Menu

១៦- អ្នកយកព័ត៌មានទូទៅ និងអ្នកជំនាញការ

អ្នក​យក​ព័ត៌មានគឺជាអ្នកយកព័ត៌មាន​ទូទៅ។ ជាធម្មតា ព័ត៌មាន​បច្ចុប្បន្ន​ភាព​តម្រូវ​ឲ្យ​អ្នក​យក​ព័ត៌មាន​ប្រឡូក​គ្រប់​សាច់​រឿង​។ គេ​ប្រឈម​នឹង​ការ​និយាយខុស ពីប្រធាន​បទ​មួយ ទៅប្រធាន​បទ​មួយទៀត។  ម្យ៉ាង​វិញ​ទៀត គេក៏​រង​ការ​ស្ដីបន្ទោសជាញឹកញយ ចំពោះ​ការ​និយាយ​រឿងគ្មាន​ប្រយោជន៍។ ប៉ុន្តែ គេ​មិន​បាន​ចាត់​ទុកអ្នកយកព័ត៌មាន​ទូទៅជា​មនុស្ស​អវិជ្ជា និងឥត​បាន​ការ​ឡើយ។ អ្នក​ជំនាញដ៏អស្ចារ្យ​បំផុត​គឺគ្រាន់​តែ​ជាអ្នក​យក​ព័ត៌មានទូទៅ​ដែល​មាន​មនសិការខ្ពស់។

បណ្ដុះបណ្តាល​ពហុជំនាញ

តាមនិយមន័យ សារព័ត៌មាន​គឺពហុជំនាញ។ អ្នក​យក​ព័ត៌មាន​មិន​មែន​ជ្រើសរើស​ប្រធាន​បទ​របស់ខ្លួននោះ​ទេ ប៉ុន្តែ បច្ចុប្បន្នភាព​ជា​អ្នកកំណត់។ ដូចនេះ អ្នក​យក​ព័ត៌មាន​ត្រូវ​មានចំណង់​​ចំណូល​ចិត្ត​បំពេញ​​​ការងារ​គ្រប់​ភារកិច្ច។ គេ​ត្រូវ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន គ្រប់​ទីកន្លែង មិន​ថា​កន្លែងតូច ឬ កន្លែង​ធំទូលាយ​។ នៅ​ក្នុង​វិស័យ​សារព័ត៌មាន ក៏ដូចជា​វិស័យ​សុខាភិបាល អ្នក​យក​ព័ត៌មាន​ទូទៅ​​សរសេរ​ប្រធាន​បទតូចៗ ដោយ​យក​ចិត្ត​ទុកដាក់ ជាង​ប្រធាន​បទ​សំខាន់ៗ។ មិន​ថា​លោក​អ្នក​ជា​អ្នករាយ​ការណ៍​​​ព័ត៌មានប្រចាំមូលដ្ឋាន​ ឬមួយ​ជា​អ្នក​យក​ព័ត៌មាន​ល្បីល្បាញ​ក៏ដោយ វិស័យ​សារព័ត៌មាន​ទាម​ទារ​ឲ្យ​មាន​ភាពរម្យទម និងភាពទំនេរគ្រប់ពេល។

វាជាបញ្ហានៃការ​គិត

* សរសេរ​ហេតុការណ៍​សាមញ្ញ​បំផុត ឲ្យ​ដូចជា​ហេតុ​ការ​ណ៍​មួយ​ដ៏អស្ចារ្យ ដោយយក​ចិត្ត​ទុកដាក់ ដូចគ្នា។

* សរសេរព័ត៌មាន​ធម្មតា ឲ្យ​ដូចជា​ព័ត៌មាន​សំខាន់មួយ ជាមួយការ​បញ្ជាក់​ដូច​គ្នា។

* រៀបចំ​ការ​សម្ភាសន៍​តាម​ដងផ្លូវ ដូចនឹង​បទសម្ភាសន៍សំខាន់​មួយ : ជាមួយ «សៀវភៅណែនាំ​បទសម្ភាសន៍»។

* ពិភាក្សាបទ​យក​ការណ៍​ណាមួយ ឲ្យដូចជា​ប្រវត្តិសាស្រ្តដ៏ល្អមួយ។

   * ចាត់​ទុក​មនុស្ស​ដែល​យើង​បាន​ជួប គឺជា​មនុស្ស​សំខាន់

     * ចាត់​ទុក​ព័ត៌មាន​តូចតាចជា​បទយក​ការណ៍​តែមួយ​គត់។

* រាល់​ពេល​មានរឿង​អ្វីកើត​ឡើង ត្រូវ​សួរ​ខ្លួនឯង​ថា​មាន​អ្វី​ដែល​អាច​ស៊ើប​អង្កេត​បាន​ទេ ?

* រៀបចំ​លំដាប់​លំដោយ​ព័ត៌មានឲ្យ​បាន​ហ្មត់ចត់ ទាំង​ព័ត៌មាន​តាម​មូលដ្ឋាន និង​ព័ត៌មាន​​ថ្នាក់​ជាតិ។ ហេតុការណ៍ដែល​កើត​មាន​ឡើង​នៅ​កន្លែង​របស់​ខ្ញុំ សំខាន់​ជាង​អ្វី​ដែល​កើត​មាន​ឡើង​នៅក្នុង​សង្កាត់។ ហេតុការណ៍ដែល​កើត​ឡើង​នៅ​ក្នុង​សង្កាត់ សំខាន់​ជាង​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ខណ្ឌ។ ហេតុការណ៍ដែលកើត​ឡើង​នៅក្នុង​ខណ្ឌ សំខាន់​ជាង​អ្វីដែល​កើត​ឡើង​នៅ​ក្នុង​ទីក្រុង។ ហេតុការណ៍ដែលកើត​ឡើង​នៅក្នុង​ទីក្រុង សំខាន់​ជាង​អ្វីដែល​កើត​ឡើង​នៅក្នុង​ខេត្ត។ ហេតុការណ៍ដែលកើត​ឡើង​នៅក្នុង​ខេត្ត សំខាន់ជាង​អ្វីដែលកើត​ឡើង​នៅក្នុង​តំបន់ ។ល។

វាជាការ​ឆ្លើយតបទៅនឹង​ការ​ដាក់​លក្ខខណ្ឌ

* មិន​មាន​ព័ត៌មាន​បច្ចុប្បន្នភាព? ខ្ញុំប្រតិកម្ម! ខ្ញុំ​សរសេរពង្រីក​ព័ត៌មាន​ តាម​រយៈការ​​សាក​សួរ​អ្នក​អាន ព្រោះ​ថា​សារ និង​គំនិត​របស់​ពួកគេ​គឺជា​កំណប់ទ្រព្យ នៅពេលខ្ញុំ​​ខ្វះ​ប្រធាន​បទ។ ខ្ញុំ​គ្រាន់​តែ​​​ចាប់​ផ្តើម​សរសេរទុក​ជាមុន​​អំពី​បច្ចុប្បន្នភាព ដើម្បី​ចងក្រង​ជា​ឯកសារមួយ ដោយ​មាន​ការ​ចូលរួម​ចំណែក​ពី​មិត្ត​អ្នកអាន​មួយ​ចំនួន ដែល​ចាប់​អារម្មណ៍​លើ​ប្រធាន​បទនោះ។

* ​ព័ត៌មាន​បច្ចុប្បន្នភាពធ្វើ​ឲ្យ​ងងុយគេង? ខ្ញុំជាបង្កើតគំនិតថ្មី! ខ្ញុំ​ស្វែងរក​មុំព័ត៌មាន​ថ្មីៗ ដើម្បី​សរសេរ​ប្រធាន​បទ​ដដែល។ ខ្ញុំ​គ្រាន់តែ​រង់ចាំឱកាស​ចាប់យក​អ្វីដែលមិន​ធ្លាប់​កើត​មាន និង​ជ្រើស​រើសអ្វីមួយ​ប្លែក ដើម្បី​សរសេរ​ប្រធាន​ធម្មតាមួយ។

* ​ព័ត៌មាន​បច្ចុប្បន្នភាពគួរឲ្យ​ធុញទ្រាន់? ខ្ញុំជាមនុស្ស​មាន​ថាមពលខ្លាំង ! ខ្ញុំប្រមូល​សក្ខីកម្ម​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដើម្បី​សរសេរ​ប្រធាន​បទ​ដដែល។ ខ្ញុំ​គ្រាន់តែ​បំពេញ​បន្ថែមនូវអាសយដ្ឋាន និង​លេខ​ទំនាក់​ទំនង​របស់​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​មាន​សក្តានុពល ដើម្បី​អាច​សរសេរ​ប្រធាន​មួយ បាន​យ៉ាង​ឆាប់​រហ័ស និង​ហ្មត់ចត់។

* ​ព័ត៌មាន​បច្ចុប្បន្នភាពមិនបង្ហាញពីគំនិតរបស់ខ្ញុំ? ខ្ញុំប្រើស្ទីលរបស់ខ្ញុំ! ខ្ញុំសរសរ​ព័ត៌មាន​ខ្លីមួយ​យ៉ាង​ល្អ ដែល​កើត​ចេញពី​ឃ្លាតែមួយរបស់ទីភ្នាក់​ងារ​សារព័ត៌មាន​មួយមិន​សូវល្បី។ ​ឧទាហរណ៍៖ «តុលាការ​​ទីក្រុង​រ៉ូមបានចាត់ទុក​ការ​បណ្តេញទាហានកងអាសារមូលដ្ឋានមួយរូប​ ​ ដែល​បម្រើ​ការងារ​នៅ​បញ្ជាការនាយ​​​ទាហាន ជាការ​រំលោភបំពានច្បាប់ ដោយ​គ្រាន់តែគាត់​​បាន​បោះសាច់ជ្រូកព្រៃ៣ដុំ ដែល​មេបញ្ជាការ​កងយោធា​បាន​បន្សល់​ទុក​នៅមាត់​ចានបាយ ​ឲ្យ​ឆ្កែពូជហ្គូលរបស់គាត់… »។ តាមគំរូនេះ ខ្ញុំ​អាច​បង្កើត​បញ្ជីមាតិកា​ប្រចាំ​ថ្ងៃថ្មីមួយ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ព័ត៌មាន​ខ្លីៗ « ដែល​គួរឲ្យរីក​រាយ​ »…    

ស្រាវជ្រាវរក​ភាព​ល្អឥតខ្ចោះ

យើង​ទទួល​បាន​ជំនាញឯកទេស ដោយផ្អែកលើ​បទពិសោធន៍​ការងារ​សារព័ត៌មាន។ យើង​មិន​អាច​សរសេរ​ប្រធាន​បទ​មួយ​ចំនួន​បាន​ទាំង​ស្រុងនោះ​ទេ ប្រសិន​ជា​យើង​មិន​មាន​ចំណេះដឹងជ្រៅជម្រៅ។ យើង​មិន​អាច​ពន្យល់​កិច្ច​ស៊ើប​អង្កេត​មួយរបស់​នគរបាល​បាន​ច្បាស់លាស់ ប្រសិន​​ជា​យើង​មិន​យល់​អំពី​នីតិវិធី​តុលាការ។ យើង​ក៏​មិន​អាច​វិភាគ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សហគ្រាស​មួយ​បាន​ត្រឹម​ត្រូវ ប្រសិន​ជា​យើង​មិន​យល់​អំពី​ភាព​ខុសគ្នា​រវាងការ​ចំណេញ និងការ​ចំណាយ។ យើង​មិន​អាច​រិះគន់ស្នាដៃ​សិល្បៈ​មួយ​​ដោយ​ត្រឹម​ត្រូវ ប្រសិន​ជា​យើង​មិន​មានឯកសារ​យោងទាក់​ទងនឹង​សិល្បៈ។

ការវិនិយោគផ្ទាល់​ខ្លួន

សារព័ត៌មាន​ល្អៗ គឺជា​សារព័ត៌មាន​ដែល​អ្នក​យកព័ត៌មាន​របស់​ពួក​គេ​មាន​សិទ្ធិ​សរសេរ​ប្រធាន​បទ​គ្រប់​យ៉ាង​ ដោយ​សេរី ដូចជា​ប្រធាន​បទកាន់តែ​​ស្មុគស្មាញ (ការអប់រំ យុត្តិធម៌ នគរបាល វិទ្យាសាស្រ្ត សុខភាព វប្បធម៌ សាសនា យោធា ជាដើម) និង​ប្រធាន​បទធម្មតា (នយោបាយផ្ទៃក្នុង នយោបាយ​ការបរទេស សេដ្ឋកិច្ច សង្គម កីឡា ជាដើម)។

អ្នកយក​ព័ត៌មាន​ទូទៅ​ម្នាក់ៗ​អាច​នឹង​ក្លាយជា​អ្នក​ជំនាញ​អាជីពខាង​បញ្ជីមាតិកាព័ត៌មាន លុះត្រាតែ​គេ​មាន​ចំណង់​ចំណូលចិត្ត និង​បំពេញ​ការងារ​បន្ថែម។ គេ​មិន​ចាំបាច់​ត្រូវត្រឡប់ចូល​សាលារៀន​ម្ដងទៀតទេ។ គេគ្រាន់​តែ​ធ្វើ​ការ​ស្វ័យសិក្សា​ដោយ​ខ្លួនឯង។

*កំណត់​គោល​ដៅក្លាយ​ជា​អ្នក​យក​ព័ត៌មាន​អាជីព​ល្អបំផុត នៅក្នុងមាតិកាព័ត៌មាន ដែល​គេ​បាន​ជ្រើស​រើស ឬដែល​ស្ថាប័ន​ការងារ​បាន​កំណត់​ឲ្យ។

*ដាក់កំហិត​ខ្លួនឯងឲ្យ​ខិតខំរៀនសូត្រ ដោយ​សុំដំបូន្មាន​ពី​សិស្សច្បងរួម​អាជីព​មួយ​ចំនួន។

* អាន​រាល់​អ្វីដែលគេ​និយាយ និង​សរសេរ អំពីប្រធាន​បទព័ត៌មាន ជាពិសេស រាល់​ព័ត៌មាន​ដែល​សារព័ត៌មាន​ផ្សេងទៀត​បាន​ចេញផ្សាយ។

*ស្វ័យសិក្សា ដូចជាកាលនៅសាលារៀន ដោយ​រៀបចំ​រាល់​ឧបករណ៍​ចាំបាច់​សម្រាប់​សរសេរ​ប្រធាន​បទ​ព័ត៌មាន ដូចជា អត្ថបទច្បាប់ វិធាន​ផ្លូវការ ក្រមវិជ្ជាជីវៈ ជាដើម។

*បង្កើតបណ្តាញ​ប្រភព​ព័ត៌មាន​មួយផ្ទាល់​ខ្លួននៅក្នុង​មជ្ឈដ្ឋាន​ការងារពាក់ព័ន្ធ ដើម្បី​ឲ្យគេទទួល​​ស្គាល់​ចំណេះ​​ដឹង​របស់​យើង ក្នុង​ករណីមាន​ការមន្ទិល​សង្ស័យ។

*បើទោះបីជា​ខាតបង់​ពេលវេលា​បន្ដិចបន្តួចក្ដី យើងត្រូវ​មាន​វត្តមាន​ជានិច្ច តាម​ដែល​អាចធ្វើ​ទៅបាន នៅ​តាម​ទីតាំង​មួយ​ចំនួន (សន្និបាត អង្គប្រជុំសភា កិច្ចប្រជុំ…) ដែល​ជា​កន្លែង​ពិភាក្សាគ្នា​របស់​អ្នក​ជំនាញ​អាជីព។

*សរសេរ​អត្ថបទ ដោយ​ជៀសវាង​ប្រើប្រាស់​ភាសា​អ្នក​ជំនាញ ដើម្បី​ឲ្យសាធារណៈទូទៅ​យល់​ច្បាស់​អំពីខ្លឹមសារ។ យើង​ក៏ត្រូវ​ជៀសវាង​ផងដែរ​នូវ​ការប៉ាន់ស្មានផ្សេងៗ​ដើម្បីឲ្យ​អ្នកឯកទេសទាំងនោះ​កោត​សរសើរ។

ក្រុម​ការងារ​និពន្ធព័ត៌មាន​ដែលមាន​សមត្ថភាព​ខ្ពស់បំផុត គឺជា​ក្រុម​ការងារ​ដែលចេះ​​បង្កើតនិង​រៀបចំ​ការ​​សហការ​ រវាង​អ្នកឯកទេសពហុជំនាញ និង​អ្នក​​ជំនាញតាមមាតិកាព័ត៌មាន​នីមួយៗ។