Menu

២៤-ទំនួលខុសត្រូវផ្នែកសង្គមរបស់អ្នកយកព័ត៌មាន

ការ​អនុវត្ត​វិជ្ជាជីវៈ​ជាអ្នកយកព័ត៌មាន​ត្រូវ​ច្របូកច្របល់​ដោយ​សារ​ការ​អភិវឌ្ឍ​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ផ្សេងៗ​ដែល​កើត​ចេញ​ពី​បច្ចេកវិជ្ជា​​ថ្មីៗ​។ អរគុណ​ដល់​អ៊ិនធឺណែត​ សព្វថ្ងៃនេះ​មាន​ប្រភព«​ព័ត៌មាន​ថ្មីៗ»​ច្រើន​ដូច​ចំនួន​បុគ្គល​នៅ​ក្នុងបណ្តាញ​សង្គម​​ដែរ​ ​និង​មាន​អ្នករាយការណ៍​​ព័ត៌មាន​បែប​ស្ម័គ្រ​ចិត្តច្រើនជាងអ្នកកាសែតអាជីព។ ដូច្នេះ​អ្នកយកព័ត៌មាន​ពិតប្រាកដត្រូវតែ​គិតគូរឡើងវិញ​ពី​ការទាម​ទារ​កាន់តែ​ខ្ពស់​ឡើង​នៃ​មុខ​របរ​របស់ខ្លួន​។

អ្នកយកព័ត៌មានធ្វើសង្គ្រាមតែដើម្បីផល​ប្រយោជន៍​សាកល​

អ្នកយកព័ត៌មានគឺ​ជា​តួអង្គ​ម្នាក់​ក្នុង​សង្គម​ ប៉ុន្តែ​មិន​មែន​ជា​តួអង្គ​នយោបាយ​ទេ បើទោះ​ជា​តួនាទីសង្គម​របស់​អ្នក​យកព័ត៌មាន​​មាន​ជះឥទ្ធិពល​នយោបាយ​ក៏ដោយ។ គុណតម្លៃ​​ដែល​ជាកំណល់ជួយ​​ទ្រសកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកយកព័ត៌មាន​គឺ​ដើម្បីគុណតម្លៃ​​ប្រយោជន៍​សាកល ពោលគឺ​សន្ដិភាព ប្រជាធិបតេយ្យ សេរីភាព សាមគ្គីភាព សមភាព ការអប់រំ សិទ្ធិបុរស សិទ្ធិស្រ្តី សិទ្ធិកុមារ ការ​រីកចម្រើន​សង្គម។ល។ តែពិតណាស់​ថា សំណេរ​របស់​អ្នក​កាសែត​រួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្ដូរ​សង្គម​ និង​នយោបាយ។

បើ​អ្នកយកព័ត៌មាន​ធ្វើ​សកម្មភាព​តែ​ដើម្បី​ប្រយោជន៍​ជាសាកល ដូច្នេះ​អ្នក​យកព័ត៌មាន​​មិនសរសេរ​ដើម្បី​​ប្រយោជន៍​របស់​ផ្នែក វិស័យ​ បុគ្គលឬ​បក្សពួក​នោះ​ឡើយ​។ បើ​មិន​ដូច្នោះទេ អ្នក​នឹង​ធ្លាក់​ក្នុង​ការ​ភាន់ច្រឡំ​​នៃ​ប្រភេទ ឃ្លាត​ចាក​ពី​សេរីភាពរបស់ខ្លួន​ និង​ប៉ះពាល់​ដល់​ភាព​​ជឿជាក់​​ដែល​អ្នក​អាន​​ផ្ដល់​ឲ្យ​សម្រាប់​ភាពឯករាជ្យ​របស់​អ្នក ក្នុង​នាម​ជា​អ្នកយកព័ត៌មាន​។

ប្រសិន​បើអ្នក​ចូល​បក្សនយោបាយមួយ ដែល​តាម​ពិត​វាជាសិទ្ធិក្នុង​នាមជាប្រជាពលរដ្ឋ ប៉ុន្តែអ្នក​ត្រូវ​​តែ​ហាម​ផ្ដាច់​ក្នុង​ការ​យក​អាជីព​ជាអ្នក​កាសែត​របស់​អ្នក​ទៅ​បម្រើ​ឲ្យ​បក្ស​ខ្លួន​ ជាពិសេស​ការ​ចុះ​ផ្សាយ​ពី​ការប្រកាន់​គោលជំហរ​នយោបាយ​របស់​​ខ្លួន​នៅ​ក្នុង​ទំព័រសារព័ត៌មាន។ គោលការណ៍​នៃ​ការ​សរសេរ​អាច​បញ្ចៀស​ហេតុការណ៍បែបនេះ​បាន​ ជាពិសេស​តាមរយៈ​ការ​ហាម​អ្នក​យកព័ត៌មាន​ដែល​ជា​សមាជិក​បក្ស​នយោបាយ​មួយ ​ឬ​សហជីព​មួយ មិន​ឲ្យ​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​គណបក្ស​នោះ​ឬ​សហជីព​នោះ​។

ការ​ផ្ដល់​មតិ​របស់​អ្នក​យកព័ត៌មាន​​ក៏ត្រូវគោរពគោលការណ៍ដែរ

ជានិច្ចកាល ​អ្នកយកព័ត៌មាន​សកម្មជន ដើម្បី​ផលប្រយោជន៍​មនុស្សជាតិ តែង​តែ​​ប្រឆាំង​​ដោយ​បើក​ចំហ​ទៅ​នឹង​អំណាច​ដែលគាបសង្កត់​​ពួកគេ​។ ពេលខ្លះ គេ​ត្រូវ​ចំណាយជីវិត​។ ប៉ុន្តែ​ទោះ​ក្នុង​ករណី​មាន​ភាពតានតឹង​ខ្លាំង​យ៉ាងណា គេ​មិន​ត្រូវ​ឆ្លង​ព្រំដែននៃ​ក្រមសីលធម៌វិជ្ជាជីវៈ​​​ដែល​ខ្លួន​ត្រូវ​តែ​គោរព​តាម​នោះ​ឡើយ។ អ្នកយកព័ត៌មានសកម្មជន​ដែល​ផ្សារភ្ជាប់​នឹង​គុណតម្លៃ​សាកល គឺ​ផ្ដល់​ឲ្យដៃគូ​របស់ខ្លួននូវ​លទ្ធភាព​​ក្នុង​ការ​និយាយ និង​ត្រូវ​បង្ហាញ​ពី​ភាពចេះអត់ឱន​​ចំពោះ​ការវិភាគ និង​ការអត្ថាធិប្បាយ​របស់​ដៃគូ។

អត្ថបទយោង​មានច្រើន

  • គោលការណ៍​នៃកាតព្វកិច្ច​វិជ្ជាជីវៈ​របស់​អ្នក​យកព័ត៌មាន​បារាំង (១៩១៨)។
  • ក្រមសីលធម៌របស់​អ្នកយកព័ត៌មានអាមេរិក (១៩២៦)។
  • ក្រមសីលធម៌​របស់​អ្នកយកព័ត៌មាន​អង់គ្លេស (១៩៣៨)។
  • សេចក្ដីប្រកាស​គោលការណ៍​របស់​សហព័ន្ធ​អន្តរជាតិ​អ្នកយកព័ត៌មាន ស្ដី​ពី​ការ​ប្រព្រឹត្ត​របស់​អ្នកយកព័ត៌មាន ហៅថា​«សេចក្ដី​ប្រកាស​ទីក្រុង​ប័កដូ» (១៩៥៤)។
  • សេចក្ដី​ប្រកាស​អំពីកាតព្វកិច្ច និង​សិទ្ធិ​របស់​អ្នក​យកព័ត៌មាន ហៅថា«សេចក្ដីប្រកាស​ទីក្រុង​ម៉ូនីក» (១៩៧១)។
  • គោលការណ៍​សារព័ត៌មានអាល្លឺម៉ង់ (Pressekodex, 1973)។
  • សេចក្ដី​ប្រកាស​របស់​អង្គការយូណេស្កូ​ស្ដី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ (១៩៨៣)។
  • ធម្មនុញ្ញ​របស់​ក្រុម​ប្រឹក្សា​សហគមន៍អឺរ៉ុប​​ពាក់​ព័ន្ធ​នឹង​ក្រមសីលធម៌​​របស់​វិជ្ជាជីវៈ​សារព័ត៌មាន (១៩៩៣)។

«ភរិយា​របស់​សេហ្សារមិន​ត្រូវ​បានជាប់​សង្ស័យ…»

ក៏ដូច Pompéïa ភរិយាទី​២​របស់​សេហ្សារ​ ដែល​ត្រូវ​បំបរ​បង់​ចោល​ដោយសារ​តែ​ពាក្យ​ចចាម​អារ៉ាម​ពី​សាហាយស្មន់ អ្នកយកព័ត៌មាន​ត្រូវ​ជៀស​ផុត​ពីការ​សង្ស័យ​ទាំងអស់​។ ទំនួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​អ្នកយកព័ត៌មាន​​ ទាមទារឲ្យ​​ភាពមានវិជ្ជាជីវៈពេញបរិបូររបស់​គេ​មិន​ត្រូវ​បាន​សង្ស័យ​នោះ​ឡើយ​។ ការ​ទាមទារ​នេះ​ ​រួម​បញ្ចូល​ការ​គោរព​ពី​ជីវិត​ឯកជន ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល ការបដិសេធ​នូវ​វិធីសាស្រ្ត​​មិនស្មោះត្រង់ ការបដិសេធ​​ក្នុងកា​រលើកស្ទួយ​​ពីផល​​ប្រយោជន៍​បុគ្គល​​ និង​ជាពិសេស​កា​រហាម​រាល់​ការ​ស៊ុមគ្រលំ​ផ្សេងៗ។

***

ទាំងអស់​នេះ​គឺ​ជា​ការ​រំពឹង​ទុក​ខ្ពស់​បំផុត​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ប៉ុន្តែ​វា​ក៏​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ការងារ​របស់​យើងមានភាពថ្លៃថ្នូរផងដែរ យ៉ាងហោចណាស់នេះបើយោងតាម Sénèque ៖ « Magnam fortunam magnus animus decet » «ព្រលឹងដែល​រឹងមាំ ​គឺសម​នឹងលក្ខខណ្ឌ​រឹងមាំ» ។