Menu

១-របៀបវារៈប្រចាំថ្ងៃ

អ្នកយកព័ត៌មានតែងតែងប់ងល់នឹងការចង់ដឹងចង់ឮ៖ តើមានអ្វីថ្មីកើតឡើង ? គាត់ស្រេកឃ្លាន « ព័ត៌មាន » ដើម្បីយកទៅ ចែករំលែកជាមួយមនុស្សគ្រប់រូប។ គាត់​ចង់​ដឹង​ពីរឿងរ៉ាវ​ដែលកើត​ឡើង​នៅ​​ជុំវិញ​គាត់ ដើម្បីរៀបរាប់ប្រាប់អ្នកដទៃ។ ប៉ុន្តែ អាជីព​របស់​គាត់​ដែល​ជាអ្នក​ពាំនាំនូវ​ការពិត​មក​បង្ហាញសាធារណជន តម្រូវឲ្យគាត់ថ្លឹងថ្លែងរវាង « ដំណឹង » ពិត និង ដំណឹងមិនពិត ដើម្បី​ធានា​នូវការផ្សាយព័ត៌មានដ៏ស្មោះត្រង់។ គាត់ធ្វើការវែកញែកនេះ ដោយ​បង្កើត​បញ្ជី​សារពើភណ្ឌ​នៃ « ដំណឹង » ពិត ឬអាចផ្ទៀងផ្ទាត់បាននៅក្នុងរបៀបវារៈប្រចាំថ្ងៃមួយ។

របៀបវារៈរៀបចំបានល្អ = កាសែតមានគុណភាព

គុណភាពនៃខ្លឹមសារកាសែតគឺសមាមាត្រទៅនឹងរបៀបវារៈដែលបង្កើតវាដែរ។ របៀបវារៈដ៏ហ្មត់ចត់កើតឡើងពីបីផ្នែកគឺ៖

កំណត់កាលវិភាគព្រឹត្តិការណ៍បន្ទាន់៖ បញ្ជីប្រចាំថ្ងៃនៃព្រឹត្តិការណ៍ដែលជូនដំណឹងដោយប្រភពច្បាស់លាស់។ កាលវិភាគនេះអនុញ្ញាត ឲ្យរៀបចំព័ត៌មានប្រចាំថ្ងៃ។ ឧទាហរណ៍៖ ខ្ញុំកំពុងរៀបចំអត្ថបទប្រហែលមួយជួរកន្លះ សម្រាប់ថ្ងៃស្អែក ដោយ សង្ខេបសុន្ទរកថារបស់លោកប្រធានាធិបតីដែលបានធ្វើនៅរសៀលនេះ។

កំណត់កាលវិភាគព្រឹត្តិការណ៍ដែលត្រូវបានប្រមើមើលទុកជាមុន៖ អ្វីដែលត្រូវរៀបចំសម្រាប់ប្រធានបទសម្រាប់ថ្ងៃខាងមុខ សម្រាប់អនាគតរយៈពេលខ្លី មធ្យម ឬ វែង។ កាលវិភាគនេះអនុញ្ញាតឲ្យប្រមើមើលព្រឹត្តិការណ៍ដែលនឹងកើតឡើងនាពេលអនាគត។ ឧទាហរណ៍៖ ខ្ញុំត្រូវធ្វើការណាត់ជួប ដើម្បីពិនិត្យមើលស្ថានភាពសង្គមមុនការប្រារព្ធខួបមួយឆ្នាំនៃកុបកម្ម។

កំណត់កាលវិភាគប្រធានបទដែលបានរើសរួច៖ ប្រធានបទផ្ទាល់ខ្លួនគឺបង្កើតតម្លៃបន្ថែមខ្ពស់។ កាលវិភាគនេះអនុញ្ញាតឲ្យបញ្ចូលប្រធានបទដែលត្រូវបានបង្កើតឡើងជាការបំពេញបន្ថែម ឬការប្រឆាំងនឹងព្រឹត្តិការណ៍បន្ទាន់ ឬព្រឹត្តិការណ៍ព្យាករណ៍ទុក។ ឧទាហរណ៍៖ ព័ត៌មានថ្មីៗនេះ សុទ្ធតែតានតឹង ខ្ញុំនឹងសម្ភាសអ្នកលក់គ្រឿងទេសនៅកាច់ជ្រុងផ្លូវ។ គាត់ពូកែនិយាយកំប្លែងណាស់…។

ពេលធ្វើការជាក្រុម រៀបចំរបៀបវារៈរួមប្រសើរជាងរបៀបវារៈផ្ទាល់ខ្លួន។

បើកបង្អួចព័ត៌មានចំនួន ៥ ជារៀងរាល់ថ្ងៃ

សកម្មភាពដំបូងបង្អស់ប្រចាំថ្ងៃរបស់អ្នកស្វែងរក « ដំណឹង » គឺត្រូវបើកបង្អួចដើម្បីយល់ដឹងពីពិភព ព័ត៌មាន។

មានបង្អួចព័ត៌មានចំនួន ៥ គឺ វិទ្យុ ទូរទស្សន៍ អ៊ីនធឺណេត សារព័ត៌មានបោះពុម្ព និងហាងកាហ្វេនៅតាមផ្លូវ។

ខ្ញុំតាមដានព័ត៌មានដោយស្តាប់វិទ្យុ មើលទូរទស្សន៍ មើលអ៊ីនធឺណេត អានដំណឹងថ្មីៗតាម កាសែត ស្តាប់គេឯងនិយាយគ្នានៅហាងកាហ្វេ ឬហាងលក់គ្រឿងទេសតាមផ្លូវ។ ដូច្នេះ ខ្ញុំត្រូវ ក្រោកពីព្រឹក។

វិន័យប្រចាំថ្ងៃនេះអាចឲ្យ៖
ធ្វើបច្ចុប្បន្នភាពរបៀបវារៈរបស់ខ្លួន ដោយបញ្ចូលការព្យាករព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ទៀត។
វាយតម្លៃការងាររបស់ខ្លួន ដោយប្រៀបធៀបជាមួយមិត្តរួមការងារ។ វិធីនេះជួយឲ្យរីក ចម្រើនផ្នែកស្មារតីស្វ័យទិតៀនដែលអាចជៀសផុតពីការធ្លាក់ក្នុងអំនួតខ្លួនឯង។

ស្រាវជ្រាវឯកសារ = រឹតតែមានតម្លៃ

សកម្មភាពទីពីរប្រចាំថ្ងៃរបស់អ្នកយកព័ត៌មានគឺ យកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការងារអាជីពរបស់ ខ្លួន តាមរយៈការប្រមូលទុកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ប្រៀបធៀបស្នាដៃរបស់ខ្ញុំជាមួយអ្នកដទៃ ជួយបង្កើនចំណេះដឹងរបស់ខ្ញុំទាក់ទិននឹងប្រធានបទដែលខ្ញុំត្រូវធ្វើក្រោមការទទួលខុសត្រូវរបស់ខ្ញុំ។ រឹតតែប្រឹងប្រែងស្រាវជ្រាវរកព័ត៌មានបន្ថែម ការសរសេរអត្ថបទរឹតតែបានល្អប្រសើរឡើង។

ជារៀងរាល់ថ្ងៃ ត្រឹមតែកន្ត្រៃមួយគូគឺគ្រប់គ្រាន់ហើយសម្រាប់កាត់ និងប្រមូលសម្រង់អត្ថបទ កាសែតផ្សេងៗទុកជាឯកសារ។ ចំពោះការរៀបចំវិញ ត្រូវទុកដាក់តាមលំដាប់លំដោយនៃ ព្រឹត្តិការណ៍ ឬប្រធានបទ។ វិធីនេះជួយពង្រឹងបណ្ណាល័យផ្ទាល់ខ្លួនដល់អ្នកកាសែតដែលចង់ បង្កើនតម្លៃសម្រាប់ការងារសរសេររបស់ខ្លួន។

អន្ទាក់គួរចៀសវាង

កាលវិភាគការងារមិនមែនជាសៀវភៅគម្ពីរទេ។ វាមិនបានគ្របដណ្តប់លើការពិតទាំងអស់ នោះទេ។ ដូច្នេះ អ្នកកាសែតហាក់ដូចជាចងខ្លួនឯង ប្រសិនបើគាត់ធ្វើតាមច្បាប់នៃការរៀបចំរបៀបវារៈដែលធ្វើឡើង ដោយអ្នកជំនាញផ្នែកទំនាក់ទំនងមែននោះ។

សំណួរដែលត្រូវសួរ

បន្ទាប់ពីគិតពីវិធីផ្សេងៗដើម្បីបំលែងកាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំ ទៅជាប្រធានបទដែលត្រូវ សរសេរ ខ្ញុំត្រូវចោទសួរសំណួរចុងក្រោយមកកាន់ខ្លួនឯងថា តើខ្ញុំអាចបន្ថែម ឬកែលម្អអ្វីខ្លះ ដើម្បីធ្វើឱ្យខ្លឹមសារ កាសែតរបស់ខ្ញុំច្បាស់ជាងនៅក្នុងកាសែតរបស់អ្នកដទៃ ?