Menu

២៣-សេវាកម្មអតិថិជន

នៅពេល​កាសែត​ត្រូវ​បាន​បោះពុម្ព​​ អ្នកយកព័ត៌មានត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​​ខ្លឹមសារ​របស់​វា។ វា​ជា​រឿង​ធម្មតា​ ដែល​អត្ថបទ​របស់​​ខ្លួន​ត្រូវ​ស្ថិត​ក្រោម​ការ​រិះគន់​វិនិច្ឆ័យ​ពី​អ្នករួមការងារ​ផ្សេងទៀត និង​អ្នក​អាន​។ ការ​អភិវឌ្ឍ​នៃ​មធ្យោបាយ​ទំនាក់​ទំនង​​ធ្វើ​ឲ្យអ្នក​យកព័ត៌មានអាច​រក្សា​កិច្ចសន្ទនា​ជាប្រចាំ​ និង​ស្មោះត្រង់​ជាមួយ​បណ្ដា​​អ្នក​ដែល​ជឿទុក​ចិត្ត​លើ​ការសរសេរ​របស់​ខ្លួន​។

ផ្ដល់ផលប្រយោជន៍​ដល់​អ្នកអាន

មិនថានៅកន្លែងណាទេ អ្នកយកព័ត៌មាន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បំពេញ​ការងារ​របស់​ខ្លួន​ក្នុងនាម​ជា​អ្នក​នាំ​មក​នូវ​ការពិត​ ព្រោះ​មនុស្ស​មាន​សិទ្ធិ​ក្នុងការទទួល​បាន​ព័ត៌មានដែលអាចជឿទុក​ចិត្ត​បាន​។ អ្នក​យកព័ត៌មាន​តែងតែ​មាន​សិទ្ធិ​ស្នើ​សុំ​ប្រយោជន៍​ពី​អ្នក​ដទៃ៖ អ្នក​តំណាង​រាស្ត្រ​ អំណាចសាធារណៈ​ រដ្ឋបាល​ផ្សេងៗ អង្គការ សមាគម សហគ្រាស ក្លឹប​។ល។ ជាថ្នូរ វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​យកព័ត៌មាន​​ផ្ដល់​ប្រយោជន៍​ពី​ការ​អនុវត្ត​វិជ្ជាជីវៈ និង​សំណេរ​របស់​ខ្លួន​ ដល់​អ្នក​ដទៃ​។

ឆ្លើយ​នឹង​លិខិត​របស់​អ្នក​អាន​មិន​មែន​ជា​ការងារ​ឥត​ប្រយោជន៍ទេ ប៉ុន្តែវា​ជារង្វាន់

ដូចអតិថិជន​ទូទៅដែរ ការ​រិះគន់​របស់​អ្នក​អាន​តែ​ងតែ​​ត្រឹម​ត្រូវ​ជានិច្ច​។ ទោះបី​ពួកគេ​អាន​អត្ថបទ​ឆ្លោះៗ ភាន់ច្រឡំ​គោលបំណង​របស់​អ្នក​និពន្ធ យល់​ន័យ​ខុស​ ឬក៏បកស្រាយខុសក៏ដោយ គេ​នៅ​តែ​មានសិទ្ធិទទួល​បាន​ការ​គួរសម និង​ការ​គោរព​ពី​អ្នក​យកព័ត៌មាន​ដែល​ជា​អ្នក​ចេញ​ផ្សាយ​អត្ថបទ​នោះ។ បទពិសោធន៍​បង្ហាញថា​ ប្រសិន​បើ​អ្នកកាសែត​ទទួល​យក​ការរិះគន់​ ហើយ​ឆ្លើយ​តប​​នឹង​អ្នក​អាន​ដោយ​ចិត្ត​ស្មោះស​ គឺ​អាចបង្ក​ឲ្យមាន​ការ​​យល់​យោគ​ និង​ផ្សះផ្សា​គ្នា​បាន រហូត​ដល់​ពេល​ខ្លះ​អាច​​ទទួល​ស្គាល់ថា​គេ​«យល់​អត់​ច្បាស់»។ កិច្ចសន្ទនា​ជាមួយ​អ្នក​អាន តែង​តែ​ជា​តម្លៃ​បន្ថែម​របស់​វិស័យ​សារព័ត៌មាន ហើយ​សម្រាប់​​អ្នកយកព័ត៌មាន​ វា​ជារឿង​មួយ​សម្រាប់​ពិចារណា។​ វិធី​សាមញ្ញ​បំផុត​គឺ​យក​ឈ្នះ​ចិត្តអ្នក​អាន។ ពេល​អ្នក​ដឹកនាំ​ក្រុមហ៊ុន​សារព័ត៌មាន​មួយ គឺ​​ត្រូវ​បង្កើន​​កន្លែង​សម្រាប់​ចុះ​ផ្សាយ​លិខិត​របស់​អ្នក​អាន​ នៅក្នុង​ទំព័រកាសែត​។

សិទ្ធិក្នុងការឆ្លើយ​គឺជាសិទ្ធិមូលដ្ឋាន

ក្នុងចំណោម​សិទ្ធិ​ទាំង​អស់​របស់​អ្នកអាន សិទ្ធិ​ក្នុង​ការឆ្លើយ​ គឺ​ពិសិដ្ឋ​ជាង​គេ​។ គ្មានច្បាប់ ឬ​អំណះ​អំណាង​ណាមួយ​​ អាច​ជា​ឧបសគ្គ​ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​ចម្លើយ​របស់​អ្នក​អាន​ដែល​ត្រូវ​បាន​រៀបរាប់ ឬ​លើកឡើង​នៅ​ក្នុង​អត្ថបទ​ព័ត៌មានណាមួយ​នោះ​ឡើយ​។ ពិត​ប្រាកដ​ណាស់ ការ​ឆ្លើយ​តប​​នេះគឺ​ត្រូវតែ​​សមាមាត្រ​នឹង​អត្ថបទ​ពាក់​ព័ន្ធ ​។ ប្រវែង ខ្លឹមសារ ពាក្យពេចន៍ និង​ទម្រង់​វា​អាច​ត្រូវត្រួតពិនិត្យ ពិភាក្សា និង​វែកញែក។ ​ការណ៍ដែល​អ្នក​ត្រូវ​បាន​​ដាក់​បន្ទុក​​ហួសប្រមាណ មិន​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ក្នុង​ការ​ដាក់​បន្ទុក​តបត​វិញ​ដោយ​ហួសប្រមាណ​​ដែរនោះទេ។ មិន​ថា​ក្នុង​មូល​ហេតុអ្វី​ទេ គ្មាន​អ្នកណា​ម្នាក់​អាច​រារាំង​ក្នុង​ការ​បោះ​​ពុម្ព​ផ្សាយ​នៃ​«សិទ្ធិ​ក្នុង​ការ​ឆ្លើយ»​ដោយ​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ឡើយ​ ហើយ​ក៏គ្មាន​អ្វី​​រារាំង​អ្នក​យកព័ត៌មាន​​មិន​ឲ្យ​ធ្វើ​ការ​ជជែក​ដោយសេរី​ជាមួយ​នឹង​អ្នក​អាន​ផ្សេង​ទៀត​ដែរ​។ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន ៖ អ្នក​អាន​​ភាគ​ច្រើន​​អាច​បែង​ចែក​ដាច់​ រវាង​​ការតាំងចិត្តដែលល្អ​ និង​អាក្រក់​…

កែកំហុស​ឆ្គងរបស់ខ្លួន​គឺ​ចាំបាច់

នៅ​ក្នុង​ភ្នែក​អ្នកអាន វា​មិន​មាន​អ្វី​អាច​បញ្ជាក់​ពី​ឆន្ទៈ​​របស់​អ្នក​កាសែត​បាន​ល្អ​ប្រសើរ​ជាង​​ការ​កែកំហុស​ភ្លាម​ៗ​របស់​ខ្លួន​នោះ​ឡើយ។ កាសែត​មួយ​ដែល​មិន​ដែល​បោះ​ពុម្ព​ផ្សាយ​ការកែតម្រូវ​សោះ មិន​មែន​​ជា​កាសែត​ស្មោះត្រង់​នោះ​ទេ។ អ្នក​យកព័ត៌មាន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ភាន់​ច្រឡំនៅ​ក្នុង​ការ​សរសេរ​របស់​ខ្លួន។ ទោះ​ជា​ភាពមិន​ច្បាស់​លាស់​មួយ​ចំនួន​​មិន​បង្ក​ផល​វិបាក​ក្ដី ប៉ុន្តែ​កំហុស​ផ្សេងទៀត​អាច​​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​។ កាតព្វកិច្ចនៃ​ការ​កែ​តម្រូវ​​គឺ​ជា​ផ្នែក​មួយ​នៃ​គោលការណ៍​​ដែល​ត្រូវ​បាន​គោរព​នៅ​ក្នុង​ក្រុមហ៊ុន​កាសែតធំៗ។ ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​មើលឃើញ ​ការ​កែតម្រូវ​ជាទូទៅ​ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ជ្រុង​តែ​មួយ​នៃ​ទំព័រ​តែមួយ​។

***

គឺ​នៅ​ក្នុង​ជ្រុង​ទំព័រ​នេះដែល​ខ្ញុំ​នឹង​បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃស្អែក​នូវការ​កែតម្រូវ​ ដែលមានពីរប្រយោគ​សាមញ្ញ​បំផុត ដោយ​មិន​ព្យាយាម​កែខ្លួន ៖ «ខុសពី​អ្វី​ដែល​យើង​បានសរសេរ​ក្នុង​បទយកការណ៍​​ស្ដី​ពីការ​ចុះច្រាំង​របស់​ហ្ស៊ុល សេហ្សារ នៅ​ចក្រភព​អង់គ្លេស​ ចេញផ្សាយ​ម្សិលមិញ ក្នុង​ទំព័រទី៣ គឺមិនមែន​ក្មួយប្រុស​គាត់​ឈ្មោះ​អុកតាវទេ ដែល​បញ្ជាទ័ព​សេះរ៉ូម៉ាំង ប៉ុន្តែ​គឺ​ប៊្រូទូស ដែល​ត្រូវ​ជា​កូនប្រុសចិញ្ចឹម។ យើង​សូម​អភ័យ​ទោស​ប្រិយមិត្ត​អ្នក​អាន ​ចំពោះការភាន់ច្រឡំនេះ»។

អ្នកសម្របសម្រួល? ត្រូវការ ប៉ុន្តែ…

អ្នក​អាន​គឺ​មានតម្លៃខ្លាំង​ណាស់​សម្រាប់​កាសែត រហូត​ដល់​ក្រុមហ៊ុន​កាសែត​កាន់តែ​ច្រើន​ឡើង​បាន​តែងតាំង​«មន្ត្រីអង្កេត»ឬ​«អ្នកសម្របសម្រួល»​ ដែល​ជាអ្នក​ទទួល​បន្ទុក​ក្នុង​ការ​ធ្វើ​កិច្ចពិភាក្សា​ជា​សាធារណៈ​ជាមួយ​អ្នក​អាន និង​ឆ្លើយតប​រាល់​ការ​ប្រឆាំង​របស់​ពួកគេ​លើ​ខ្លឹមសារ​បទ​និពន្ធ។ ជាទូទៅ លិខិត​របស់​អ្នក​អានត្រូវ​បាន​ចុះ​ផ្សាយក្នុងមួយសប្ដាហ៍ម្ដង​ ប្រៀប​ដូច​ជាស្វ័យទិតៀនមួយ ។ ប៉ុន្តែ​ឆន្ទៈ​នៃ​តម្លាភាព​នេះ​មិន​បាន​ផ្ដល់​លទ្ធផល​ដូចគ្នា​ទេ។ គ្រប់យ៉ាង​អាស្រ័យ​​លើ​«គុណសម្បត្តិ​»​របស់​អ្នក​សម្របសម្រួល​​ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់ការងារនេះ​…គេ​ត្រូវ​ធ្លាប់​ជា​អ្នក​យកព័ត៌មាន ហើយ​ដឹង​ពី​គោលការណ៍​ទាំងអស់​នៃ​អាជីពនេះ ដើម្បី​អាច​បំពេញ​ការងារ​ជាអ្នក​សម្របសម្រួល​​ប្រកប​ដោយ​ភាពស្របច្បាប់​ជាក់លាក់។