Menu

៧-លំដាប់ថ្នាក់ព័ត៌មាន

សម្រាប់អ្នកយកព័ត៌មាន តាមនិយមន័យ ព័ត៌មាន​សំខាន់​គឺ​ជា​ព័ត៌មាន​ដែល​មាន​សារសំខាន់​សម្រាប់​អ្នកអានកាសែតរបស់ គាត់។ លំដាប់ថ្នាក់​នៃ​ព័ត៌មាន​ត្រូវបាន​កំណត់​ដោយ​បរិវេណ​ដែល​អ្នក​យកព័ត៌មានបំពេញអាជីពការងាររបស់ខ្លួនដែលជាអ្នក ផលិតព័ត៌មាន។ ប៉ុន្តែ មិន​ថា​ជា​កាសែត​អ្វីទេ ហេតុការណ៍ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានមួយចំនួនមិន ប្រាកដ​ថា​ទាក់ទាញអ្នកអានដទៃទៀតនោះទេ។ លំដាប់ថ្នាក់ព័ត៌មានមិននៅនឹងថេរទេ គឺវាប្រែប្រួល។ វាមិនដូចគ្នាសម្រាប់ គ្រប់កាសែតទេ។

ច្បាប់ធម្មជាតិ ៥ យ៉ាង

ច្បាប់ភាពជិតនៃទីតាំងភូមិសាស្រ្ត៖ រឿងរ៉ាវដែលកើតឡើងនៅផ្ទះរបស់ខ្លួន មានសារសំខាន់ជាងរឿងរ៉ាវ នៅកន្លែងផ្សេង។ នេះជាហេតុផលសម្រាប់អត្ថិភាពនៃសារព័ត៌មានក្នុងស្រុក។ ការចុះចតរបស់ សេហ្សារនៅចក្រភពអង់គ្លេសគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រជាជននៃតំបន់ប្រឺតាញ តែវាជា ព្រឹត្តិការណ៍ដ៏សែនឆ្ងាយសម្រាប់ជនជាតិចិន។

ច្បាប់ភាពជិតនៃពេលវេលា៖ រឿងរ៉ាវដែលកើតឡើងនៅថ្ងៃនេះ មានសារសំខាន់ជាងអ្វីដែលកើតឡើង កាលពីថ្ងៃម្សិលមិញ។ នេះជាហេតុផលសម្រាប់អត្ថិភាពនៃសារព័ត៌មានប្រចាំថ្ងៃ។ កាសែត « Le Quotidien de Rome » ពិតជាផ្តល់អាទិភាពដល់ការរៀបរាប់រឿងយ៉ាងពិស្តារអំពីការចុះចតរបស់សេហ្សារ នៅចក្រភពអង់គ្លេស។

ច្បាប់ភាពជិតនៃមនោសញ្ចេតនា៖ អ្វីដែលទាក់ទាញចិត្តអ្នកអាន គឺសំខាន់ជាងអ្វីៗផ្សេងទាំងអស់។ នេះជាហេតុផលសម្រាប់អត្ថិភាពនៃទស្សនាវដ្តី។ ជីវិតឯកជនរបស់សេហ្សារទាក់ទាញពួកស្រ្តីរ៉ូម៉ាំងជាង កងទ័ពរបស់គាត់។ ដូច្នេះ ទស្សនាវដ្តី « La Gazette de Rome » នឹងផ្តល់អាទិភាពដល់ការធ្វើបទសម្ភាសន៍ជា មួយប្រពន្ធរបស់គាត់។

ច្បាប់ភាពជិតនៃលក្ខណៈងាយស្រួល៖ អ្វីដែលសាមញ្ញ គឺងាយស្រួលចូលទៅដល់ជាងអ្វីដែល ស្មុគស្មាញ។ នេះជាហេតុផលសម្រាប់អត្ថិភាពនៃសារព័ត៌មានដែលត្រូវបានចែកចាយដោយឥត គិតថ្លៃ។ សារព័ត៌មាន « Rome Pratique » នឹងចេញផ្សាយសំណុំរូបភាពក្រាហ្វិកស្តីពីការចុះចតរបស់សេហ្សារ៖ ផែនទីនៃទីតាំងសេនាធិការដ្ឋានប្រចាំតំបន់ ទីតាំងឈរជើងរបស់កងទ័ព ទិន្នន័យអំពីចំនួនកងទ័ពដែលមាន វត្តមាន…

ច្បាប់ភាពជិតនៃផលប្រយោជន៍៖ អ្វីដែលមើលឃើញជាក់ស្តែង គឺគួរឲ្យចាប់អារម្មណ៍ជាងអ្វីដែលមើល មិនឃើញ។ នេះជាហេតុផលសម្រាប់អត្ថិភាពនៃសារព័ត៌មានផ្នែកសេវាកម្ម។ សារព័ត៌មាន « Rome Services » នឹងចេញផ្សាយនៅលើទំព័រមុខរបស់ខ្លួនពីការព្យាករបើកទីផ្សារទាសករប្រឺតាញថ្មីមួយ។

***

ព័ត៌មានដ៏សំខាន់ជាងគេគឺព័ត៌មានដែលប្រមូលផ្តុំធាតុនៃច្បាប់ទាំង៥ ច្រើនជាងគេ។ ប្រសិនបើមានការសង្ស័យ សូមធ្វើការពិភាក្សាផ្ទៃក្នុងថា តើព័ត៌មានអ្វីដែលសំខាន់ជាងគេនៅថ្ងៃនេះ សម្រាប់អ្នកអានភាគ ច្រើនរបស់យើង ? គំនិតជាក្រុមធ្វើឲ្យមានភាពងាយស្រួលក្នុងការជ្រើសរើសព័ត៌មានជាអាទិភាព និងជាពិសេសកំណត់មាតិកានៃព័ត៌មានសម្រាប់ទំព័រមុខ។

ការរៀបចំលំដាប់ថ្នាក់នៃព័ត៌មាន

ទោះបីជាព័ត៌មានគឺជាផលិតផលមួយក៏ដោយ ក៏វាមិនមែនជាទំនិញធម្មតាដែរ។ ព័ត៌មានគឺជា សម្បត្តិនៃឧបករណ៍ប្រើប្រាស់របស់សង្គម។ ក្រុមសរសេរព័ត៌មាននីមួយៗមានលទ្ធភាពក្នុងការបង្កើតលំដាប់ថ្នាក់ភាពសំខាន់នៃព័ត៌មានដោយខ្លួនឯង ដោយផ្អែកលើឋានានុក្រមធម្មជាតិ។ ក្រុមនីមួយៗអាចធ្វើដូច្នេះ ដោយជ្រើសរើសមុំនៃ ប្រធានបទ ដើម្បីបញ្ចូលផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍អ្នកអានរបស់ខ្លួន។

តើសេហ្សារបានទៅដល់ចក្រភពអង់គ្លេសមែនឬ ? សារព័ត៌មាន « London Times » បានតាមចំណាប់អារម្មណ៍ អ្នកអានរបស់ខ្លួន ដោយចេញផ្សាយលេខពិសេសមួយ។ សារព័ត៌មាននេះបានដាក់ចំណងជើងធំនៃអត្ថបទលើទំព័រ មុខថា៖ « សេហ្សារ ! ចេញឲ្យឆ្ងាយទៅ ! »។ តួអត្ថបទ៖ សំណុំរឿងដែលមានពីរផ្នែក។ ១. ពួកឈ្លានពាន (ជីវព័ត៌មានរបស់សេហ្សារ ការរម្លឹកពីស្នាដៃរបស់គាត់ វិភាគពីកងកម្លាំងរបស់គាត់ សក្ខីកម្ម។ល។)។ ២. ពួកតស៊ូ ប្រឆាំង (ការរៀបរាប់ពីចលនាប្រមូលផ្តុំរបស់ប្រជាជនប្រឺតាញ ជីវព័ត៌មានរបស់មេចលនា បទសម្ភាសន៍ជាមួយ ភរិយារបស់គាត់ ដំបូន្មានល្អៗចំពោះប្រជាជន បទវិចារណកថា។ល។)។

ដំណោះស្រាយប្រសើរបំផុតគឺ ការបែងចែកលំដាប់សារ

ដើម្បីផ្តល់នូវចម្លើយដ៏ល្អបំផុតចំពោះសំណួរ សូមបែងចែកសំណួរទៅជាសំណួរតូចៗដូចខាងក្រោម៖

  • តើអ្វីជាព័ត៌មានសំខាន់សម្រាប់អ្នកអានដែលចាប់អារម្មណ៍ចំពោះព័ត៌មាននយោបាយក្នុងប្រទេស ?
  • តើអ្វីជាព័ត៌មានសំខាន់សម្រាប់អ្នកអានដែលចាប់អារម្មណ៍ចំពោះព័ត៌មាននយោបាយក្រៅប្រទេស ?
  • តើអ្វីជាព័ត៌មានសំខាន់សម្រាប់អ្នកអានដែលចាប់អារម្មណ៍ចំពោះព័ត៌មានសេដ្ឋកិច្ច និងសង្គម ?
  • តើអ្វីជាព័ត៌មានសំខាន់សម្រាប់អ្នកអានដែលចាប់អារម្មណ៍ចំពោះព័ត៌មានវប្បធម៌ ឬកីឡា ?
  • ។ល។

ប្រធានបទគឺធ្វើទៅតាមសំណួរតូចៗទាំងនេះ។

ក្នុងករណីមានការសង្ស័យ៖ ផ្តល់អាទិភាពដល់ហេតុការណ៍ពិត។ ផ្តល់ព័ត៌មានទាំងអស់ដែលអ្នកអានត្រូវការ ដើម្បីឲ្យគាត់ធ្វើការវិនិច្ឆ័យដោយខ្លួនឯង។

ឧទាហរណ៍នៃព័ត៌មានដែលត្រូវបានរៀបចំតាមលំដាប់នៅក្នុងទំព័រគំរូមួយ

  • ការរៀបរាប់ពីភាពពិតនៃព័ត៌មានយ៉ាងពិស្តារ (រឿងរ៉ាវ ឬសេចក្តីរាយការណ៍ព័ត៌មាន)
  • សក្ខីកម្មអំពីភាពពិតនៃរឿង (សេចក្តីរាយការណ៍ព័ត៌មាន ឬ « ការសម្ភាសតាមផ្លូវ »)
  • ប្រតិកម្មចំពោះភាពពិត (សេចក្តីរាយការណ៍ព័ត៌មាន ឬអត្ថបទព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន)
  • បញ្ហាដែលត្រូវបានលើកឡើងដោយភាពពិត (វិភាគ)
  • ការអត្ថាធិប្បាយទូទៅ (វិចារណកថា)