Menu

២១- ការរៀបចំទំព័រ

ការ​រៀបចំទំព័រ​គឺ​ជា​ការ​ដាក់​បង្ហាញ​​ផលិតផលនៃ​សំណេរ​។ គោលដៅគឺការរំលេច​អត្ថបទ ។ គោលការណ៍​គឺដូចគ្នានឹងការគូរគំនូរ​ដែរ។ ទំព័រនីមួយៗគឺត្រូវ​​រៀបចំ​ឡើងដូច​ក្នុង​ផ្ទាំង​គំនូរ ៖ អ្នក​ត្រូវ​ប្រមូល​ផ្ដុំ​រូប​បន្ទាប់​បន្សំ​​​ដាក់​នៅ​ជុំវិញ​រូប​សំខាន់​។ ប៉ុន្តែ​ល្បាយ​ទាំង​មូល​​ត្រូវ​​តែច្បាស់​ ស្រួលមើល និង​ស្រស់​ស្អាត​បែប​សិល្បៈ ។

ទំព័រមួយដែល​រៀបចំបានល្អ គឺ​ជាស្នាដៃ​មួយ​ដែល​យើង​គ្រាន់តែ​មើល​មួយភ្លែត នឹង​​ឃើញ​នូវ​តុល្យភាព និង​ភាពស៊ី​គ្នា

អ្នកកាសែតដែលជាអ្នក​រៀបចំទំព័រ​ គឺ​ជាស្ថាបត្យកររៀបចំ​ខាងក្នុងច្រើន​ជាងជា​វិចិត្រករ។ គេ​ប្រើ​ទេព​កោសល្យ​​របស់​ខ្លួន​ទៅ​ក្នុង​ស៊ុម​រាង​ចតុកោណដែល​ជាទម្រង់​របស់​ទំព័រ​កាសែត​​។ គេធ្វើ​ប្រតិបត្តិការ​បច្ចេកទេស​ចាំបាច់​នានា ដើម្បី​រៀបចំដាក់​​ធាតុ​សំខាន់​ និងធាតុបន្ទាប់​បន្សំ​ឲ្យ​មើល​ទៅ​ឃើញ​ល្អ​បំផុត​។

ស្វែងរកតុល្យភាពពីរត្រួតគ្នា

តុល្យភាពទូទៅ នៅ​ក្នុងទំព័រ រវាងពណ៌សនិងពណ៌ខ្មៅ ៖ រវាង​ផ្ទៃពណ៌​ស​ដែល​សល់​នៅ​លើ​​ក្រដាសនិង​ផ្ទៃពណ៌ខ្មៅ​នៃ​​អក្សរ​។ បើ​មាន​ពណ៌​ស​ច្រើន​ពេក គឺ​អត់មាន​អ្វីច្រើនសម្រាប់​អាន។ បើមានពណ៌​ខ្មៅច្រើនពេក ទំព័រនោះ​នឹងពិបាកក្នុងការអាន។ ទំព័រអក្សរច្រើន​ពេក ​៖ ខ្មៅ ៣/៤​និងស​១/៣។ ទំព័រអក្សរល្មម ៖ ខ្មៅ២/៣ និង​ស១/៣។ ទំព័រសិល្បៈ ៖ ពណ៌ស៣/៨ និង​ពណ៌ខ្មៅ​៥/៨។

តុល្យភាព​ពិសេស នៅ​ខាងក្នុង​ប្លុក​ពណ៌ខ្លៅ គឺ​មួយផ្នែក​រវាង​ផ្ទាំង​សំខាន់​និងផ្ទាំង​​បន្ទាប់​បន្សំ​ ​និង​មួយ​ផ្នែក​ទៀត​គឺ​រវាងផ្ទាំង​បន្ទាប់​បន្សំ​នីមួយៗ។ ភាពលេចធ្លោ​របស់​ផ្ទាំងសំខាន់​​មិន​ត្រូវ​លុប ឬ​ជាន់​ពីលើ​ផ្ទាំងផ្សេង​ៗទៀត​ទេ។

អ្នក​រៀបចំទំព័រ​ដោះស្រាយ​ចំណោទ​នេះ​ដោយ​ធ្វើ​ការ​៖

  • ទៅលើ​រឹមទំព័រនៅ​ជុំវិញ​អត្ថបទដែល​បោះពុម្ព
  • ទៅលើ​ចំនួន​ និង​ប្រវែងទទឹងនៃ​ជួរឈររបស់​​ទំព័រនីមួយៗ
  • ទៅលើ​ទំហំអក្សរ​សម្រាប់​​អត្ថបទ
  • ទៅលើ​ម៉ូដអក្សរ​ប្រើសម្រាប់​អត្ថបទ​​នីមួយៗ និងសម្រាប់​​ចំណងជើង​នីមួយៗ
  • ទៅលើ​ប្រវែង​ប្រយោគមួយបន្ទាត់
  • ទៅលើ​ការទុក​ចន្លោះរវាងពាក្យ​នីមួយៗ រវាងបន្ទាត់នីមួយៗ​ និង​រវាងជួរឈរនីមួយៗ

ស្ថាបត្យករ​ខាងទំព័រ​ធ្វើគំនូរព្រាង ដែល​គេ​ហៅ​ថា​ម៉ាកែត។ គេ​មាន​​គំរូផ្សេងៗដែល​អាច​យក​មក​ប្រើ​បាន ប៉ុន្តែគេ​ក៏អាចធ្វើការ​រចនា​ផ្ទាល់​ដោយ​ខ្លួនឯងផងដែរ។ នៅ​ក្នុង​ការ​រៀបចំ​ទំព័រ​​ វាមាន​ប្រពៃណី​ ទំនៀម​ទម្លាប់​ និង​ការប្រើប្រាស់​ផ្សេងៗ​ ប៉ុន្តែ​គ្មានគោលការណ៍​ណាមួយ​ដែល​ដាច់​ខាត​​ត្រូវ​តែ​គោរពតាម​នោះ​ឡើយ បើ​មានគឺ​មាន​តែ​រឿង​សញ្ជាតិញ្ញាណ និង​រសនិយម​របស់​ម្នាក់​ៗ​ប៉ុណ្ណោះ។​

ការរំលេចអត្ថបទ​​សំខាន់​ឲ្យលេចធ្លោ

ចំណុចសំខាន់នៃទំព័រនីមួយៗ ចំណុច​បេះដូងសម្រាប់​ការ​អាន ចំណុច​ផ្តោត​របស់វា គឺជា​ប្រធានបទ​​សំខាន់។ វាមានតែមួយប៉ុណ្ណោះក្នុងមួយទំព័រ។ វាស្ថិត​នៅទីតាំង​ល្អបំផុតនៅ​ក្នុង​ផ្ទាំង​រាងចតុកោណ​ គឺនៅផ្នែកខាងលើនៃទំព័រ។ វាទទួលបានអត្ថប្រយោជន៍​ពី​ចំណងជើងដែល​​ធំ​ជាង​គេ​។ បំណែង​ចែក​អត្ថបទ​​ផ្សេង​ទៀត​នៅ​ក្នុង​ទំព័រ​ ត្រូវកំណត់​ដោយ​​​ទម្រង់ និង​ម៉ូដអក្សរ​​នៃ​ចំណង​ជើង​របស់​វា និង​ការ​ឆ្លុះ​បញ្ចាំង​របស់​វា​ដែល​អាច​មាន​។ ប៉ុន្តែភាព​លេចធ្លោ​របស់​អត្ថបទ​សំខាន់​​មិន​ត្រូវ​លុប​ ឬ​គ្រប​លើ​អត្ថបទ​ផ្សេង​ទៀត​ទេ ព្រោះ​អត្ថបទ​ទាំង​នោះ​ក៏​មាន​ភាព​សំខាន់​របស់​វា​រៀង​ខ្លួន​ដែរ​។ អ្នក​រៀប ចំ​ទំព័រ​ព្យាយាមស្វែងរកការរួមបញ្ចូលដ៏ល្អបំផុតមួយ។ គេ​ត្រូវ​គិត​​លើ​សមាមាត្រ​​នៃ​ការ​ចាប់​បញ្ចូល​អត្ថបទ​ក្នុង​ស៊ុម​មួយ​ដ៏សែនពិបាក​បត់​បែន។

ស្វែងរក​សមាមាត្រ​នៃ​ភាពស៊ីគ្នា

ការ​ដែល​ត្រូវ​ដឹង​ពី​វិធី​ល្អ​បំផុត​ដើម្បីធ្វើឱ្យមានតុល្យភាពផ្នែកមួយៗ​នៃ​អត្ថបទ​ទាំង​មូល គឺ​វា​​ចាស់​ដូច​វិធី​ប្រើ​ក្នុង​គំនូរ ឬ​បទភ្លេង​ដែរ​។ សិល្បៈ​ស្ថាបត្យកម្មនៃ​ការ​រៀបចំ​ទំព័រ​​គឺ​យក​គំនិត​​តាម​សមាមាត្រ​នៃ​ភាព​ស៊ីគ្នា​ដែល​ប្រើ​នៅក្នុង​សិល្បៈផ្សេងទៀតដែរ។

ភាពស៊ីគ្នា​នៃការរៀបចំអត្ថបទជៀសវាង​ឥទ្ធិពលនៃភាពដូចគ្នាៗ ដោយ​ប្រើ​គន្លឹះ ៤-២-១ ៖ កាលណា​អត្ថបទ​​សំខាន់​មាន​ចំណងជើងគ្រប​ដណ្ដប់​លើ​​៤ជួរឈរ​នៅ​ខាង​លើ​ទំព័រ ដូច្នេះ​ចំណងជើង​អត្ថបទ​​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ទំព័រ​តែ​មួយ​​ មិន​ត្រូវ​​គ្រប​​ដល់​៣ជួរឈរ​ទេ។ ប៉ុន្តែ​ វា​អាច​មាន​នៅ​ផ្នែក​កណ្ដាល​​​នៃ​ទំព័រ​ ចំណងជើង​ដែល​មាន​២ឬ​១ជួរឈរ។

ភាពស៊ីគ្នា​នៃ​ការ​រៀបចំអត្ថបទជៀសវាងភាពស្រពេចស្រពិល​នៃ​ការ​មើល​ ដោយ​ប្រើ​គន្លឹះ ៦-៣-២ ៖ កាល​ណា​អត្ថបទ​សំខាន់​មានចំណងជើង​​នៅ​លើ​៦ជួរឈរនៅ​ខាងលើ​ទំព័រ ដូច្នេះ​ក្នុង​ចំណោម​អត្ថបទផ្សេង​ទៀតដែល​​នៅក្នុង​ទំព័រជាមួយគ្នា អាច​មាន​អត្ថបទ​តែ​មួយ​គត់​ដែលមាន​ចំណងជើង​គ្រប​លើ​៣ជួរឈរ ហើយ​អត្ថបទ​នោះ​ត្រូវ​នៅ​ផ្នែក​ខាងក្រោម​នៃ​ទំព័រ ប៉ុន្តែ​វា​អាច​​មានអត្ថបទ​​ជាច្រើន​​ដែល​មាន​ចំណងជើង​គ្រប​លើ​២ជួរឈរ​នៅ​តួកណ្ដាល​នៃ​ទំព័រ។

គន្លឹះនៃ«ចំនួនមាស»

វិធីល្អប្រសើរ​បំផុត​នៃ​ការ​ផ្ដល់​សមាមាត្រ​នៃ​ភាពស៊ីគ្នា​នៅ​ក្នុង​ការ​​រៀបចំ​ទំព័រ​ គឺ​ត្រូវ​ចែក​​ទំព័រ​មួយ​ជា​បួនប្រលោះ​ ដោយ​ប្រើ«សមាមាត្រ​មាស» (១,៦១៨) ដើម្បី​ឲ្យ​ប្រលោះ​ទាំង​នេះ​មាន​​«ផល​សមាមាត្រ​​ខ្ពស់​បំផុត និង​មធ្យម» បើ​តាម​គណិតវិទូ​អឺគ្លីដ។

ការគណនា​គឺ​ងាយស្រួល​​ណាស់​ មិនថា​ទំព័រប្រវែង​ណា​ទេ (មើល​ឯកសារភ្ជាប់)៖

យើង​ចែក​ទទឹង​ (L) នៃ​ទំព័រ​ជាមួយ​នឹង​សមាមាត្រ​មាស៖

ទទឹងទំព័រ : ១,៦១៨ = X

យើង​ដក​លទ្ធផល​នៃ​ផល​ចែក​នេះ​ជាមួយ​នឹង​ទទឹង (L)៖

ទទឹងទំព័រ X = Y

យើងយក​ប្រវែង​«Y»​ដែល​ទទួល​បាន​នេះ​ដាក់​លើ​ទទឹង​ផ្នែក​ខាងលើ​​នៃ​ចតុកោណ (A-B) ដោយ​ផ្ដើម​ចេញ​ពីជ្រុង​ខាងលើផ្នែក​ខាងស្ដាំ​(B)​នៃចតុកោណ។

ប្រវែង«Y»​នេះ​បញ្ជាក់​ទីតាំង​នៃចំណុច​មួយ P1 នៅ​លើ​ទទឹង (A-B) របស់​ចតុកោណ។

ផ្ដើម​ចេញ​ពី​ចំណុច​ P1 នេះ យើង​គូស​បន្ទាត់បញ្ឈរ​មួយ​ដែល​ខ័ណ្ឌ​ចែក​ទំព័រ​ជាពីរ​ផ្នែកមិន​ស្មើគ្នា​ ប៉ុន្តែ​សមាមាត្រ​នឹង​«ចំនួនមាស»

យើង​ធ្វើ​វិធីដូចគ្នា​ជាមួយ​នឹង​កម្ពស់(H)នៃ​ទំព័រ​រហូត​ដល់ចែក​ទំព័រក្នុងទិសដេក​ ដោយ​ផ្ដើម​ចេញ​ពី​ចំណុច​ P2 វាស់​ចេញ​ពី​ជ្រុង​ខាងស្ដាំ (C)ផ្នែក​ខាង​ក្រោម​​​នៃ​ចតុកោណ។

ពេល​នេះ ទំព័រ​ត្រូវ​បានបែង​ចែក​ជា​៤​ផ្នែករាង​ចតុកោណខុសៗគ្នា ដែល​បង្កើត​ជា​សមាមាត្រ​ប្រកប​ដោយ​សុខដុម សាមញ្ញ ច្បាស់ និង​ប្លែកៗ។

ផ្ទៃ​នីមួយៗ​នៃ​ផ្នែកទាំង​បួន​នេះ​អាច​ធ្វើ​ការ​បែង​ចែក​តូចៗ​ទៀតទៅ​តាម​តម្រូវ​ការ ដោយ​ប្រើ​ការ​គណនា​ដដែល​។ ស៊ុម​ដ៏ល្អ​ឥតខ្ចោះ​នេះ​អនុញ្ញាត​ឲ្យ​​លៃ​តម្រូវ​​ជាច្រើនទាំងបញ្ឈរឬ​ផ្ដេក​ រួម​ទាំងការ​​​ដក​ឃ្លា​​រាង«កាំជណ្ដើរ»​ក្នុង​ផ្នែកបញ្ឈរ​ផងដែរ។​

ការគិតមិនល្អ

*ប្រយ័ត្នចំពោះការជ្រើសរើស​តួអក្សរ​ ! ដំបូងត្រូវសាមញ្ញ ៖ តួអក្សរ​ច្រើន​សណ្ឋានពេក​ធ្វើឲ្យរោយ​ភ្នែក​​អ្នក​អាន។ ប្រើ​តួអក្សរពីរបែប៖ អក្សរមានជើង​ដូច Times សម្រាប់អត្ថបទ និង​អក្សរត្រង់អត់ជើង ដូច Helvetica សម្រាប់​ចំណងជើង​ និង​ចំណងជើង​រង។ អាចប្រើអក្សរស្គម ក្រាស់ និងទ្រេត​ទៅតាម​ប្រភេទអត្ថបទ។

*ប្រយ័ត្ន​ចំពោះ​ខ្លឹមសារក្បាលអត្ថបទ! ក្បាលអត្ថបទ​​​មិនមែន​ជាសេចក្ដី​ផ្ដើម​របស់​អត្ថបទ​ទេ​។ វាគឺ​ជា​បុព្វកថាខ្លី​មួយ​ដើម្បី​បង្ហាញ​ពី​អត្ថបទ​ និង​ជំរុញឲ្យចង់អានវា​។

*ប្រយ័ត្នចំពោះ«ការលោត»! ពេលអត្ថបទ​មានច្រើន​ត្រូវ​តទៅ​ទំព័រ​ផ្សេង យើង​មិនមែន​ចេះ​តែ​កាត់​ត្រង់​ណា​​ក៏​បាន​​ទេ ជាពិសេស​កណ្ដាល​ប្រយោគ – ទោះបីវា​ជា​អត្ថបទ​«ទំព័រមុខ»ក៏ដោយ។ ការ​បន្ត​ទៅ​ទំព័រ​ផ្សេង​​មិន​ត្រូវ​រំខាន​ដល់​ភាព​ងាយស្រួល និង​ភាពរលូន​នៅ​ពេល​អាន​នោះឡើយ។

ក្រុម​ផ្នែក​និពន្ធ​​ដែល​អាចរៀបចំម៉ឺនុយ ​ និងអាច​​គោរព​តាមយ៉ាង​ជាក់​លាក់ គួរ​តែ​ទទួល​ខុសត្រូវ​ផ្ទាល់​លើ​ការ​ព្រាង​ម៉ាកែត​ពាក់​ព័ន្ធ និង​បង្ហាញ​វា​ទៅ​ផ្នែក​លេខា​ខាងនិពន្ធ​ ដើម្បី​ពិនិត្យ និង​សម្រេច​។