Menu

២២- ការដាក់រូប និងក្រាហ្វិក

ផ្តល់ព័ត៌មាន ក៏ជាការបង្ហាញដែរ។ រូបភាព​មិនមែនតែងតែជំនួសពាក្យពេចន៍​បានទេ​ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​ការ​សរសេរ​របស់​អ្នក​សម្ដែង​ចេញ​​កាន់តែ​ខ្លាំង។ ជួនកាលវាថែម​ទាំង​ធ្វើឱ្យអ្នក​​លែងត្រូវការសរសេរ​ទៀតផង។ រូបថត​មួយ​សន្លឹក​អាច​ខ្លាំង​ជាងការ​រៀបរាប់​រឿងមួយ រូបថ្លុកអាចមានឥទ្ធិពលជាងបទវិចារណកថា ក្រាហ្វិក​គឺជាក់លាក់​ជាង​ការវិភាគ គំនូរបំព្រួញគឺ​ច្បាស់​ជាង​ការអង្កេត ផែនទីគឺច្បាស់​ជាង​សក្ខីភាព។ វិស័យ​សារព័ត៌មាន​បាន​ក្លាយ​ទៅជាសិប្បកម្ម​សាកល​មួយ​។

រូបថត​ទាំងអស់​មិន​ផ្ដល់​ព័ត៌មាន​តាមរបៀបដូចគ្នាទេ

មានរូបថត​ខ្លះជារូបថតបែបពិពណ៌នា។ វា​គឺ​រូបថតប្លង់​ទូលាយ ឬ​ប្លង់​ទាំងមូល ឧទាហរណ៍​រូប​ថត​ទេសភាព​​ឬសកម្មភាពមនុស្ស​ដែល​មើលឃើញពីចម្ងាយ។ តម្លៃ​ពិពណ៌នា​សុទ្ធសាធ​របស់​វា​ ផ្តល់ឱ្យពួកវានូវតម្លៃបន្ថែមទាប។ គុណសម្បត្តិ​ផ្នែក​​​ផ្ដល់​ព័ត៌មាន​របស់​ពួកវា​ជា​ទូទៅគឺ​យ៉ាប់​ណាស់​។ លើកលែងតែ​កាលៈទេសៈ​ដែល​វា​​ត្រូវ​បាន​ថត​ និង​មុំ​ដែល​បាន​ជ្រើស​រើស ​ផ្ដល់​នូវ​​តម្លៃ​ផ្នែកឯកសារដល់វា។

រូបថតខ្លះ​រៀបរាប់រឿង​។ វា​គឺរូបថតប្លង់​មួយជំហរខ្លួន ប្លង់​ត្រឹមពាក់កណ្ដាលភ្លៅ​ ប្លង់​ពាក់កណ្ដា​ទ្រូង ឧទាហរណ៍ទិដ្ឋភាព​សកម្មភាព​មនុស្ស​ដែល​មើល​​ជិត​ រូបតួអង្គ​ថតមួយជំហរ​ រូបថតត្រឹម​លើ​ជង្គង់ និង​ត្រឹមចង្កេះ ឬ​ត្រឹម​ទ្រូង។ តម្លៃ​រៀបរាប់​របស់​វា​​ធ្វើ​ឲ្យ​វា​ជារូបថត​មានតម្លៃ​បន្ថែម​ខ្ពស់​

រូបថតខ្លះបង្កការ​ប៉ះទង្គិច។ វាជារូបថតប្លង់​ធំៗ ឧទាហរណ៍​មុខ​​​ដែល​ថត​ជិត ឬក៏ចំណុចលម្អិត​នៃ​ទិដ្ឋភាពដែលថត​ជិត​។ ឥទ្ធិពល​មនោសញ្ចេតនា​របស់​វា​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​បន្ថែម​ខ្លាំងណាស់​

រូបថតមួយគឺជាបំណែកនៃជីវិតដែល​ត្រូវ​បាន​ផ្ដិត​ឡើង​ភ្លាមៗ ហើយអ្វីដែលសំខាន់បំផុតនៅក្នុង​រូបថត​ នោះគឺស៊ុម។ «រូបភាពងាប់»​​​​មិន​មាន​កន្លែង​​នៅ​ក្នុង​ព័ត៌មានប្រចាំថ្ងៃទេ។ រូបថតទាំងអស់ត្រូវបង្ហាញជីវិត។ ទោះ​ខ្លួន​​មិនមែន​ជាអ្នកយកព័ត៌មាន​​រូបថតក៏ដោយ​ អ្នកយកព័ត៌មាន​គួរតែប្រាកដថារូបថតដែល​អម​អត្ថបទ​របស់ខ្លួន ត្រូវ​បង្ហាញ​ទិដ្ឋភាពជីវិត​ មិនថា​​ប្រធាន​បទ​សំខាន់ដែល​ត្រូវ​បង្ហាញគឺ​ជាអ្វី​ទេ តែ​ត្រូ​វ​តែ​មាន​វត្តមាននៃជីវិតនៅ​ប្លង់​មុខឬ​ប្លង់​ក្រោយ​។

ខ្ញុំនឹងបន្ថែមរូបប៉ាណូរ៉ាមិក​​នៅ​ក្នុង​ការ​រៀប​រាប់​ពី​ការ​ចុះច្រាំង​របស់​«ក្បួនទ័ព​ដូច​ហ្វូងស្រមោច​»​របស់សេហ្សារ​​នៅ​លើ​ឆ្នេរ​ Douvres។ អ្នក​អាន​របស់​ខ្ញុំ​នឹង​ទទួល​បាន​អារម្មណ៍​ពីទំហំ និង​អំណាច​នៃ​កងទ័ព​រ៉ូម៉ាំង​ដើរ​ក្បួនឆ្ពោះទៅកាន់ទីក្រុងឡុងដ៍។

បទយកការណ៍របស់ខ្ញុំអំពីជនជាតិអង់គ្លេស​នឹង​ត្រូវ​បង្ហាញ​ដោយរូបថត​មួយ​ចំនួន​ពី​ជីវិត​ប្រចាំថ្ងៃ​របស់បុរសស្ត្រី និងកុមារដែលត្រៀមខ្លួនសម្រាប់សង្គ្រាម។

អត្ថបទ​របស់​ខ្ញុំ​ពី Britanix នឹង​ត្រូវ​អម​ដោយ​រូបថតត្រឹម​ដើម​ទ្រូង ឬ​ប្លង់​ធំ​ ​របស់​ប្រធាន​ពួក​អង់គ្លេស​​ដែល​ញញឹម និង​កំពុង​សម្រួចពូថៅ​របស់​ខ្លួន​។

បទសម្ភាសន៍របស់ខ្ញុំជាមួយនឹងសេហ្សារ នឹង​ត្រូវ​បាន​បង្ហាញ​ដោយរូប​ប្លង់​ធំ​ទៅ​លើ​​រូបឥន្ទ្រី​របស់អភិបាល​រ៉ូម៉ាំងនៅតំបន់ហ្គោល។

បន្ទាប់មកខ្ញុំនឹងដាក់​ចំណងជើងរូបថត ​ដែល​អ្នកថតរូប និងខ្ញុំ​​បាន​ជ្រើស​រើស ដើម្បីនិយាយ​ពី​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទាំងនេះ​ដោយ​ដាក់​នៅ​ពីរ​ទំព័រកណ្ដាលរបស់​កាសែត​ ​ សម្រាប់​ច្បាប់​ចេញ​ផ្សាយ​នៅ​ចុងសប្តាហ៍។ វានឹងត្រូវផ្សំឡើងដោយ​​រូប​ប្លង់​ថតត្រឹម​ទ្រូង និងមានចំណងជើងថា៖ «សេហ្សារ ភាពយន្ដនៃការ​ឡើងច្រាំង»។ ខ្ញុំគ្រាន់តែ​សរសេរ​ចំណងជើង​រូបថត និង​ក្បាលអត្ថបទ​ប៉ុណ្ណោះ…

​បើខ្ញុំមានឯកសារឬរូបថត​ដែលមាន​លក្ខណៈ​ខ្លាំងនោះ ខ្ញុំនឹង​ស្នើ​សុំឲ្យ​​បោះ​ពុម្ពផ្សាយវា​​​មួយ​ទំព័រពេញ។

រូបគំនូរនៅក្នុង​សារព័ត៌មានគឺសេរីភាពពេញទី

រូបគំនូរ រូបថ្លុក គឺជាដែនដីពិសិដ្ឋ។ គ្មានអ្នកណាហ៊ានប៉ះពាល់​ទេ។ ​ពេល​​មាន​អ្នក​គូរ​រូបថ្លុក​នៅក្នុង​ក្រុម​ដែល​អាច​សង្ខេប​បច្ចុប្បន្នភាព​ជាមួយ​នឹង​រូបបែប​កំប្លែង ពេលខ្លះសើច ពេលខ្លះកាច​ អ្នកត្រូវ​ជឿជាក់​លើគំនិតរបស់គាត់។ បើ​ទោះ​ជា​គំនូរ​របស់​គាត់​ត្រូវ​តែ​ធ្វើ​ការ​ពិភាក្សា​ក៏ដោយ។ Modus vivendi ដែល​ល្អ​គឺ​​ត្រូវ​ សុំ​ឲ្យ​គាត់​បញ្ជូន​គម្រោង​ចំនួន​បី​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចុប្បន្នភាព​ យ៉ាង​ហោច​ក៏ឲ្យ​បាន​ពីរដែរ មក​កាន់​ផ្នែក​និពន្ធ​។ ជម្រើសនេះត្រូវមាន​ការ​ជំនុំគ្នា​ ប៉ុន្តែ​អ្នកសម្រេច​ចុង​ក្រោយ​គឺនិពន្ធ​នាយក។

ក្រាហ្វិច​មិន​អាចខ្សោយ​បានទេ

ធនធាន​រូបក្រាហ្វិច​ផ្ដល់​តម្លៃ​យោង​ដល់​អត្ថបទ​លុះត្រា​តែ​វា​ខ្លួន​ឯង​មានខ្លឹមសារ​ល្អ​ឥត​ខ្ចោះ​ដែរ។ អ្នក​យកព័ត៌មាន​មិន​អាច​ធ្វើ​ឲ្យ​មាន​កំហុស​ទេ​នៅ​ពេល​បោះពុម្ព​ក្រាហ្វិក​ ​​គំនូរបំព្រួញ​ ខ្សែ​កោង​ ឬ​ ផែនទី​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន ។ កំហុសឆ្គងតែ​បន្តិចបង្កឱ្យមានការសង្ស័យលើការងារទាំង​មូលរបស់អ្នក ។ ការ​ផ្តល់​ព័ត៌មាន​ដោយ​ប្រើ​រូបក្រាហ្វិច គឺ​តម្រូវ​ឲ្យ​មានវិទ្យាសាស្ត្រ​ហ្មត់​ចត់​ក្នុង​ការ​បក​ស្រាយ​ព័ត៌មាន។​ វា​តម្រូវ​ឲ្យ​មាន​ការ​ពិចារណា​ ការ​អនុវត្ត និង​ការ​សម្រប​សម្រួល​អំឡុង​ពេល​ការជួប​ប្រជុំ​ផ្នែក​និពន្ធ។

ផែនទីដឹកជញ្ជូន។ ខ្ញុំ​ត្រូវការ​ជំនួយ​ពី​ផែនទី​ភូមិសាស្ត្រ​តំបន់​ភាគ​ខាងលិច​​នៃ​ចក្រ​ភព​អង់គ្លេស​ ដើម្បី​នាំ​អ្នក​អាន​របស់​ខ្ញុំ​ទៅ​​អនាគត​សមរភូមិ​សង្គ្រាម​ ហើយ​នៅ​លើ​ផែនទីនោះ​ខ្ញុំ​នឹង​ដាក់​បញ្ជាក់​ទីតាំង និង​ការ​ផ្លាស់​ទី​របស់​កងទ័ព​ដែ​លមាន​វត្តមាន។

រូបន័យត្រង់ច្បាស់ៗ។ ខ្ញុំមាន​ទិន្នន័យជាក់​លាក់ និង​ចុះកាលបរិច្ឆេទ​ត្រឹម​ត្រូវ​​ អំពី​ការ​វិវត្ត​របស់​ចរន្ត​ទីផ្សារទាសករ​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​សេហ្សារ​នៅ​តំបន់​ហ្គោល​​ ប៉ុន្តែ​រូប​ខ្សែកោង​នឹង​បង្ហាញ​បាន​ច្បាស់​ជាង​ការ​វិភាគ​…

ដ្យាក្រាម​​បំភ្លឺ។ ការ​​ផ្តល់​មូលនិធិ​សម្ងាត់​សម្រាប់​​យុទ្ធនាការ​​ពង្រីក​ទឹកដី​របស់​សេហ្សារ​​ត្រូវ​បានធ្វើ​ឡើង​​តាមរយៈ​ក្រុមហ៊ុន​ខ្មោច​។ ដ្យាក្រាម​អំពីយន្ដការ​នោះ​នឹងបង្ហាញ​បាន​​ច្បាស់​លាស់​ជាង​ការ​ពន្យល់​ដែល​មាន​លក្ខណៈ​សាំ​ញ៉ាំ។

គំនូរ ផែនទី រូបខ្សែកោង ឬ​ដ្យាក្រាមល្អមួយ

គឺ​ប្រសើរ​ជាង​រូបថត​មិនស្អាត