Menu

៩-ប្រភព

ដើម្បីរាយការណ៍ព័ត៌មានដល់អ្នកដទៃឲ្យបានត្រឹមត្រូវកើត លុះត្រាតែ​ខ្លួន​ឯង​ដឹង​ព័ត៌មាន​ច្បាស់​លាស់​សិន។ អ្នកយកព័ត៌មានត្រូវការប្រភពដែលអាចជឿជាក់បាន ដើម្បីជួយ​ឲ្យគាត់​ថ្លឹង​ថ្លែង​រវាង​ដំណឹងពិត និងដំណឹងក្លែងក្លាយ និងដើម្បីផ្សាយព័ត៌មានត្រឹមត្រូវ។ ប៉ុន្តែ ការប្រើប្រាស់​ប្រភព​ប្រកបដោយប្រសិទ្ធភាព ទាមទារឲ្យមានការប្រុងប្រយ័ត្ន និងនីតិវិធីដែល​ស្រដៀង​ទៅនឹង​នីតិវិធី​នៃការកំណត់ហេតុការណ៍ពិត។

ប្រភពមានបួនប្រភេទ

  • ប្រភពស្ថាប័ន៖ វាជាប្រភពដែលគ្រប់គ្រងដោយអាជ្ញាធរសាធារណៈដូចជា រដ្ឋាភិបាល ក្រសួង នាយកដ្ឋាន។ល។ ប្រភពមានអត្ថប្រយោជន៍ត្រង់ថា វាត្រូវបានរៀបចំតាមលំដាប់ លំដោយ ងាយស្រួលរក និងនាំយកព័ត៌មានផ្លូវការ។ វាចាំបាច់ណាស់ដែលអ្នកយកព័ត៌មានត្រូវមាន ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់មនុស្សទាំងអស់ដែលបានទទួលការអនុញ្ញាតឲ្យនិយាយជំនួសរដ្ឋអំណាច (អ្នកនាំពាក្យ និងមន្រ្តីព័ត៌មានជាដើម) នៅក្នុងសៀវភៅទំនាក់ទំនងរបស់ខ្លួន។ បង្កើតបញ្ជីឈ្មោះ មនុស្សទាំងនោះ និងទាក់ទងពួកគេភ្លាម ពេលដែលពួកគេចូលបម្រើការងារ ហើយពួកគេ មានកិតិ្តយសដែលបានទទួលស្គាល់ពីសារព័ត៌មាន (បណ្តាញទូរស័ព្ទបន្ទាន់ អាសយដ្ឋាន ផ្ទាល់ខ្លួន…)។
  • ប្រភពអន្តរការី៖ គឺជាប្រភពទាំងអស់ដែលត្រូវបានកាន់កាប់ដោយអង្គការសង្គមស្របច្បាប់ ដូចជាសមាគម អង្គការជំនាញ គណបក្សនយោបាយ និងសហជីពជាដើម។ ប្រភពទាំងនេះមានអត្ថប្រយោជន៍ត្រង់ថា ជារឿយៗ វាធ្វើការប្រឆាំងនឹងរដ្ឋអំណាច និងផ្តល់នូវព័ត៌មានក្រៅផ្លូវការ។​ ប្រសិនបើអ្នកយកព័ត៌មានចំណាយពេលវេលាដើម្បីបង្កើតទំនាក់ទំនងបើកចំហជាមួយសម្ព័ន្ធមិត្តធម្មជាតិទាំងនេះ គាត់នឹងទទួលបាននូវព័ត៌មានបន្ថែម និងការបំភ្លឺដ៏មានតម្លៃ។ បង្កើតបញ្ជីឈ្មោះអ្នកនិយាយដ៏មានសក្តានុពល និងចូលទៅជិតពួកគេ ដើម្បី « ផ្សាំង »។

រូបមន្តដ៏មានប្រសិទ្ធភាព៖ ការទទួលស្គាល់ជាផ្លូវការ

ពេលទាក់ទងជាមួយប្រភពស្ថាប័ន និងអន្តរការី ជាឱកាសល្អបំផុតសម្រាប់អ្នកយកព័ត៌មានដើម្បី បញ្ជាក់ពីតួនាទីផ្ទាល់ខ្លួនរបស់គាត់។ សម្រាប់ប្រភពស្ថាប័ន អ្នកយកព័ត៌មានអាចធ្វើដូច្នេះបាន ដោយស្នើសុំការទទួលស្គាល់ជាផ្លូវការសម្រាប់ខ្លួនឯងផ្ទាល់ ឬសហការីរបស់គាត់។ ស្ថាប័នរដ្ឋ អំណាចទាំងអស់ និងក្រុមអង្គការសង្គមទាំងអស់ ចង់ទាក់ទងជាមួយមនុស្សដែលត្រូវបានទទួលស្គាល់ក្នុង ចំណោមអ្នកជំនាញវិជ្ជាជីវៈសារព័ត៌មាន។ ការចូលរួមនៅក្នុងល្បែងនៃទំនាក់ទំនងនេះជួយ សម្រួលដល់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។

លិខិតគំរូបញ្ជាក់ការទទួលស្គាល់៖ « សូមគោរពជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ! ខ្ញុំមានសេចក្តីសោមនស្ស រីករាយនឹងជូនដំណឹងដល់ឯកឧត្តមថា ចាប់ពីថ្ងៃនេះតទៅ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនង វិជ្ជាជីវៈរបស់យើងឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយស្ថាប័នសេវាកម្មរបស់ឯកឧត្តម យើងខ្ញុំសូមប្រគល់សិទ្ធិ ដល់សហការីឈ្មោះ A…R… ដើម្បីយកចិត្តទុកដាក់ជាពិសេសចំពោះរាល់សកម្មភាពនៃក្រសួងរបស់ឯកឧត្តម នៅក្នុងក្របខណ្ឌនៃបេសកកម្មព័ត៌មានរបស់យើងខ្ញុំក្នុងការបម្រើសាធារណជន… »។

សម្រាប់ប្រភពអន្តរការីវិញ ជាទូទៅអ្នកយកព័ត៌មានមិនត្រូវការការទទួលស្គាល់ជាផ្លូវការទេ។ អ្វីដែលសំខាន់គឺបង្កើតទំនាក់ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ទទួលស្គាល់នូវទម្រង់នៃ ទំនាក់ទំនងមួយដែលអាចធានាពីការរក្សាអត្តសញ្ញាណរបស់ប្រភព និងឈានដល់ការ ព្រមព្រៀងគ្នាចំពោះរបៀបនៃការបង្ហាញព័ត៌មានដែលផ្តល់ដោយប្រភព ដោយមិនឲ្យរដ្ឋអំណាច ឬអាជ្ញាធរវិជ្ជាជីវៈដឹង។

ប្រភពផ្ទាល់ខ្លួន៖ គឺជាប្រភពលាក់ការ ឬអាចនិយាយថាជាប្រភពសម្ងាត់ដែល អ្នកយកព័ត៌មាន ទទួលបានពីផ្ទៃក្នុងនៃរង្វង់រដ្ឋអំណាច និងស្ថាប័នវិជ្ជាជីវៈ។ តាមរយៈការងារ និងក្រម សីលធម៌របស់អ្នកសារព័ត៌មាន គាត់ទទួលបានការជឿទុកចិត្តពីអ្នកដែល កាន់ព័ត៌មានដែល មិនត្រូវគេដឹង ឬលាក់បាំង។ អ្នកយកព័ត៌មានមិនត្រូវបង្ហើបពីអត្តសញ្ញាណរបស់ប្រភពដល់នរណាម្នាក់ឡើយ រួមទាំងថ្នាក់ដឹកនាំរបស់ខ្លួនផងដែរ។ គាត់ទទួលខុសត្រូវចំពោះព័ត៌មានដែលប្រភពផ្តល់ឲ្យ។

ប្រភពស្ថាប័ន + ប្រភពអន្តរការី + ប្រភពផ្ទាល់ខ្លួន = បណ្តាញព័ត៌មានល្អ

3). ប្រភពចៃដន្យ៖ គឺជាប្រភពដែលកើតមានដោយឯកឯង ជាសក្ខីកម្មដែលបានទទួល ឬស្នើសុំ ដោយចៃដន្យតាមកាលៈទេសៈ។ ប្រយ័ត្នប្រយែង៖ កំណត់អត្តសញ្ញាណប្រភព ពិនិត្យពីគោល បំណងរបស់ប្រភព សិក្សាឲ្យស៊ីជម្រៅពីព័ត៌មានដែលប្រភពផ្តល់ឲ្យ ជំរុញឲ្យប្រភពនិយាយ លើសពីអ្វីដែលពួកគេចង់និយាយ ផ្ទៀងផ្ទាត់ការអះអាងរបស់ពួកគេជាមួយប្រភពផ្សេងទៀត ដែលឯករាជ្យ។ ក្នុងករណីសង្ស័យ ត្រូវយកបញ្ហានៃលទ្ធភាពបោះពុម្ពផ្សាយទៅវែកញែកក្នុង ការពិភាក្សាជាក្រុម និងវិភាគពីលក្ខណៈវិនិច្ឆ័យរបស់វា។ កុំទុកចិត្តប្រភពដែលនិយាយយ៉ាងងាយស្រួល ពីអ្វីដែលយើងចង់ឮ…។

គ្រប់គ្រងទំនាក់ទំនងនៃការប្រឈមមុខគ្នា

រវាងអ្នកយកព័ត៌មាន និងប្រភព មិនថាជាប្រភពបែបណាទេ វាតែងតែមានទំនាក់ទំនងនៃការ ប្រឈមមុខគ្នាជានិច្ច។ មាន « អ្នកគ្រប់គ្រង » ជាអ្នកដែលផ្តល់ព័ត៌មាន និង « អ្នកស្ថិតក្រោមការត្រួតត្រា របស់គេ » ដែលជាអ្នកត្រូវការព័ត៌មាន។ ភាគីម្ខាងជាអ្នកផ្តល់ និងភាគីម្ខាងទៀតជាអ្នកស្នើសុំ…។ ការគ្រប់គ្រងទំនាក់ទំនងនៃការប្រឈមមុខដាក់គ្នានេះទាមទារនូវភាពប៉ិនប្រសប់ និងសមត្ថភាព។ ជានិច្ចកាល វាតែងតែមានប្រភពដែលបានផលប្រយោជន៍ (ផ្ទាល់ខ្លួន ឬវិជ្ជាជីវៈ) ពីការផ្តល់ ព័ត៌មាន។ សម្រាប់អ្នកយកព័ត៌មាន គឺតែងតែជួបហានិភ័យនៃការត្រូវគេប្រើប្រាស់។ លទ្ធភាពនៃ ការប្រើប្រាស់ល្បិចមានតិចតួច ប៉ុន្តែវានៅតែមាន។ រឿងនេះគឺជាបញ្ហាមនសិការ។ មិនត្រូវចាញ់ បោកគេទេ។ យើងអាចស្វែងរកចំណុចតុល្យភាពបាន។ ពេលខ្លះ « ការសម្តែងការដឹងគុណ » ជារឿងមានកិត្តិយស តែពេលខ្លះទៀត វាមិនដូច្នោះទេ។ ប្រភពផ្តល់ព័ត៌មានមួយខឹង គឺធ្ងន់ធ្ងរតិចជាងការ បោកបញ្ឆោតអ្នកអានម្នាក់…។