Menu

១៨-តម្លៃបន្ថែម

ជានិច្ចកាល ខ្លឹមសារនៃ​ការសរសេរព័ត៌មានសុទ្ធតែអាចកែលម្អបាន។ មាន​រឿងមួយ​ចំនួន​ត្រូវធ្វើ ដើម្បីធ្វើ​ឲ្យ​អត្ថបទ​មួយ​កាន់​តែច្បាស់ កាន់តែលម្អិត កាន់តែពេញលេញ និង​កាន់តែចាប់អារម្មណ៍។ អ្នក​យក​ព័ត៌មាន​តែង​តែយក​ចិត្ត​ទុកដាក់​អំពី​តម្លៃ​បន្ថែម​លើ​​ការ​សរសេរ​អត្ថបទ​របស់​ខ្លួន ព្រោះ​ថា​បើទោះបីជា​វិនាទីចុង​ក្រោយ​ក្ដី ក៏គេ​នៅតែអាច​បន្ថែម​ព័ត៌មាន​បាន​ដែរ។

ការកែសម្រួលនៅវិនាទីចុងក្រោយ

* នៅពេលយើង​និយាយពីគោត្តនាម​របស់​នរណាម្នាក់ យើងក៏ត្រូវបញ្ជាក់​អំពី​នាម​របស់​គេផង​ដែរ ជៀសវាង​ការ​ភាន់ច្រឡំឈ្មោះដូចគ្នា : « ហ៊្សុល សេហ្សារ… »។

* នៅពេល​យើង​និយាយ​អំពី​គោត្តនាម​របស់​តំណាងរាស្រ្តមួយរូប យើង​ក៏​ត្រូវ​បញ្ជាក់​អំពី អាណត្តិការងារ និង​គណបក្សនយោបាយ​របស់​គាត់ ព្រោះ​គាត់គឺជា​ឥស្សរជន​របស់​សាធារណៈ « Marcus Cicéron, សមាជិក​ព្រឹទ្ធសភា​ឆ្វេង​និយម ទីក្រុង Sicile… »

* នៅពេលយើង​និយាយអំពី​បុគ្គលអនាមិក​ម្នាក់ ជាលើកដំបូង យ៉ាង​ហោច​ណាស់ យើង​ត្រូវបញ្ជាក់​អាយុ និង​មុខរបររបស់​គាត់ : « Marcus Vitruve, អាយុ ៤០ឆ្នាំ វិស្វករយោធា »។

* នៅពេលយើងប្រើប្រាស់អក្សរកាត់ជាលើកដំបូង យើង​ត្រូវ​ពន្យល់​អត្ថន័យ​របស់​វា សម្រាប់​អ្នក​អានដែល​មិន​ស្គាល់ៈ « SPQR (Senatus Populus Que Romanus : តាំង​នាម​ឲ្យ​ព្រឹទ្ធសភា និង​ប្រជាជន​រ៉ូម៉ាំង »)

* នៅពេលសរសេរ​ប្រធាន​បទមួយ​ស្ដីពីបច្ចុប្បន្នភាព ដោយ​រម្លឹកអំពី​ព្រឹត្តិការណ៍​មុនៗ ឬព្រឹត្តិការណ៍​ដែល​ធ្លាប់​កើត​មាន​ឡើង យើង​ត្រូវប្រើជើងទំព័រ ដើម្បី​រម្លឹក​ការ​​ចងចាំ​របស់​អ្នកអាន ពីមុន និងពន្យល់អ្នកអាន​ថ្មីៗ : (1) «ហ៊្សុល សេហ្សារ នាយ​ឧត្តមសេនីយ និងជា​ប្រមុខរដ្ឋ កើតនៅទីក្រុងរ៉ូម ឆ្នាំ ១០១ មុន គ.ស. ត្រូវបាន​គេ​ធ្វើឃាតនៅទីក្រុងរ៉ូម ឆ្នាំ ៤៤ »។

រូបមន្តសំណួរ ៤ « C »

«តើខ្ញុំអាចធ្វើអ្វីបានលើសពីនេះ ឬប្រសើរជាងនេះ? » «តើយើងអាច​ធ្វើអ្វី​បាន​លើស​ពីនេះ និង​ប្រសើរ​ជាង​នេះ?» «តើអ្នកអាច​ធ្វើអ្វី​បាន​លើស​ពីនេះ ឬ​ប្រសើរ​ជាង​​នេះ?» មិនថា​ជា​យើង​សួរសំណួរនេះដល់​ខ្លួនឯង ឬក៏យើង​សួរសំណួរ​នេះ កំឡុង​ពេល​ប្រជុំមួយ ឬក៏យើង​លើកឡើង​អំពី​សំណួរ​នេះ នៅក្នុង​កិច្ច​ប្រជុំ​​ផ្នែក​និពន្ធ​ព័ត៌មាន យើងត្រូវ​ដឹងអំពីរបៀប​បង្កើន​ព័ត៌មាន​ និង​លម្អិតឲ្យ​កាន់​តែស៊ីជម្រៅ​​ ផ្អែកលើ​លទ្ធភាព​បួនយ៉ាង គឺ ការសរសេរឆ្លុះបញ្ចាំង ពីខ្លួនឯង ការ​សរសេរ​បង្កើតរូបភាពទី២ ការសរសេរពីភាពផ្ទុយគ្នា និងការសរសេរពង្រឹងបន្តឹងបន្ថែម។

ការសរសេរឆ្លុះបញ្ចាំងពីខ្លួនឯង . តម្លៃបន្ថែមនៃទម្រង់​នេះ​ គឺតម្រូវឲ្យមាន​ការឆ្លុះកញ្ចក់បញ្ចាំងរូបខ្លួនឯង។ យើងបញ្ចប់ប្រធាន​បទ​សំខាន់​ តាម​រយៈការ​សរសេរ​ប្រធាន​ដដែល​ នៅត្រង់មុំមួយផ្ទុយគ្នា ទាំងស្រុង។ ខ្ញុំ​​បានសម្រេចចិត្តសរសេរ​ប្រធាន​សំខាន់អំពី​អធិរាជយោធា ហ៊្សុល សេហ្សារ។ ដោយ​ប្រើប្រាស់​​ទម្រង់​នៃការ​ឆ្លុះបញ្ចាំងពីខ្លួនឯង ខ្ញុំក៏នឹង​សរសេរ​អំពី​ទាសភាពរបស់​​ទាហានថ្មើរជើងរ៉ូម៉ាំង ក្រោមវិន័យដ៏មិន​គួរឲ្យ​ជឿមួយរបស់ «មនុស្ស​ឃោរឃៅមួយរូប »…

ការ​សរសេរ​បង្កើតរូបភាពទី២. តម្លៃតម្លៃនៃទម្រង់នេះតម្រូវ​ឲ្យ​បង្កើត​លទ្ធផលមួយនៃប្លង់ទីពីរ ពោលគឺ យើង​ត្រូវភ្ជាប់ប្រធាន​បទ​ថ្មីមួយទៀត ឬប្លែកពីប្រធាន​បទសំខាន់។ ខ្ញុំ​បាន​សម្រេចចិត្ត​សរសេរ​ប្រធាន​សំខាន់ អំពី​បញ្ហាដឹកនាំកងទ័ព​របស់សេហ្សារ។ ទន្ទឹមនឹង​ការងារនេះ ខ្ញុំ​ក៏នឹង​សរសេរ​ប្រវត្តិមួយ និងធ្វើ​បទសម្ភាសន៍​មួយ ជាមួយ​នាយទាហានអនាមិកម្នាក់​របស់​គាត់ ដែល​ទទួល​បន្ទុក​ការ​ភៀសខ្លួនទៅកាន់ទីក្រុងហ្គូល ដើម្បីប្រាប់ទីក្រុងរ៉ូមឲ្យ​ដឹង​អំពីជ័យជំនះរបស់​មេបញ្ជាការជាន់ខ្ពស់​របស់​ខ្លួន…

ភាពផ្ទុយគ្នាៈ តម្លៃបន្ថែម​នៃភាពផ្ទុយគ្នា តម្រូវឲ្យ​បង្កើតលទ្ធផលមួយផ្ទុយគ្នាៈ ការស៊ើបអង្កេត​មួយ ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​មួយ​ សក្ខីកម្ម​មួយប្រឆាំង​នឹង​សក្ខីកម្ម​មួយ​ទៀត ការ​វិនិច្ឆ័យ​មួយ​ប្រឆាំង​នឹង​ការ​វិនិច្ឆ័យ​មួយ​ទៀត ឧទារហណ៍មួយ​ប្រឆាំង​នឹង​ឧទាហរណ៍​មួយ​ទៀត ។ល។ និពន្ធនាយក​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាក់​ការ​ស៊ើប​អង្កេត​ដ៏ម៉ឺងម៉ាត់​របស់​ខ្ញុំ​ អំពី​អំពើទាសភាព​របស់​សេហ្សារ ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​មួយ​របស់​អ្នក​ឆ្លើយឆ្លងព័ត៌មាន​នៅទីក្រុង​រ៉ូម អំពីសកម្ម​ភាពមនុស្ស​ធម៌របស់សេហ្សារមកលើ​ប្រជាជន… ខ្ញុំ​មិន​មាន​ការ​ជំទាស់​ទេ។ អ្នក​អាន​នឹង​ជួបបញ្ហាពីរផ្ទុយគ្នា ទាក់​ទិន​នឹង​ការ​ប្រព្រឹត្តរបស់ «វីរៈបុរស » ម្ខាងជាស្រមោល និង​ម្ខាងទៀត​ជា​ពន្លឺ។ សាធារណៈជន​នឹង​ក្លាយ​ជា​ចៅក្រម​វិនិច្ឆ័យ…

ការពង្រឹង​បន្ថែមៈ តម្លៃបន្ថែមលើ​ការ​រឹតពង្រឹង​បន្ថែម តម្រូវឲ្យ​បង្កើតលទ្ធផល​រឹងមាំ​មួយ។ យើង​ពង្រឹងការ​សរសេរ​ប្រធាន​បទ​សំខាន់ ជាមួយ​ការ​បន្ថែម​ព័ត៌មាន​ជា​ច្រើន។ ខ្ញុំ​នឹង​ពង្រឹង​ការ​ស៊ើប​អង្កេត​របស់​ខ្ញុំ​អំពីហិរញ្ញប្បទាន​របស់សេហ្សារ ដោយ​បន្ថែម​ព័ត៌មាន​ចំនួន​៣ លើ​អត្ថបទ​គោល​របស់​ខ្ញុំ រួម​មាន ១-បទ​សម្ភាសន៍​ខ្លី​មួយ (សំណួរ-ចម្លើយ ចំនួន៣) ជាមួយ​អតីតធនាគារិករបស់ Crassus ដែលលែង​លាក់លៀមអាថ៌កំបាំង ចាប់​តាំង​ពី​គាត់​បាន​ផ្លាស់​ប្ដូរ​ធនាគារ ២-អត្ថបទ​បន្ថែម ស្ដីពីការ​ជួញដូរសប្តាហ៍ចុងក្រោយ នៅទីផ្សារទាសករ នៅ Lutèce​ ដែល​ជា​កន្លែងដែល​អ្នក​គ្រប់​គ្រង​ទ្រព្យសម្បត្តិរបស់​សេហ្សារ បានមកដល់ ដើម្បី​បំពេញធុរៈកិច្ចល្អៗ មួយចំនួន ៣-ក្រាហ្វិកស្ដីពីការវិវត្តន៍បែបប្រៀបធៀបប្រាក់ចំណូល​របស់​សេហ្សារ ឪពុកចិញ្ចឹមរបស់​គាត់ ឈ្មោះ Pompée និង អ្នកឧបត្ថម្ភ ឈ្មោះ Crassus។

ឱសថព្យាបាលភាពតប់ប្រមល់បណ្តាលមកពីព័ត៌មានបច្ចុប្បន្នភាព

ជានិច្ចកាល ព័ត៌មានបច្ចុប្បន្នភាព​បង្កើតឲ្យ​មាន​ភាព​តប់ប្រមល់។ កត្តានេះ អ្នក​យក​ព័ត៌មាន​​​មើលឃើញ​ជាមុន និង​ត្រៀម​ឱសថ​ព្យាបាល​ភាព​តប់​ប្រមល់នោះ។ «ឱសថ​»ដ៏មាន​ប្រសិទ្ធភាព​បំផុត ​គឺត្រូវ​បង្កើត​«ស្នាម​ញញឹម »នៅត្រង់​ទំព័រដែល​ពោរពេញ​ទៅ​ដោយទុក្ខសោកពេក។ ​«ស្នាម​ញញឹម » គឺជា ប្រភេទសារព័ត៌មាន​មួយ ដែល​មាន​ទម្រង់​ប្រែប្រួល ប៉ុន្តែអត្ថន័យតែងតែខុស​​ប្លែក​ពី​ប្រធាន​បទ​រួម។ វាអាច​ជាគំនូរ សំបុត្រ ប្រវត្តិ បទសម្ភាសន៍ខ្លី សក្ខីកម្ម… កត្តាចំបង​គឺធ្វើ​ឲ្យ​អ្នក​អាន​ស្រស់ស្រាយអារម្មណ៍ សប្បាយ និង​សើចញញឹម។ នេះជាប្រវត្តិ​របស់​អ្នក​លក់គ្រឿង​ទេស​តូចតាចម្នាក់ ដែល​សប្បាយ​រីករាយនឹង​ការ​រស់នៅ​ក្នុ​ងមជ្ឈដ្ឋាន​នៃការ​ស៊ើប​អង្កេត​មួយអំពីវិបត្តិ។ នេះជា​បទសម្ភាសន៍​អ្នក​សត្យានុម័តម្នាក់ ក្រោម​ការ​វិភាគមួយ អំពីគ្រោះ​ថ្នាក់។ នេះជា​គំនូរកំប្លែករបស់ Artefix ក្រោយកិច្ច​សម្ភាសន៍​របស់​ខ្ញុំ​ ជាមួយសេហ្សារ…

ក្លាហានប្រឆាំង​បទដ្ឋានគតិយុត្តិ

ជានិច្ចកាល តែងតែមាន​អ្នក​អាន​ថ្មីៗ ដែលយើងត្រូវទាក់ទាញ។ សារព័ត៌មាន​មួយ​ដែល​ស្គាល់ អ្នក​អានច្បាស់មាន​លទ្ធភាពកំណត់ចំណុច​ខ្សោយរបស់ពួកគេ។ នៅពេល​យើង​អាចកំណត់​អត្តសញ្ញាណ​របស់​ពួកគេ​បាន យើង​គ្រាន់តែ​រៀបចំចន្លោះថ្មីសម្រាប់​ការអាន ដើម្បីទាក់ទាញអ្នក​អាន។ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ខ្ញុំ​បាន​បង្កើន​ការ​លក់កាសែត ឈ្មោះ « Gazette de Rome » ដោយ​បាន​ចេញ​ផ្សាយ​រៀងរាល់​សប្តាហ៍នូវ «អត្ថបទកំណាព្យខ្លីមួយ» ចុះហត្ថលេខាដោយ Virgile នៅចំកណ្តាលទំព័រមាតិកានយោបាយ​ផ្ទៃក្នុង។ សារព័ត៌មាន​របស់​ខ្ញុំ​ក៏ទាក់​ទាញ​បាន​អ្នកទិញនៅទីក្រុងហ្គូល ចាប់តាំង​ពីខ្ញុំ​ចេញផ្សាយ​សំបុត្រ​របស់​ប្រិយមិត្តអ្នក​អាន​ សរសេរជាភាសា​ជនជាតិមូលដ្ឋាន…​