Menu

៤-ទម្រង់សារព័ត៌មាន

អ្នកយកព័ត៌មានបង្កើតព័ត៌មានជាមួយនឹងអ្វីដែលគាត់បានឃើញ និងបានឮ។ ប៉ុន្តែ នៅក្នុង​ដំណើរការ​នៃការបញ្ជូនការពិត ដែលគាត់បានសង្កេតឃើញនោះ គាត់ត្រូវ​កំណត់​នូវ​ទម្រង់​មួយ​សម្រាប់​បទបង្ហាញរបស់គាត់។ នេះក៏ជានិយមន័យនៃ ព័ត៌មានផងដែរ ដែល​ចេញ​ពី​ពាក្យ​ឡាតាំង in formatio គឺមានន័យថា ទម្រង់មួយ…។ ការបង្កើត « ព័ត៌មាន » មិន​អាច​កម្រិត​បាន​តែ​ត្រឹម​ថា​ជាទំនាក់ទំនងនៃការពិតប៉ុណ្ណោះទេ។ ក្នុងវិស័យព័ត៌មាន ទម្រង់​សារព័ត៌មាន​ជា​ច្រើន​ដែល​មាន លក្ខណៈទូលំទូលាយដូចជាចម្ងាយរវាងការសង្កេតឃើញ និង​ការ​បក​ស្រាយ​ដូច្នោះ​ដែរ។

សំណួរមូលដ្ឋាន និងចម្លើយមូលដ្ឋាន

កិច្ចការដំបូងរបស់អ្នកយកព័ត៌មានគឺទាក់ទងទៅកាន់សាធារណជន ដើម្បីទទួលបាននូវចម្លើយ ទាក់ទិននឹងសំណួរដែលមនុស្សគ្រប់រូបចង់ដឹង ពេលមានព្រឹត្តិការណ៍អ្វីមួយកើតឡើង។ ជានិច្ចកាល សំណួរទាំងនេះមានលក្ខណៈដូចគ្នា ហើយចម្លើយដែលត្រូវការ ក៏មិនខុសគ្នាដែរ។ ទម្រង់បែបបទនៃសារព័ត៌មានមូលដ្ឋានប្រែប្រួលអាស្រ័យទៅលើបរិមាណធាតុនៃចម្លើយតែម្យ៉ាងប៉ុណ្ណោះ។

ផ្តល់ព័ត៌មាន គឺផ្តល់ដំណឹង

នៅក្នុងការផ្តល់ព័ត៌មាន គឺតែងតែមានសំណួរជាមូលដ្ឋានបួន៖ នរណា ? តើអ្វីទៅ ? តើនៅកន្លែងណា ? ពេលណា ? ចម្លើយរបស់អ្នកយកព័ត៌មានក៏មានលក្ខណៈសាមញ្ញដូចសំណួរទាំងនេះដែរ។ ចម្លើយ ត្រូវតែជាឃ្លាមួយដែលមានប្រធាន (នរណា?) ករិយាសព្ទ (ធ្វើអ្វី) កម្មទេសកាលកន្លែង (នៅកន្លែង ណា?) និងកម្មទេសកាលពេលវេលា (ពេលណា?)។

ឧទាហរណ៍៖ ហ្ស៊ុល សេហ្សារ បានទៅដល់តំបន់ប្រឺតាញ កាលពីព្រឹកថ្ងៃម្សិលមិញ។

ការប្រាប់រឿងដើម្បីជូនដំណឹង គឺជាការរៀបរាប់

ព័ត៌មានខ្លីគឺជាទម្រង់ព័ត៌មានដែលមានពាក្យតិចបំផុត។ ត្រឹមតែប្រយោគមួយគឺគ្រប់គ្រាន់សម្រាប់ ទម្រង់សារព័ត៌មាននេះ៖ ហ្ស៊ុល សេហ្សារ ដែលជាទេសាភិបាលនៃទីក្រុងរ៉ូមនៅហ្គោល បានទៅដល់ចក្រភព អង់គ្លេស កាលពីព្រឹកថ្ងៃម្សិលមិញ វេលាម៉ោងប្រមាណ ៦ និង ៣០ នាទី ដោយសារមេឃមិនសូវចុះអ័ព្ទ និងសមុទ្រស្ងប់ស្ងាត់ បន្ទាប់ពីឆ្លងកាត់សមុទ្រម៉ង់ (Manche) ដោយអមដំណើរដោយកងទ័ពពីរកងពល និងទ័ពសេះអាល្លឺម៉ង់មួយអង្គភាព ដែលត្រូវបានបង្ខំឲ្យដើរយ៉ាងលឿន ដើម្បីបន្តដំណើរទៅកាន់ទីក្រុងឡុងដ៍ភ្លាមៗ ដោយមិនប្រឈមមុខនឹងការតស៊ូណាមួយពីសំណាក់ប្រជាជនក្នុងភូមិដែលពួកគេឆ្លងកាត់ឡើយ។ ទម្រង់ព័ត៌មានប្រភេទនេះតម្រូវឲ្យមានការសរសេរបែបសាមញ្ញបំផុត។​ ជាដំបូន្មាន គឺចៀសវាង ប្រើគុណកិរិយាស័ព្ទ និងគុណនាមច្រើន។

ការរៀបរាប់សាច់រឿងគឺជាទម្រង់ព័ត៌មានដែលវែងជាងគេ។ វាគឺជាការពន្យល់ដ៏ពិស្តារពីហេតុការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ពីមួយដំណាក់កាលមួយទៅដំណាក់កាលមួយ តាមលំដាប់លំដោយ​ ឬភាពសមហេតុសមផល ដើម្បីប្រាប់ដល់សាធារណជននូវអ្វីដែលគេដឹងអំពីហេតុការណ៍ តាម របៀបដែលច្បាស់បំផុត។ ការបន្ថែមប្រយោគមូលដ្ឋានគឺគ្រប់គ្រាន់ហើយ៖ ហ្ស៊ុល សេហ្សារ បានទៅ ដល់ចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃម្សិលមិញ ដោយអមដំណើរដោយកងទ័ពពីរកងពល និងទ័ពសេះអាល្លឺម៉ង់ មួយអង្គភាព។ គឺនៅវេលាម៉ោង ៦ និង ៣០ នាទី ពេលដែលទេសាភិបាលនៃទីក្រុងរ៉ូមរូបនេះបានឈានជើងលើ ឆ្នេរខ្សាច់នៃទីក្រុងឌូវ្រើស (Douvres) បន្ទាប់ពីឆ្លងកាត់សមុទ្រម៉ង់ក្នុងពេលរាត្រី។ មេឃមិនសូវចុះអ័ព្ទ រីឯសមុទ្រក៏ ស្ងប់ស្ងាត់ដែរ។ ឆ្មាំនៃតំបន់ប្រឺតាញដែលបានប្រកាសពីដំណឹងនៃការមកដល់នេះ បានឲ្យដឹងថា មាននាវាចម្បាំង ប្រមាណ៥០និងនាវាដឹកកងទ័ពជាង១០០ទៀត…។ល។ ព័ត៌មានជាមូលដ្ឋាននេះរាប់បញ្ចូលនូវគ្រប់ទម្រង់នៃការរៀបរាប់រឿងដូចជា សេចក្តីសង្ខេប ការ បកស្រាយបែបសាមញ្ញៗពីភាពពិតផ្សេងៗនៃព័ត៌មាន ការប្រកាសពីហេតុការណ៍។

ផ្តល់ព័ត៌មានតាមរយៈការពិពណ៌នា គឺជាបទយកការណ៍

បទយកការណ៍គឺជាទម្រង់ព័ត៌មានដ៏ល្អបំផុត។ វាគឺជាការរៀបរាប់ដែលបំពេញបន្ថែមដោយការ ពិពណ៌នាពីភាពពិតនៃព័ត៌មានដែលត្រូវបានរាយការណ៍។ ការពិពណ៌នានេះបន្ថែមព័ត៌មានលម្អិតដែលបង្ហាញពីលក្ខណៈនៃភាពពិត ដូចជាពណ៌ សំឡេង អារម្មណ៍ សក្ខីកម្ម ឈុតឆាកនៃការរស់នៅ និងការស្លាប់។ល។ បទយកការណ៍ធ្វើឲ្យអ្នកអាន មើលរឿងហេតុជាក់ស្តែង។ ការបរិយាយដោយប្រើគុណកិរិយាសព្ទ គុណនាម ការបកស្រាយ ពីអ្វីដែលបានមើលឃើញ និងបានឮ ផ្តល់នូវការពិតដែលមានស្ថិរភាពជាក់លាក់។ ឧទាហរណ៍៖ ហ្ស៊ុល សេហ្សារ បានទៅដល់ចក្រភពអង់គ្លេសយ៉ាងអស្ចារ្យ កាលពីព្រឹកថ្ងៃម្សិលមិញ។ គាត់ពាក់ឯកសណ្ឋាន ប្រយុទ្ធ គ្មានពុកចង្កា និងចោលក្លិនក្រអូបឈ្ងុយឈ្ងប់។ អាវក្រោះរបស់គាត់ចាំងពន្លឺព្រះអាទិត្យដែលរះឡើង ព្រាកៗ។​ ឆ្មាំយាមនៃតំបន់ប្រឺតាញដែលបានរៀបរាប់ពីឈុតឆាកនៃដំណើរមកដល់ បានឲ្យដឹងថា គ្រាន់តែឈាន ជើងដល់ឆ្នេរខ្សាច់នៃទីក្រុងឌូវ្រើសភ្លាម ទេសាភិបាលក្រុងរ៉ូមរូបនេះបានប្រកាសដោយសេចក្តីត្រេកអរថា « Alea jacta est… » ដែលមានន័យថា « បើធ្វើការសម្រេចចិត្តហើយ គឺមិនអាចបកក្រោយបានវិញទេ… »។ មិនថាអត្ថបទវែងប៉ុណ្ណាទេ រាល់ការពិពណ៌នាសុទ្ធតែមានតម្លៃជាបទយកការណ៍។

សំណួរបំពេញបន្ថែម និងចម្លើយបំពេញបន្ថែម

ពេលខ្លះ យោងទៅតាមស្ថានភាពនៃភាពពិត មានសំណួរបំពេញបន្ថែមពីរគឺ ដោយរបៀបណា ? ព្រោះហេតុអ្វី ? គេចោទសួរសំណួរទាំងនេះ នៅពេលដែលភាពពិតនៃរឿងមិនអាចយល់បានដោយ ឯកឯង។ ដើម្បីឲ្យគេយល់ច្បាស់ពីភាពពិត អ្នកយកព័ត៌មានត្រូវបញ្ចូលការបកស្រាយបំភ្លឺនៅក្នុង ទម្រង់ព័ត៌មានរបស់ខ្លួន។

ផ្តល់ព័ត៌មាន គឺផ្តល់ការពន្យល់

ឆ្លើយតបសំណួរ « ដោយរបៀបណា » និង « តើហេតុអ្វី » ជុំវិញហេតុការណ៍ដែលត្រូវបានសង្កេត ឃើញនោះ គឺប្រាប់ដំណឹងពីដើមហេតុ មូលហេតុ និងហេតុផលដែលនាំឲ្យកើតហេតុការណ៍។ មានន័យថា ត្រូវពិនិត្យហេតុការណ៍ឲ្យជិតបំផុត និងយ៉ាងល្អិតល្អិន ដោយបកស្រាយពីធាតុពិត និងបង្ហាញអត្ថន័យពិតប្រាកដ។

ធ្វើការពន្យល់ ដោយវិភាគ គឺជាការស៊ើបអង្កេត

ការស៊ើបអង្កេតគឺជាទម្រង់ព័ត៌មានវិភាគ។ ទម្រង់នេះជួយឲ្យអ្នកអានយល់ពីបញ្ហាដែលកើតឡើង។ វាគឺជាដំណើរបំបែកធាតុនៃហេតុការណ៍។ ឧទាហរណ៍៖ តើហ្ស៊ុល សេហ្សារ បានទៅដល់ចក្រភព អង់គ្លេស កាលពីព្រឹកថ្ងៃម្សិលមិញឬ​ ? អ្នកយកព័ត៌មានស៊ើបអង្កេតប្រមែប្រមូលរាល់ទិន្នន័យទាំងអស់ ដែលអាចរកបាន រួចពន្យល់តើអ្វី ជាបំណង ឬអាចជាគោលបំណងរបស់ទេសាភិបាលក្រុងរ៉ូម ពន្យល់ពីរបៀបដែលគាត់បានរៀប ចំសម្រាប់ការចុះចតនៅចក្រភពអង់គ្លេស តើគាត់មាន កងកម្លាំងអ្វីខ្លះ តើអ្វីជាផែនការ ឬអាចជា ផែនការប្រយុទ្ធរបស់គាត់។ល។ ការងារវិភាគនេះទាមទារ ឲ្យមានចំណេះដឹងល្អទាក់ទងនឹងប្រធានបទ ការស្រាវជ្រាវព័ត៌មានដ៏ ត្រឹមត្រូវ រកប្រភពដ៏គួរឲ្យ ជឿជាក់បាន សក្ខីកម្មច្បាស់លាស់ និងពេលវេលាសម្រាប់ពិចារណា។ ពេលខ្លះ ការស៊ើបអង្កេត បែបវិភាគមិនបានពន្យល់ពីការពិតមួយចំនួន ដោយសារតែទិន្នន័យមិន ត្រូវបានលាតត្រដាង ត្រូវបានលាក់បាំង ឬប៉ះពាល់។ ដូច្នេះ អ្នកយកព័ត៌មានត្រូវធ្វើការស្រាវជ្រាវ លើសពីទិន្នន័យ ដែលគេស្គាល់។ នេះគឺជាការស៊ើបអង្កេតស្រាវជ្រាវដែលជាទម្រង់ព័ត៌មានស៊ីជម្រៅជាងគេ។

ពន្យល់ដោយឲ្យមនុស្សម្នាក់ធ្វើការវិភាគ គឺជាការសម្ភាស

ការសម្ភាសគឺជាវិធីសាស្រ្តមួយនៃការវិភាគជំនួស។ នៅពេលដែលអ្នកយកព័ត៌មានមិនអាចផ្តល់នូវ ការពន្យល់ដោយខ្លួនឯងចំពោះអ្វីដែលគេទន្ទឹងរង់ចាំពីគាត់ គាត់ស្នើសុំយោបល់ពីអ្នកជំនាញ ម្នាក់នៃប្រធានបទ។ ហ្ស៊ុល សេហ្សារ ទើបតែទៅដល់ចក្រភពអង់គ្លេស! លោកប្រ៊ុយទូស ក្នុងនាមលោកជាអ្នក ស្គាល់លោកទេសាភិបាលក្រុងរ៉ូមប្រចាំនៅហ្គោលច្បាស់ តើលោកអាចពន្យល់ប្រាប់យើងបានទេថា តើហេតុអ្វី ?…បទសម្ភាសន៍ដែលត្រូវបានបោះពុម្ពផ្សាយក្រោមទម្រង់ជាសំណួរ និងចម្លើយគឺច្បាស់លាស់ បំផុត។

ផ្តល់ព័ត៌មាន គឺផ្តល់ការបកស្រាយ

នៅពេលដែលការរៀបរាប់ ការពិពណ៌នា និងការវិភាគបន្សល់ទុកនូវភាពមន្ទិលសង្ស័យជុំវិញ ភាពពិតនៃរឿង អ្នកកាសែតអាចដើរតួជាអ្នកបកស្រាយព័ត៌មាន។ ដោយសារតែមិនអាចបង្ហាញ ភាពពិតនៃរឿងតាមសភាពពិតរបស់វាទាំងអស់បាន អ្នកកាសែតព្យាយាមបកស្រាយតាមរយៈ បំណែកនៃទិន្នន័យដែលគាត់មានក្នុងដៃ។

បកស្រាយតាមរយៈការវាយតម្លៃ គឺជាការអត្ថាធិប្បាយ

មានវិធីច្រើនយ៉ាងដើម្បីចែករំលែកគំនិតផ្ទាល់ខ្លួនជាមួយមិត្តអ្នកអានរបស់អ្នក តែគ្រប់វិធីទាំងអស់គឺ សុទ្ធតែជាទម្រង់អត្ថាធិប្បាយដូចជា ខ្ទង់ពីនេះពីនោះ ខ្ទង់ទំព័រ និងគំនូរជាដើមហ្ស៊ុល សេហ្សារ បានទៅដល់ ចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃម្សិលមិញ ? កងកម្លាំងដែលអមដំណើរគាត់មានចំនួនច្រើនណាស់ ដែលនេះ ទំនងជាលោកទេសាភិបាលក្រុងរ៉ូមប្រចាំនៅហ្គោល មិនមែនឆ្លងកាត់សមុទ្រម៉ង់ដើម្បីគ្រាន់តែធ្វើទស្សនកិច្ចកម្សាន្ត នោះទេ…។ អ្នកអានគឺជាអ្នកដែលវិនិច្ឆ័យពីភាពត្រឹមត្រូវនៃការបកស្រាយនេះ។

បកស្រាយដោយធ្វើការសន្និដ្ឋាន គឺជាបទវិចារណកថា

បន្ទាប់ពីការពិចារណាផ្ទាល់ខ្លួនអស់ពេលមួយរយៈ ប្រសិនបើអ្នកយកព័ត៌មានធ្វើការវិនិច្ឆ័យដ៏ មានតម្លៃលើការពិតដែលគាត់បានសង្កេតឃើញ បានវិភាគ និងវាយតម្លៃនោះ គឺគាត់កំពុង សរសេរបទវិចារណថាហ្ស៊ុល សេហ្សារ បានទៅដល់ចក្រភពអង់គ្លេសហើយ។ សូមព្រះជាម្ចាស់ជួយ ព្រះមហាក្សត្រិយានីផង ! អ្នកអានមានសិទ្ធិនឹងសម្រេចថា យល់ស្រប ឬមិនយល់ស្របចំពោះមតិ នេះ តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រយោគនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគំនិតរបស់អ្នកនិពន្ធ ហើយវាបង្កើតជាព័ត៌មានមួយ។