Menu

៨-ពីការពិត…ទៅមុំជាច្រើន

ការផ្តល់ព័ត៌មាន គឺជាការផ្តល់ដំណឹង។ ដំណឹងដែលត្រូវបានបញ្ជូន ត្រូវតែជាដំណឹងពិត ប្រាកដ។ ប្រសិនបើវាមិនមែនជា ដំណឹងពិត នោះវាមិនមែនជាព័ត៌មានទេ។ វាគឺជាការកុហក។ ការ​ផ្តល់ព័ត៌មាន គឺជាការបង្កើតទម្រង់នៃព័ត៌មានដែល ត្រូវបានបញ្ជូន។ ប្រសិន​បើ​ការ​បង្កើត​ទម្រង់​នេះធ្វើឲ្យប៉ះពាល់ដល់ខ្លឹមសារនៃដំណឹង នោះគឺជាកលល្បិចមួយ។ ភារកិច្ច ចម្បង​របស់​អ្នក​យកព័ត៌មានអាជីពគឺ បម្រើ​សិទ្ធិ​របស់​សាធារណជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ។

ការពិតគួរតែត្រូវគោរព

គោរពសេចក្តីពិត គឺត្រូវយកចិត្តទុកដាក់នឹងភាពពិតនៃរឿង។ ពេលខ្លះ បើទោះបីជាយើងសងេ្កតមើលភាពពិត ដោយខ្លួនឯង ក៏វាអាចជាការបោកបញ្ឆោតដែរ។ យើងត្រូវប្រើពេលវេលាស្វែងយល់ពីអ្វីដែល យើងមើលឃើញ ដើម្បីកុំឲ្យភាន់ច្រឡំពីអត្ថន័យពិតប្រាកដនៃការសង្កេតរបស់យើង។

ឧទាហរណ៍៖ នៅតាមផ្លូវ ខ្ញុំឃើញបុរសម្នាក់កំពុងវាយបុរសម្នាក់ទៀត។ ហេតុការណ៍ហាក់ដូចជាស្តែងច្បាស់ ណាស់ថា៖ ខ្ញុំឃើញអ្នកវាយគេ និងអ្នកត្រូវគេវាយ។ ប៉ុន្តែ តើមានអ្វីផ្សេងនៅពីក្រោយរូបភាពនៃហេតុការណ៍នេះ ?

នីតិវិធីកំណត់អត្តសញ្ញាណ

មានវិធីសាស្រ្តដែលអាចអនុវត្តបានសម្រាប់សម្គាល់ភាពពិតនៃហេតុការណ៍ដែលត្រូវបានសង្កេតឃើញ ដើម្បីបញ្ជូនព័ត៌មានដោយស្មោះត្រង់តាមដែលអាចធ្វើទៅបាន។

ពេលសង្កេតឃើញហេតុការណ៍ដោយផ្ទាល់៖

 • ត្រូវគិតក្នុងចិត្តថា អ្វីដែលយើងមើលឃើញ គ្រាន់តែបំណែកមួយនៃភាពពិតប៉ុណ្ណោះ។
 • សួរខ្លួនឯងពីអត្ថន័យពិតនៃការសង្កេតរបស់យើង។
 • ត្រូវថ្លឹងថ្លែងរវាងការសង្កេតរបស់យើង និងការសង្កេតរបស់សាក្សីដទៃទៀត ( « តើលោកបានឃើញនូវអ្វីដែលខ្ញុំឃើញឬទេ ? ខ្ញុំមិនប្រាកដថា បានមើលឃើញច្បាស់ទេ៖ តើលោកបានមើលឃើញអ្វីខ្លះ ? »)
 • កំណត់ហេតុការណ៍ជាបន្តបន្ទាប់
 • ដាក់ហេតុការណ៍ក្នុងបរិបទរបស់វា
 • រៀបចំហេតុការណ៍ដោយគ្មានការជ្រើសរើស កាត់ចេញ ឬបកប្រែអ្វីទាំងអស់។
 • ឲ្យនរណាម្នាក់អានអត្ថបទរបស់យើងឡើងវិញ ដើម្បីពិនិត្យមើលក្រែងខ្លឹមសារមិនត្រឹមត្រូវ។

ពេលសង្កេតឃើញហេតុការណ៍ដោយប្រយោល៖

 • ពិនិត្យមើលពីភាពគួរឲ្យជឿជាក់នៃសក្ខីកម្ម
 • ផ្គុំការអះអាងរបស់សាក្សីនីមួយៗ
 • ស្វែងរកប្រភពជាផ្លូវការ
 • ប្រើរូបមន្តប្រុងប្រយ័ត្ន៖ « បើយោងតាមប៉ូលិស…» « បើតាមសាក្សី… »។

ការពិតត្រូវតែស្វែងរក

នៅពេលដែលផលប្រយោជន៍បុគ្គល ឬសមូហភាពរារាំងដល់ដំណើរការនៃការកំណត់សេចក្តីពិត កាតព្វកិច្ចសង្គមរបស់អ្នកយកព័ត៌មានគឺស្វែងរកការពិត។ ប៉ុន្តែ ការស្វែងរកការពិតនេះមិនសម ស្របនឹងការប្រើវិធីណាមួយទេ។ ការគោរពជីវិតឯកជន និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ស្ថិតនៅក្នុងក្រម សីលធម៌នៃសារព័ត៌មានអាជីព។ ផ្ទុយទៅវិញ ចំពោះរឿងដែលពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ ការស្វែងរកការពិតគឺជារឿងស្របច្បាប់ តែអ្នកយកព័ត៌មានមិនមែនជាមន្រ្តីប៉ូលិស ហើយក៏មិនមែនជាចៅក្រម ដែរ លទ្ធភាពនៃការស៊ើបអង្កេតរបស់គាត់នៅមានកម្រិត។ នេះជាអ្វីដែលគាត់ត្រូវដឹង និងត្រូវតែ ទទួលស្គាល់។

យកតម្លាភាពមកតទល់នឹងការលាក់បាំង រាល់ពេលដែលការរាំរាំងស្វែងរកការពិតត្រូវបានស្តែងចេញដោយចេតនា។

 • ស្នើសុំការពន្យល់តាមសារអេឡិចត្រូវនិច
 • ប្រាប់ពីការលំបាករបស់អ្នកដល់អ្នកអាន
 • រក្សារបៀបវារៈនៃការស្រាវជ្រាវរបស់អ្នក
 • រក្សាទុកភស្តុតាងដែលគួរឲ្យទុកចិត្ត
 • កែកំហុស
 • ទទួលស្គាល់កំហុស

កុំគិតមមៃ !

សម្រាប់អ្នកយកព័ត៌មានដែលប្រឈមនឹងឧបសគ្គយ៉ាងអនេក ជួនកាល ការស្វែងរកការពិត ក្លាយទៅជាការគិតមមៃ។ បំណងប្រាថ្នាចង់ក្តាប់ការពិតនាំមកនូវហានិភ័យនៃការបង្ខូចសេចក្តី ពិតដោយខ្លួនឯងទៅវិញ។ ម្ល៉ោះហើយទោះបីជាវែករកការពិតបាន ក៏វាមិនឆ្លើយតបនឹងការទន្ទឹង រង់ចាំរបស់អ្នកអានដែរ។ ហានិភ័យនេះកើតឡើងជាពិសេស នៅពេលដែលអ្នកយកព័ត៌មានភ្លេច ភារកិច្ចនៃការរក្សាជំហរអព្យាក្រឹតរបស់គាត់ ដើម្បីអនុគ្រោះដល់សេចក្តីសន្មតិមួយ៖ ប្រសិនបើគាត់ មិនបញ្ចូលភាពពិតដែលគាត់បានឃើញទៅក្នុងអត្ថបទរបស់គាត់ទេ នៅពេលដែលគេរកឃើញភាពពិតដែលមិនដូចអ្វីដែល គាត់បានសន្មត មានន័យថា អ្នកយកព័ត៌មានប្រព្រឹត្តអំពើមិនទៀងត្រង់ហើយ។ ទោះជាយ៉ាងណាក៏ដោយ គ្មាន សេចក្តីពិតដាច់ខាតទេ។