ​ប្រកប​ដោយ​បរិយាកាសស្និទ្ធស្នាល យើង​ត្រូវ​​សម្ភាសន៍​ដៃគូសន្ទនា​ដោយសុភាព​រាប​សារ​។ ការទំនាក់ទំនង​ជា​លាយលក្ខណ៍អក្សរ​មាន​ភាព​ច្បាស់​​លាស់ជាង​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ។ ​យើង​ចាំចាច់​ត្រូវ​ពន្យល់​ដៃគូសន្ទនា​របស់​យើង​​ឲ្យ​យល់​ថា​សក្ខីកម្ម​របស់​គេ​មាន​តម្លៃ និង​ធានាអះអាង​ថា​រាល់​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​នឹង​មិន​ត្រូវ​​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​គ្មាន​ការ​អនុញ្ញាត​ពីសាមីខ្លួន​ឡើយ។ ពេល​ខ្ញុំ​សរសេរ​លិខិត​ទៅ Jules César ដើម្បីសុំ​ប្រតិកម្ម​របស់​គាត់​ទាក់​ទង​នឹង​របបគំហើញ​របស់​ខ្ញុំ​ ស្ដីពីហិរញ្ញប្បទាន​នៃ​បេសកកម្ម​​យោធារបស់​គាត់ ខ្ញុំ​ព្យាយាម​លួងលោមគាត់។ ខ្ញុំ​បាន​សម្ភាសន៍គាត់ ដោយ​បញ្ជាក់​​ថាខ្ញុំ​ផ្តល់​​​លទ្ធភាព​ឲ្យ​គាត់​ឆ្លើយតបរាល់​ការបង្ខូចកេរិ៍្តឈ្មោះរបស់​គាត់ នៅទីក្រុងរ៉ូម ពាក់​ព័ន្ធ​នឹង​យុទ្ធសាស្រ្ត​របស់​គាត់…

២/ បង្កើតអត្ថប្រយោជន៍ផ្សេងៗ

​ការ​សម្ភាសន៍​តំណាងរាស្រ្ត មន្រ្តីរាជការ ប្រធាន​សហគ្រាស ឬអ្នក​និពន្ធមិន​មែន​មាន​លក្ខណៈដូច​គ្នា​ទេ។ ប៉ុន្តែ មិន​ថា​ដៃគូសន្ទនា​គឺជា​នរណា​ក៏ដោយ បទ​សម្ភាសន៍​មួយ​សម្រេច​បាន​ជា​ផ្លែផ្កា លុះត្រាតែ​គេ​ត្រៀម​​រៀបចំយ៉ាង​ល្អហ្មត់​ចត់ខ្ញុំបាន​ទទូចសុំឲ្យ​លោក César ផ្តល់​បទសម្ភាសន៍មួយ នៅពេល​ខ្ញុំ​បាន​ត្រៀម​​លក្ខណៈគ្រប់​គ្រាន់​រួច​ជាស្រេច។ ខ្ញុំ​ត្រៀម​លក្ខណៈ​រួច​ជាស្រេច នៅពេល​ខ្ញុំ​ប្រមូល​បាន​ទិន្នន័យ​ជា​​​អតិបរមា អំពីរូបគាត់ មិត្តភក្តិ​របស់​គាត់ និង​ដៃ​គូបដិបក្ខរបស់​គាត់ ហើយ​នឹង​នៅ​ពេល​ខ្ញុំ​បាន​រៀប​ចំ​ « មគ្គទេសក៍​នៃការសម្ភាសន៍ » មួយ​ដ៏រឹងមាំ ឬពីមុនហៅ​ថាជា​កម្រង​បញ្ជីសំណួរលំអិត​និង​ជាក់​លាក់មួយ​ ដើម្បីត្រៀមទប់ទល់​រាល់​ការបដិសេធរបស់​គាត់ និង​ជំរុញ​ឲ្យ​គាត់​ឆ្លើយការពារខ្លួនឯង។

៣/ ជ្រើសរើស​យុទ្ធសាស្រ្តល្អ

មានបទសម្ភាសន៍ចំនួន​៣ប្រភេទ ដែល​មិនបាន​ផ្តល់​លទ្ធផល​ដូចគ្នា។

* បទសម្ភាសន៍បែបដឹកនាំសួរសំណួរ​ច្បាស់ៗ ដោយ​បដិសេធរាល់​ការ​និយាយ​ចាក​ប្រធាន​បទ និង​​ចម្លើយ​មិនជាក់លាក់។ នេះជាវិធីសាស្រ្តដាច់ខាតមួយ ដែល​មាន​តម្លៃប្រើ​ប្រាស់​នៅ​ក្នុង​ប្រភេទ​អត្ថបទ​​ខ្លីៗ ដូចជា​ «ការ​សម្ភាសន៍តាម​ដង​ផ្លូវ» ជាដើម ពោលគឺ​មាន​៣ សំណួរ​ និង ៣ចម្លើយ ដែល​ក្នុង​មួយ​ចម្លើយ​ មាន​៥ជួរ… យើង​មិន​សម្ភាសន៍សេហ្សារជា​លក្ខណៈ​តាម​ដង​ផ្លូវ​នោះទេ។​

* បទសម្ភាសន៍បែបមិនដឹកនាំ៖ ​សួរសំណួរ​បើកទូលាយ​ខ្លីមួយ។ បន្ទាប់​មក ទុកឱកាស​ឲ្យ​ដៃគូសន្ទនា​ឆ្លើយ​​សំណួរ​នេះ។ វិធីសាស្រ្ត​ធូររលុងនេះ​មាន​សារៈប្រយោជន៍​ក្នុង​ការ​ស្វែង​យល់​ពី​បុគ្គលិក លក្ខណៈ​របស់​​ដៃគូសន្ទនា ព្រោះ​យើង​មិន​ស្គាល់​ច្បាស់​ពី​ខ្លួនគេ ប៉ុន្តែ​ប្រហែល​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នោះទេ។ ប្រសិន​ជាខ្ញុំ​ទុក​ឱកាស​ឲ្យសេហ្សារ​និយាយ​តែម្នាក់ឯង ខ្ញុំ​ប្រាកដ​ជា​មិន​ទទួល​បាន​ព័ត៌មាន​អំពី​ហិរញ្ញប្បទាន​អាថ៌កំបាំង​របស់​គាត់ឡើយ។

* បទសម្ភាសន៍ពាក់កណ្តាល​ដឹកនាំ៖ វាគឺជាវិធីសាស្រ្តដ៏សមរម្យ​បំផុតនៅក្នុង​ការងារ​សារព័ត៌មាន​។ យើង​ត្រូវ​សួរ​សំណួរ​បើកម្ដង ​សំណួរបិទម្ដង សំណួរទូទៅ និង​សំណួរ​លំអិត។ ការ​ផ្លាស់ប្ដូរ​សំណួរ​បែប​នេះ​ជំរុញ​ឲ្យ​មាន​ការ​ចែករំលែក​ព័ត៌មាន​ និងការ​សហការ។ ខ្ញុំ​នឹង​ប្រើយុទ្ធសាស្រ្តនេះជាមួយ សេហ្សារ។ សំណួរដំបូង​របស់​ខ្ញុំ គឺមានលក្ខណៈទូទៅ «តើ​លោក​ផ្គត់ផ្គង់​សហការី​របស់​លោក​យ៉ាង​ដូចម្តេច »? ខ្ញុំ​នឹង​ទុក​ពេល​ឲ្យ​គាត់​បញ្ចេញ​មតិ​ដោយ​សេរី។ ខ្ញុំ​នឹង​មិនកាត់​គាត់ទេ។ ខ្ញុំនឹង​ស្ដាប់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់ ជាមួយ​ស្នាម​ញញឹម ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រស់ស្រាយ។ បន្ទាប់មក ខ្ញុំ​នឹង​ចាប់​ផ្តើមសួរ​សំណួរ​ជាក់​លាក់ ផ្អែកលើ​ឯកសារ​យោងរបស់​ខ្ញុំ និង​សមត្ថភាព​របស់ខ្ញុំ៖ «កាលពីសប្តាហ៍​មុន ខ្ញុំ​ស្ថិតនៅទីក្រុងរ៉ូម ហើយ​ខ្ញុំ​បាន​ពិសារ​អាហារ​ថ្ងៃត្រង់​នៅផ្ទះ Lucullus ជាមួយមិត្តភក្តិ​ធ្វើ​ការ​នៅ​ធនាគារ។ ពួក​គេ​បានប្រាប់ខ្ញុំ ថា ចាប់​តាំង​ពីលោក​បានមក​ដល់ហ្គូល លោក​បាន​បង្កើនទ្រព្យ​សម្បត្តិ​​របស់​លោក មួយគុណជា ដប់… តើជាការ​ពិត​ដែរ​ឬទេ?»...

៤/ ជ្រើសរើស​ទីតាំង​ល្អ

យើង​មិនអាច​​សម្ភាសន៍​មនុស្ស​នៅកន្លែងណា​ក៏បាន​នោះទេ។ យើង​មិន​ត្រូវ​សម្ភាសន៍សេហ្សារ​នៅ​ហាង​កាហ្វេ​តាម​ដង​ផ្លូវឡើយ។ យើង​ជា​អ្នក​សុំសម្ភាសន៍ ដូចនេះ យើង​ត្រូវ​ធ្វើ​ដំណើរទៅកាន់​កន្លែង​របស់​គាត់។ យើង​ត្រូវ​ជៀសវាង​ធ្វើ​បទ​សម្ភាសន៍តាម​ទី​សាធារណៈ ជាពិសេស ហាងស្រា ឬភោជនីយដ្ឋាន ព្រោះ ថា​បរិយាកាស​អ៊ូអរ​រំខានដល់​កិច្ច​សន្ទនា និង​រំខានសាក្សី​។ ត្រូវ​ជ្រើសរើស​ទីតាំង​ស្ងប់ស្ងាត់ល្អ ដូចជា​ការិយាល័យ​ធ្វើ​ការ ឬបន្ទប់​ទទួល​ភ្ញៀវ។ បទ​សម្ភាសន៍​​អាច​ធ្វើ​បាន​នៅតាមទីសាធារណៈ ប្រសិន​ជា​យើង​សម្ភាសន៍​សាមញ្ញជន ជាលក្ខណៈក្រៅ​ផ្លូវការ ឬ​មនុស្ស​មួយ​ចំនួន ដែល​សាធារណៈ​ជន​មិន​​ស្គាល់​អត្តសញ្ញាណ​របស់​ពួកគេ។

៥/ ជ្រើសរើសការ​ប្រើប្រាស់សំឡេងឲ្យ​បាន​ត្រឹមត្រូវ

បទសម្ភាសន៍​មួយគឺជា​ការ​ប្រកួត ប៉ុន្តែ មិន​មែន​ជា​ការ​ប្រកួត​ប្រដាល់​នោះទេ។ វាគឺជាការ​និយាយ​​ត​ទល់​​គ្នាបែបមិន​ស្រពិចស្រពិល ឬមួយក៏ម្នាក់ៗព្យាយាម​លួងលោម​គ្នា​ទៅវិញ​ទៅមក​។ អ្នក​សម្ភាសន៍​​មិន​ត្រូវ​បង្ហាញ​​ភាព​​ផ្តាច់ការឡើយ ព្រោះការ​ធ្វើ​បែប​នេះ​មិន​មាន​ន័យ​ថា​យើង​អាច​​ទាក់​ទាញ​ការ​ទុកចិត្ត​ពីអ្នក​ត្រូវ​​សម្ភាសន៍នោះទេ។ អ្នក​ត្រូវ​សម្ភាសន៍​មិន​មែន​ជា​សត្រូ​របស់​អ្នក​សម្ភាសន៍ឡើយ។ យើង​មិន​ត្រូវ​បង្ករឿង វាយ​ប្រហារ ឬ​បំផ្លាញ​អ្នក​ត្រូវ​សម្ភាសន៍ទេ។ ប៉ុន្តែ យើង​ត្រូវ​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​ការ​គោរព​គ្នា​ទៅវិញទៅមក។ ការ​ប្រើប្រាស់សំឡេងបាន​ល្អ គឺជាបង្ហាញ​មេត្តា ករុណា ឧបេក្ខា ឬ មុទិតា។ ខ្ញុំ​មិនបាន​​ពិភាក្សា​ជាមួយ​សេហ្សារទេ ប៉ុន្តែ ខ្ញុំ​ទទួល​ស្គាល់​សិទ្ធិ​បញ្ចេញ​មតិ​របស់​គាត់។ ប្រសិន​ជា​ខ្ញុំ​មិន​យល់​ស្រប ខ្ញុំ​នឹង​សំដែងចេញ​ដោយ​ភាព​រម្យទុំ។

៦/ ចេះចោទសួរសំណួរ

ការសួរ​សំណួរបង្វែរ សំណួរមាន​អត្ថន័យពីរយ៉ាង ឬសំណួរចាក​ប្រធាន​បទ ធ្វើ​ឲ្យ​ដៃគូសន្ទនា​បាត់​បង់​ទំនុក​ចិត្ត។ ការ​សម្ភាសន៍ដ៏ត្រឹម​ត្រូវគឺត្រូវ​​សម្រួល​សំណួរ​ឲ្យ​​ច្បាស់លាស់ ពាក្យ​នីមួយៗមាន​ទម្ងន់ តាម​លំដាប់​លំដោយនៃបញ្ហា​ចំបង។ បង្ហាញភាព​រឹង​មាំនិងហ្មត់​ចត់ដល់​អ្នក​ត្រូវ​សម្ភាសន៍​ថា​លោក​អ្នក​យល់​ប្រធាន​បទ​ ឬបញ្ហាពិភាក្សាច្បាស់។ នេះ​សរ​បញ្ជាក់អំពី​សារៈប្រយោជន៍​របស់ « សៀវភៅណែនាំ​បទ​សម្ភាសន៍​ » ដែល​ត្រូវ​បាន​រៀបចំ​ជាមុន ដើម្បី​គ្រប់​គ្រងស្ថានការណ៍ បើទោះបី​ជា​អ្នក​ត្រូវ​សម្ភាសន៍​មាន​ចេតនាឆ្លើយបង្វែងក៏​ដោយ… ប្រសិន​ជា​ខ្ញុំ​សួរលោកសេហ្សារអំពីទ្រព្យសម្បត្តិ​របស់​គាត់នៅទីក្រុងហ្គូល ខ្ញុំ​ចាំបាច់​ត្រូវ​មាន​ឯកសារដ៏រឹងមាំដើម្បី​ធ្វើ​ការ​ប្រៀបធៀប ដូចជា​តួលេខដែល​ត្រូវ​បាន​​ផ្ទៀង​ផ្ទាត់ដោយ « ឪពុកចិញ្ចឹម​ » របស់​គាត់ ឈ្មោះ Pompée នៅប្រទេសអេស្ប៉ាញ។ បើមិនដូច្នោះទេ គាត់នឹងមិន​ឆ្លើយ​សំណួរដោយ​យក​ចិត្ត​ទុកដាក់​ទេ។

៧/ សួរសំណួរល្អៗ

សំណួរ​ល្អមួយ គឺជាសំណួរ​មួយច្បាស់លាស់ ងាយស្រួលយល់ អព្យាក្រឹត្យ និង​ត្រូវ​បានកែសម្រួល​ មិនមែន​គ្រាន់តែចង់​បាន​ចម្លើយ​ប៉ុណ្ណោះទេ។ ប៉ុន្តែ វា​ជា​សំណួរមាន​អត្ថន័យ​ពេញលេញ អនុញ្ញាត​ឲ្យ​អ្នក​សម្ភាសន៍​បន្ត​ដំណើរ​ការ​​ទៅមុខទៀត​ តាម​អ្វីដែលគេចង់​បាន​ពី​ដៃគូសន្ទនា។ វាអាចជា ​« សំណួរ​បន្ទាប់​បន្សំ »។ សួរ​​ « សំណួរ​បន្ទាប់​បន្សំ​ » បាន​ល្អ នៅពេលមួយ ទាម​ទារ​ឲ្យ​យើង​យល់​ច្បាស់​ពីប្រធាន​បទ។ អ្នក​សម្ភាសន៍​អាច​សម្រេច​ការងារ​នេះ​បាន ដោយ​ចាប់​ផ្តើមសួរ​សំណួរ​សាមញ្ញៗ និង​បញ្ចប់​ជាមួយ​សំណួរ​បន្ទាប់​បន្សំ​ដែល​មាន​ភាពស្មុគស្មាញបំផុត។ ខ្ញុំ​នឹងសួរ​សំណួរ​បន្ទាប់បន្សំដ៏ល្អមួយអំពីរឿង​នយោបាយ ទៅកាន់​លោកសេហ្សារ នៅពេល​គាត់​នឹងនិយាយ​ប្រាប់​ខ្ញុំ​អំពី​ការ​កើនឡើង​ទ្រព្យសម្បត្តិ ១០ដង ចាប់​តាំង​ពី​យុទ្ធនាការ​ដំបូង​របស់​គាត់ នៅក្រុងហ្គូល : « ជាមួយ​ទ្រព្យសម្បត្តិនេះ ​ទេសាភិបាល​ក្រុងរ៉ូមអាច​ស្រមៃ​ក្លាយ​ជា​អធិរាជ​។ តើលោក​គិត​ដូច្នោះដែរឬទេ ?… »

៨/ បដិសេធការ​រិះគន់​ខ្លួនឯង

ជួនកាល សំណួរល្អៗបង្ក​ឲ្យ​មាន​ការ​គេចវេស ឬការ​បដិសេធ​ឆ្លើយសំណួរ។ ប៉ុន្តែ អ្នក​សម្ភាសក៏​មិន​ត្រូវ​ចុះ​ចាញ់ដែរ។ មុខងារ​របស់​អ្នក​សម្ភាសន៍ គឺស្វែង​រក​ការពិត ពោល​គឺសួរសំណួរ​ឡើង​វិញ យ៉ាង​ស្លូតបូត និង​សមរម្យ ប៉ុន្តែ ច្បាស់លាស់។ ប្រសិន​ជា​លោក​អ្នក​នៅតែ​ទទួលបាន​លទ្ធផលអ​វិជ្ជមាន លោក​អ្នក​អាច​ប្រាប់​ដល់​ទស្សនិក​ជន​អំពីការ​បដិសធរបស់​អ្នក​ត្រូវ​សម្ភាសន៍។ ខ្ញុំ​មិន​រំពឹង​ថា​​លោកសេហ្សារនឹងឆ្លើយតបទៅនឹង​សំណួរ​​របស់​ខ្ញុំឡើយ។ ប្រសិន​ជា​គាត់​បង្ហាញ​មហិច្ឆតាចង់​ក្លាយ​​អធិរាជ សមាជិក​ព្រឹទ្ធសភាសាធារណៈរដ្ឋ​នៃទីក្រុងរ៉ូមនឹង​បដិសេធគាត់​ភ្លាមៗ។ ប៉ុន្តែ ប្រសិន​ជា​គាត់​មិន​ព្រម​ឆ្លើយ​សំណួរ​របស់​ខ្ញុំ ខ្ញុំ​នឹង​លើកឡើង​ពីបញ្ហា​នេះនៅក្នុង​ព័ត៌មាន​របស់​ខ្ញុំ។

៩/ សរសេរ ដោយមិន​កែប្រែ

ការ​ថតសំឡេងបទសម្ភាសន៍​​ជួយ​ឲ្យ​អ្នកសម្ភាសន៍មិន​ចាំ​បាច់​កត់ត្រាជា​ប្រចាំ និងធានា​ចំពោះ​អ្នក​ត្រូវ​បាន​សម្ភាសន៍ថារាល់​ពាក្យ​សំដី​របស់​គាត់​គ្រប់​ម៉ាត់នឹង​មិន​ត្រូវ​បាន​កែសម្រួល។ ប៉ុន្តែ យើង​ប្រើ​ប្រាស់​ឧបករណ៍​ថត​សំឡេង ដោយ​មាន​ការឯកភាព​ពី​អ្នក​ត្រូវ​សម្ភាសន៍ និង​យល់​ព្រម​​ផ្អាក​សកម្មភាព​នេះ​ ប្រសិន​ជា​អ្នក​ត្រូវ​សម្ភាសន៍​ចង់​បញ្ចប់។ យើង​អាច​បញ្ចប់​ការ​ថត​សំឡេង​ដោយ​ខ្លួនឯង ​ដោយ​សុភាពរាបសារ ខណៈពេល​មាន​ការ​រំខានផ្សេងៗ ដូចជាសំឡេងទូរស័ព្ទ រោទិ៍។ ការ​ថតសំឡេង​មិនមែនមាន​ន័យ​ថា​មិន​ត្រូវ​កត់​ត្រា ពេល​ធ្វើ​បទសម្ភាសន៍​នោះទេ ជាពិសេស រាល់​អ្វីៗដែល​មិន​បង្ហាញ​នៅ​ក្នុង​ខ្សែ​អាត់សំឡេង​ដូចជា ស្នាមញញឹម ទឹកមុខ ភាពស្ទាក់ស្ទើរ និងកាយវិការ… យើងត្រូវ​ពិភាក្សាថាតើ​ត្រូវ​លុប​ចោល​រាល់​ការ​និយាយ​ក្រៅផ្លូវការ នៅចុង​បញ្ចប់​បទសម្ភាសន៍​ដែរឬទេ។

១០/ សន្និដ្ឋាន ដោយមិន​ស្រពិចស្រពិល

នេះគឺជា​ចុងបញ្ចប់​នៃ​កិច្ច​សម្ភាសន៍។ បើ​ទោះ​បីជា​គោលការណ៍​​ការ​ប្រកួត​ត្រូវ​គេ​​បញ្ឈប់​ដោយ​ប្រាប់​ឲ្យ​ដឹង​ជាមុនក៏ដោយ ដើម្បី​ជៀសវាង​ការ​យល់​ខុស អ្នក​សម្ភាសន៍​ត្រូវ​ប្រាប់​អ្នក​ត្រូវ​សម្ភាសន៍​ឲ្យ​ដឹង​អំពី​គោល​បំណង​នៃការយក​​ព័ត៌មាន : ការ​ផ្សាយ​សំដីដើមទាំង​ស្រុង ក្រោម​រូបភាព​ជា​ សំណួរ-ចម្លើយ ការ​ផ្សាយ​មួយ​ផ្នែក ក្រោម​រូបភាព​ជា​អត្ថបទ​ដកស្រង់ ដោយមាន​ការឯកភាពរួម ការ​ផ្សាយក្រោយ​ការ​ពិនិត្យ​មើលឡើង​វិញ ។ល។ ដូចនេះ អ្នក​សម្ភាសន៍ត្រូវ​ឯកភាព​ជាមួយ​អ្នក​ត្រូវ​សម្ភាសន៍។ ជាទូទៅ កិច្ចសន្យា​រវាង​ខ្ញុំ និងលោកសេហ្សារមាន​ភាព​ច្បាស់លាស់។ គាត់​តែងតែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថតរាល់​ពាក្យ​សំដី​របស់​គាត់ និង​ចេញផ្សាយតាម​ចិត្ត… តែគាត់​រក្សាសិទ្ធិ​បដិសេធរាល់​ពាក្យ​សំដី​ទាំង​នោះ។ នេះជា កិច្ច​ព្រម​ព្រៀង​សមស្រប​ សម្រាប់​ខ្ញុំ…