Menu

៥-ហេតុការណ៍ពិត

ព័ត៌មានមិនមែនជាវិទ្យាសាស្រ្តច្បាស់លាស់ទេ។ ពុំមាន​ហេតុការណ៍​​ទាំងស្រុងណា​ដែលអាច​បង្កើត​​ឡើង​បាន​តាមបែបវិទ្យាសាស្រ្តឡើយ។ ដូច្នេះ ពុំមាន​បទដ្ឋាន​នៃការ​វិនិច្ឆ័យការ​ពិត​ដាច់​ខាត​ណាមួយនៅក្នុងរបៀបបកស្រាយព័ត៌មានទេ។ រាល់ព័ត៌មានទាំងអស់ មិន​ថា​ជាទម្រង់​សារព័ត៌មានបែបណា​ដែលត្រូវបានប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយនោះទេ គឺជា​ផលិតផល​នៃ អន្តរាគមន៍របស់មនុស្ស។ បទអន្តរាគមន៍របស់អ្នកយកព័ត៌មានត្រូវតែធានានូវភាពស្មោះត្រង់។

គោរពហេតុការណ៍ពិតដែលយើងសង្កេត…ដោយប្រុងប្រយ័ត្ន !

ការគោរពហេតុការណ៍ពិតដែលត្រូវបានសង្កេតឃើញ គឺ​មិន​មែន​ត្រឹម​តែ​ប្រាប់​រឿង​តាម​សេចក្តី​ពិត​​ប៉ុណ្ណោះ​ទេ ពោលគឺត្រូវពិពណ៌នាសាច់រឿងនោះ​តាមខ្សែសង្វាក់នៃទំនាក់ទំនងរឿង ដាក់​វា​នៅ​ក្នុង​​បរិបទ​ជាក់​​លាក់​មួយ ព្យាយាមពន្យល់ពីមូលហេតុ និងបកស្រាយ​ដោយ​ធ្វើឲ្យមាន​ភាព​ស៊ី​សង្វាក់​គ្នាជា​ចាំ​បាច់។ នេះទើបហៅថា​ ការសង្កេតមើលហេតុការណ៍ពិតដ៏សកម្ម និង​មិន​មែន​អសកម្ម​ទេ។

ហេតុការណ៍មួយចំនួនដែលត្រូវបានបកស្រាយដោយមិនបានថ្លឹងថ្លែង នៅក្រៅបរិបទ ឬស្ថិត​ក្រោម​​ឥទ្ធិពល​នៃ​អារម្មណ៍ អាចប្រែក្លាយទៅជាមិនពិតទៅវិញ ប្រសិន​បើ​វាគ្រាន់​តែជាបំណែក​មួយ​​នៃ​​ភាពពិត។ ក្នុងករណីសង្ស័យ អ្នកយកព័ត៌មានដ៏ស្មោះត្រង់ត្រូវសារភាពថា គាត់​មិន​ទាន់​បាន​ទទួល​ព័ត៌មាននៅឡើយទេ៖ យើងមិនដឹងថា មានអ្វីកើតឡើងពិតប្រាកដទេ។

គោរពចំពោះសក្ខីកម្ម…តែកុំវិនិច្ឆ័យដោយខ្លួនឯង

ការគោរពចំពោះសក្ខីកម្មដែលប្រមូលបាន មិនមែនគ្រាន់តែរាយការណ៍ពីសក្ខីកម្មទាំងនោះ ដោយ​មិនបំភ្លៃតែម្យ៉ាងនោះទេ គឺត្រូវបំភ្លឺអ្នកអានពីស្ថានភាពនៃការទទួលបានសក្ខីកម្ម បញ្ជាក់​ពី​អត្តសញ្ញាណ​របស់សាក្សី និងភាពស្របច្បាប់នៃការផ្តល់ចម្លើយរបស់ពួកគេ។ បើសិន​ជា​សក្ខីកម្ម​ត្រូវ​បាន​អមដោយការស្មាននោះ អ្នកយកព័ត៌មានមិនត្រូវធ្វើឲ្យអ្នកអានរបស់ខ្លួនយល់ថា វា​គឺ​ជា​គំនិត​របស់​គាត់​ឡើយ។

ទោះបីជាពេលខ្លះ ការស្មានទាំងនោះបង្កើនភាពស្មុគស្មាញដល់ការរៀបរាប់រឿងក៏ដោយ ក៏​របៀប​សរសេរដោយប្រុងប្រយ័ត្នមួយចំនួនត្រូវប្រើជាចាំបាច់ ដើម្បី​បញ្ជៀស​ភាព​មិន​ច្បាស់​លាស់​។ ឧទាហរណ៍៖ បើយោងតាមសាក្សីនេះ… សាក្សីនេះអះអាងថា… លោក X បាន​ឃើញ​ហេតុ​ការណ៍​​ទាំងអស់គាត់បាននិយាយថា៖ « ខ្ញុំមានវត្តមាននៅកន្លែងកើតហេតុ…។ ខ្ញុំបាន​ឃើញ…»​។​

គោរពការយល់ឃើញ…តែកុំគាំទ្រ !

អ្នកយកព័ត៌មានបង្ហាញគ្រប់មតិយោបល់ទាំងអស់ រួមទាំងមតិដែលគាត់មិនពេញចិត្តផងដែរ តែគាត់មិនផ្សារភ្ជាប់ខ្លួនទៅនឹងមតិទាំងនោះទេ។ « ដំណឹង » ដែលបាន​មក​ពី​ប្រភព​នៃ​ស្ថាប័ន​ផ្សេងៗ (សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មាន។ល។) ត្រូវតែ​បកស្រាយ​តាមរបៀប​ដូចគ្នា​នឹង​​ព័ត៌មានចេញមកពីប្រភពផ្សេងៗទៀតដែរ។

សាធារណជនមានសិទ្ធិទន្ទឹងរង់ចាំឲ្យអ្នកយកព័ត៌មានធ្វើការពន្យល់ដល់គាត់ពីសំណួរ « ហេតុអ្វី » និង « ដោយរបៀបណា » នៅក្នុងការផ្សាយរបស់ខ្លួន ឬពន្យល់ពីអ្វីដែលអ្នកកាសែតចង់ប្រាប់។ ត្រូវ​ផ្តល់នូវការពន្យល់យ៉ាងលម្អិតគ្រប់ជ្រុងជ្រោយ។ ធ្វើការ​បក​ស្រាយ​នៅក្នុង​ចង្កោម​នៃសេចក្តី​ណែនាំ​រឿង​ឲ្យបានត្រឹមត្រូវ (ចំណងជើងដែលមិនផ្សារភ្ជាប់នឹងទស្សនៈណាមួយ, សំណេរ​ណែនាំ និងពន្យល់រឿង, អត្ថបទ​ក្បាលរឿង…) ដើម្បីកុំឲ្យអ្នកអានយល់ថា កាសែតគាំទ្រមតិ​យោបល់​របស់​ប្រភពផ្លូវការ…។

ប្រសិនបើអ្នកនាំពាក្យរបស់ ហ្ស៊ុល សេហ្សារ ចេញ​ផ្សាយ​សេចក្តី​ប្រកាសព័ត៌មាន​ជា​ផ្លូវ​ការ​ក្រោម​ចំណង​ជើងថា « សេហ្សារ ទៅកាន់​ប្រទេស​អង់គ្លេស​ដើម្បីនាំ​យក​នូវផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​អង់គ្លេស » យកល្អ​គួរតែចេញ​ផ្សាយព័ត៌មាន​ដោយ​ដាក់​ចំណង​ជើង​ដែល​មាន​ភាព​អព្យាក្រឹត​ជាងនេះ។ ឧទាហរណ៍ គួរប្រើប្រាស់អព្ភន្តរសញ្ញាដើម្បីគូសបញ្ជាក់ឲ្យច្បាស់ថា សេចក្តី​ប្រកាស​ព័ត៌មាននោះធ្វើឡើងដោយសេហ្សារតែម្នាក់ប៉ុណ្ណោះ ហើយ​មិន​ពាក់​ព័ន្ធនឹង​កាសែត​ដែល​គ្រាន់​តែផ្សាយដំណឹងនោះទេ។ សេហ្សារអះអាងថា គាត់ទៅកាន់ប្រទេសអង់គ្លេស « ដើម្បី​ផល​​ប្រយោជន៍ដ៏ធំធេងរបស់ពលរដ្ឋអង់គ្លេស »។

ច្បាប់មូលដ្ឋានគ្រឹះគឺ ត្រូវរក្សាគម្លាត

«​ ឥរិយាបថដែលអ្នកសារព័ត៌មានត្រូវប្រកាន់យក » គឺរក្សា​គម្លាត​របស់​ខ្លួន​ពី​ឥទ្ធិពល​នៃ​បាតុភូត​ខាងក្រៅ អារម្មណ៍របស់អ្នកដទៃ និងអារម្មណ៍របស់ខ្លួនឯងផ្ទាល់។ ត្រូវចាត់ទុកថា ខ្លួន​ឯង​ជា​អ្នក​អាន ដោយចោទជាសំណួរថា តើអ្វីដែលខ្ញុំសរសេរ អ្វីដែលខ្ញុំចង់និយាយ នឹង​អាច​ឲ្យអ្នក​អាន​យល់​ច្បាស់​ដែរឬទេ ?

ទោះជាមានចំណុចមន្ទិលតិចតួចក៏ដោយ ក៏ត្រូវកែសម្រួលអត្ថបទរបស់ខ្លួនឡើងវិញដែរ។