Menu

២០-ចំណងជើង

ខ្ញុំសរសេរអត្ថបទឲ្យគេមើល។ ប្រសិន​ជាខ្ញុំ​ចង់​ឲ្យ​អ្នកអាន​ព័ត៌មាន​របស់​ខ្ញុំយល់អំពីខ្ញុំ ខ្ញុំ​ត្រូវ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួកគេ លើអត្ថបទ​របស់​ខ្ញុំ។ ខ្ញុំនឹងសម្រេចជោគជ័យបាន ប្រសិន​ជា​អត្ថបទ​របស់​ខ្ញុំ​មាន​ចំណងជើងល្អមួយ។ តើចំណងជើង ល្អគឺជាអ្វី? វាគឺជាការ​អញ្ជើញ។ វាត្រូវតែទាក់ទាញ​ចំណាប់​អារម្មណ៍ ដោយមិន​បំភ្លើស មិន​បោកប្រាស់ និងមិនកុហក។ ការិយាល័យ​និពន្ធព័ត៌មាន​ទទួល​ភារកិច្ចបញ្ចប់ការងារ​សរសេរព័ត៌មាន។ ដូចនេះវាទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

យើងគួរតែ​ធ្វើ​វាដោយខ្លួនឯងប្រសើរជាង :ខ្ញុំមាន​គំនិតសរសេរចំណងជើងដោយ​ខ្លួនឯង

ខ្ញុំជាអ្នក​យក​ព័ត៌មាន។ ដូចនេះ ខ្ញុំ​មាន​សិទ្ធិអំណាច : មិនត្រូវប៉ះពាល់​អត្ថបទ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ចូលចិត្ត​ឲ្យ​​គេ​មកអន្តរាគមន៍លើ​អត្ថបទ​របស់​ខ្ញុំ ទាំង​ខុសទំនងឡើយ។ ខ្ញុំចង់​បាន​សិទ្ធិទាំង​ស្រុង​លើ​ការ​សរសេរ​​ព័ត៌មាន​របស់ខ្ញុំ ហើយខ្ញុំ​ទទួលខុសត្រូវលើការ​ទាម​ទារនេះ។ ខ្ញុំព្យាយាម​អស់​ពីសមត្ថភាព​កុំឲ្យ​អត្ថបទ​របស់ខ្ញុំ​ត្រូវផ្លាស់ប្ដូរទម្រង់ ឬអត្ថន័យ នៅពេលគេពិនិត្យអាន​ឡើងវិញ។ វាមានតម្លៃ ទាំងសម្រាប់ « បណ្តុំនៃចំណងជើង » និង អត្ថបទថតចម្លង : ពេលខ្ញុំដាក់អត្ថបទមួយឲ្យគេអានឡើងវិញ ខ្ញុំត្រៀមលក្ខណៈជានិច្ច ពោលគឺ អត្ថបទនោះត្រូវមានចំណងជើងមួយ។ ក្នុងករណីចំាំបាច់ វាត្រូវមានចំណងជើងលើ និងចំណងជើងរង ហើយនឹងចំណងជើងតូចមួយ ឬច្រើន។ វិធីនេះធ្វើឲ្យខ្ញុំកាន់តែប្រាកដចិត្ត និងជួយសម្រួលការងារពិនិត្យអានឡើងវិញ និងការងារការិយាល័យនិពន្ធព័ត៌មាន។

ខ្ញុំសរសេរចំណងជើង​ព័ត៌មាន​ ក្រោមទម្រង់​គ្រប់​បែបយ៉ាង

អត្ថបទនីមួយៗត្រូវមាន​ប្រភេទចំណងជើង​មួយ។ ប៉ុន្តែ ប្រភេទចំណងជើង​​នីមួយៗមាន​លក្ខណៈ​ពិសេស​របស់វា។ ចំណងជើង​ខ្លះមានកំរិតធ្ងន់និងកំរិតស្រាល វែងនិងខ្លី តូចនិងធំ សាមញ្ញនិង​ស្មុគ​ស្មាញ ជាការប្រាប់ព័ត៌មាន និងជាការ​លើក​ទឹក​ចិត្ត ជាដើម។ ក្រៅពីនេះ ការសរសេរ​ចំណង​ជើង​ត្រូវ​គោរព​តាម​គោលការណ៍​ស្ថាបត្យកម្ម ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​មួយខុសពីព័ត៌មាន​មួយ​ទៀត។ កតិកាសញ្ញា​សារព័ត៌មាន​មួយ​ចំនួន​បាន​ចែង​អំពី​ការ​សរសេរ​ចំណងជើងជាលំដាប់លំដោយ។ ផ្ទុយទៅវិញ កតិកាសញ្ញា​​សារព័ត៌មាន​មួយ​ចំនួន​ទៀត​លុបចោល​ការ​ប្រើប្រាស់ ចំណងជើងលើ-ចំណងជើង-ចំណង​ជើងរង-អត្ថបទបើកឆាក។

ចំណងជើងសំខាន់មានតែមួយឃ្លា : ជាធម្មតា ចំណងជើងល្អបំផុតត្រូវមាន​លក្ខណៈសាមញ្ញ​បំផុត។ ហេតុអ្វី​យើង​ត្រូវ​សរសេរ​ចំណងជើង​ពីរជួរ ខណៈពេល​ចំណង​ជើង​តែមួយជួរមាន​ន័យគ្រប់​គ្រាន់ ? ហេតុ​អ្វី​យើង​ត្រូវ​បន្ថែម​ព័ត៌មាន​បន្ទាប់​បន្សំ ខណៈពេល​ចំណង​ជើង​សំខាន់អាចសង្ខេប​រាល់​ព័ត៌មាន​ទាំង​អស់ ? ចំណងជើងល្អបំផុតគឺជាចំណងជើងប្រាប់ព័ត៌មានតែមួយឃ្លា ពោលគឺជា​ចំណងជើង​ដែល​ឆ្លើយ​សំណួរ​សំខាន់​ពីរ ត្រឹម​តែមួយឃ្លា គឺ« នរណា » និង « ហេតុអ្វី »

« សេហ្សារឈ្លានពានតំបន់ប្រឺតាញ»

***

នៅក្នុង​ប្រភេទចំណងប្រាប់ព័ត៌មានត្រឹមតែមួយឃ្លា : ចំណងជើង​ល្អបំផុតត្រូវ​បង្ហាញ​អារម្មណ៍​របស់​អ្នក​និពន្ធ ដោយ​ប្រើតួអក្សរ​តិចបំផុត :

« សង្គ្រាមប្រឆាំងនឹងសេហ្សារ  »

***

ចំណងជើងបន្ទាប់បន្សំ៖ បន្ទាប់ពីរកបាន​ចំណងជើង​សំខាន់ ខ្ញុំអាចបន្ថែម​កម្មបទលើចំណង​ជើង​នោះ​បាន​យ៉ាង​ងាយ​ស្រួល។ ប្រសិន​ជា​ខ្ញុំ​បន្ថែម​ចំណងជើងលើ ឬចំណងជើងរង ខ្ញុំ​សរសេរ​ចំណងជើងមួយជាបីឃ្លា។ ប្រសិន​ជាខ្ញុំ​គ្រាន់តែបន្ថែម​ចំណងជើងរង ខ្ញុំ​សរសេរ​ចំណងជើងជាពីរឃ្លា

នៅក្នុង​ប្រភេទ​ចំណងជើង​ប្រាប់​ព័ត៌មាន ចំណងជើងលើ​ឆ្លើយតបទៅនឹង​សំណួរ « កន្លែងណា និងពេលណា? » ចំណងជើងរង ឆ្លើយតបទៅនឹង​សំណួរ « យ៉ាងដូចម្តេច? ហេតុអ្វី? ជាមួយនរណា? ជាមួយអ្វី? »។ ទាំង​នេះធ្វើឲ្យ​ចំណងជើងមាន​លក្ខណៈសមាមាត្រ ផ្អែកលើ​សោភ័ណភាព​មួយ គឺ​ចំណង​ជើង​លើ និង​ចំណងជើង​រង​ស្ថិតនៅចន្លោះ​ចំណងជើង​សំខាន់ ដូចជា​តារាងមួយ។ នេះហៅថា​ចំណងជើងបីឃ្លា :

ចំណងជើងលើ :   «យប់នេះ គាត់ចូលចតនៅឆ្នេរសមុទ្រឌូវ ជាមួយកងទ័ពរបស់គាត់»

ចំណងជើង :   «សេហ្សារឈ្លានពានតំបន់ប្រឺតាញ»

ចំណងរង :   «ទេសាភិបាលក្រុងរ៉ូម ប្រចាំនៅហ្គូល ធ្វើដំណើរទៅទីក្រុងឡុងដ៍ កន្លែងដែលគាត់ចង់ឡោមព័ន្ធ ជាមួយកម្លាំងកងទ័ពសេះជំនួយអាល្លឺម៉ង់»                            

***

នៅក្នុង​ប្រភេទ​ចំណងជើង​ទាក់ទាញជាជាបីឃ្លា ចំណងជើងលើនៅតែប្រាប់​ព័ត៌មាន ប៉ុន្តែជាជំនួយ​ដល់​ចំណងជើង​សំខាន់។ ចំណងជើងសំខាន់បង្ហាញ​ការ​វិនិច្ឆ័យព័ត៌មាន ខណៈពេល​ចំណងជើង​រង​ជា​ការ​ពង្រីកព័ត៌មាន​បន្តពី​ចំណងជើង​សំខាន់។

ចំណងជើងលើ :   «កងទ័ពទេសាភិបាលក្រុងរ៉ូមមានបំណងឈ្លានពានតំបន់ប្រឺតាញ»

-​ ចំណងជើង :   « សង្គ្រាមប្រឆាំងនឹងសេហ្សារ!  »

– ចំណងជើងរង :  

« មេដឹកនាំប្រឺតាញរៀបចំការតស៊ូ និងជំរុញឲ្យប្រជាជនហ្គូល ក្រោកឡើងតស៊ូ »

***

មានរូបមន្តចម្រុះមួយ គឺចំណងជើងជាពីរឃ្លា។ រូបមន្ត​នេះ​តម្រូវ​ឲ្យ​មាន​ចំណង​ជើង​សំខាន់ ត្រឹមមួយឃ្លា និង​ចំណងជើងរងដែល​សំយោគ​រាល់​ព័ត៌មាន​នៅចំណងជើងលើ និងចំណងជើង រងនៃប្រភេទ​ចំណងជើងជាបីឃ្លា។

ចំណងជើង :   «សេហ្សារ ឈ្លានពានចក្រភពអង់គ្លេស»

ចំណងជើងរង : «ទេសាភិបាលក្រុងរ៉ូម ប្រចាំនៅហ្គូល ធ្វើដំណើរទៅទីក្រុងឡុងដ៍

ដឹកនាំកងទ័ពដែលចុះចតនៅឌូវ កាលពីម្សិលមិញ»

ជាទូទៅ រូបមន្តចម្រុះ​នេះ​អម​ទៅដោយ​អត្ថបទបើកឆាកណែនាំមួយ។ គំនូរបំព្រួញរាងពីរ៉ាមីត​បញ្ច្រាស​អនុញ្ញាត​ឲ្យ​អ្នក​អានអាចអានបីកម្រិត មុននឹង​ការ​ចាប់ផ្តើម​អត្ថបទ។

***

អត្ថបទព័ត៌មាន​ទាំង​អស់គ្រាន់តែជាការសម្រប ឬការរួមបញ្ជូលគ្នា​នៃគំរូទាំង​បី។ ជា​ទូទៅ វាបង្កើតបាន​ជា​ទម្រង់នៃចំណងជើង។

ចំណងជើង​ត្រឹមតែមួយឃ្លាសាកសមជាពិសេស​ជាមួយគ្រប់រាល់​ការធ្វើ​អត្ថាធិប្បាយ : អត្ថបទ​ព័ត៌មាន សំបុត្រ និង​ពង្សាវតារ។ សម្រាប់ចំណងជើងបែបអត្ថាធិប្បាយ​មួយ គឺមួយពាក្យនៅក្នុង​មួយ​ជួរ។ ជួរទី១ : « ការតស៊ូ » ជួរទី២ : « No Pasaran » ជួរទី៣ : « Vade retro César! »

ចំណងជើងជាពីរឃ្លា​សាកសមជាមួយ​នឹង​បទយកការណ៍ :

« កុមារប្រឺតាញលេងកីឡារ៉ុបបី ខណៈពេលឪពុករបស់ពួកគេសំលៀងពូថៅ»

បទយកការណ៍ផ្តាច់មុខរបស់បេសកកជនពិសេស​របស់យើង នៅតាមផ្ទះប្រជាជនប្រឺតាញ ដែលសម្រេចចិត្តដាច់ខាតថាបោះបង់សេហ្សារ និងកងទ័ពរបស់គាត់ទៅក្នុងសមុទ្រ។

***

ចំណងជើងជាពីរឃ្លា​សាកសមជាមួយ​នឹង​ការស៊ើបអង្កេត :

« សេហ្សារ ផ្គត់ផ្តង់ការធ្វើសង្គ្រាមរបស់គាត់ ជាមួយថវិកាកខ្វក់»

« ទេសាភិបាលក្រុងរ៉ូមទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់ធនាគារិក និងពួកជំនួញទាសករ»

***

ចំណងជើងជាពីរឃ្លា​សាកសមជាមួយ​នឹង​ការសម្ភាសន៍ :

បទសម្ភាសន៍​ជាមួយមេដឹកនាំប្រឺតាញ ដែលសម្រេចចិត្តបណ្តេញ​ជនជាតិ​រ៉ូម៉ាំង

« សេហ្សារមកដោយជិះកប៉ាល់ តែត្រឡប់ទៅវិញដោយ​ហែលទឹក !.. »

 ***

ចំណែកចំណងជើងតូចៗនៃកថាខណ្ឌ វាមិន​មែន​ត្រឹមតែជា​តំរុយដែល​អាចធ្វើ​ឲ្យ​អត្ថបទ​កាន់​តែ​ស្រស់ស្រាយ និង​កាន់តែ​រួមតូច កាន់តែងាយ​អាន​ច្បាស់ជាងមុន ប៉ុន្តែវាក៏បង្កើត​ជា​ចង្វាក់​ ពេល​អានអត្ថបទ។ គេ​ត្រូវ​ពិចារណាលើការជ្រើសរើស​ចំណងជើង​តូចៗ ព្រោះវាមិន​ត្រូវ​មាន​ច្រើន​ពេក ជាមួយ​ខ្លឹមសារ​ចំណងជើង ចំណងជើងលើ ឬចំណងជើងរង។ ប្រសិន​ជាចំណង​ជើង​តូចៗត្រូវ​បាន​ជ្រើសរើសដោយ​ត្រឹមត្រូវ វា​នឹង​ឆ្លុះបញ្ចាំង​អំពីខ្លឹមសារព័ត៌មាន : « ការរក្សាទុកតែ » « សេះ ១០០០ក្បាល » « ឆ្មាំយាម៣០នាក់ » « ភ័យ? អ្នកឯងលេងសើច!… »

ប្រឆាំងទៅនឹង​ចំណងជើងបែបទាក់ទាញ

ជួនកាល ការ​ប្រកួតប្រជែង​ជំរុញ​ឲ្យ​សារព័ត៌មាន​ជ្រើសរើសចំណងជើងបែបទាក់ទាញ​ដូចជា ល្បែងលេងពាក្យជាសំទ្បេង ល្បែង​លេងពាក្យ ឬ ការផ្លាស់ប្តូរចំណងជើង​សៀវភៅ ភាពយន្ត ឬរឿងប្រលោមលោកទូរទស្សន៍ ។ល។ នៅពេល​គេ​មានបំណងនេះ ជួនកាល​លទ្ធផលពិតជា គួរឲ្យ​អស់សំណើច។ ឧទាហរណ៍ វាគួរឲ្យសប្បាយពេល​សរសេរថា « សេហ្សារដូចជា​រាំបូ »។ តើវាជារឿងសមហេតុផលដែលឬទេ សម្រាប់​​ព័ត៌មាន​ប្រចាំថ្ងៃ ? តាម​​រយៈជម្រើសងាយៗទាំង នេះ យើង​កាត់​បន្ថយ​ការ​សរសេរ​សារព័ត៌មាន​បែប​កំប្លែង។ ការអនុវត្តបែប​​នេះ​គួរ​តែទុក​សម្រាប់ សារព័ត៌មាន​កំប្លែង។