ទូរស័ព្ទ ឬឧបករណ៍ថតសំឡេង?
ជាការល្អ បទសម្ភាសន៍មួយគួរតែត្រូវធ្វើទល់មុខគ្នា។ ប៉ុន្តែពេលខ្លះ ចំពោះមុខរឿងបន្ទាន់ឬដោយសារនៅឆ្ងាយ ការសម្ភាសន៍ធ្វើឡើងតាមរយៈទូរស័ព្ទ។ ក្នុងករណីនេះវាមានប្រយោជន៍ណាស់ក្នុងការប្រើកុំព្យូទ័រជាឧបករណ៍ថតសំឡេង។ Skype គឺជាកម្មវិធីដែលល្បីល្បាញបំផុត ប៉ុន្តែទាល់តែដៃគូសន្ទនារបស់អ្នកមានវានៅក្នុងកុំព្យូទ័រគេដែរ។
អ្នកក៏អាចប្រើទូរស័ព្ទ ដោតផ្ទាល់ទៅនឹងកុំព្យូទ័រដើម្បីថតការសន្ទនា។ សូមប្រុងប្រយ័ត្ន ឧបករណ៍ទាំងនេះមានលក់នៅសហរដ្ឋអាមេរិកដោយសេរី ប៉ុន្តែវាមិនស្របច្បាប់សម្រាប់នៅគ្រប់ប្រទេសទេ។ កម្មវិធីឥតគិតថ្លៃដូចជា X-lite ក៏ផ្ដល់សេវាដូចគ្នានេះដែរ។
ប្រសិនបើអ្នកមានឱកាសធ្វើសម្ភាសន៍ទល់មុខ សូមកុំស្ទាក់ស្ទើរ។ លទ្ធផលនៃបទសម្ភាសន៍ទល់មុខគ្នាគឺប្រសើរជាងទាំងទម្រង់ (គុណភាពសំឡេង) ក៏ដូចជាអត្ថន័យ (គុណភាពនៃសំណួរនិងចម្លើយ) ។ ត្រង់ចំណុចនេះដែរ ឧបករណ៍ជាច្រើនអាចរកបាននៅលើទីផ្សារ តាំងពីស្មាតហ្វូនរហូតដល់Nagraលំដាប់អាជីពដែលមានឧបករណ៍ថតសំឡេងបែបឌីជីថលជាច្រើនប្រភេទ។ ក្នុងតម្លៃសមរម្យមួយ ឧបករណ៍ទាំងនេះគឺលើសពីគ្រប់គ្រាន់ដើម្បីដំណើរការសម្ភាសន៍សាមញ្ញមួយ។
ការកាត់តបទសម្ភាសន៍ដោយប្រើកម្មវិធីឥតគិតថ្លៃ
- នៅពេលធ្វើសម្ភាសន៍រួចហើយ អ្នកត្រូវកាត់តវា៖ ជ្រើសរើសផ្នែកល្អជាងគេ កាត់តវាហើយដាក់អនឡាញតាមអ៊ិនធឺណិត។ កម្មវិធី Audacity គឺឥតគិតថ្លៃ និងងាយស្រួលប្រើ សម្រាប់អ្នកមិនចេះសោះក៏អាចប្រើបានដែរ ។ វាប្រើគោលការណ៍ដូចគ្នានឹងកម្មវិធីកែអត្ថបទដែរ ហើយមានការបង្រៀនពីរបៀបប្រើប្រាស់យ៉ាងល្អ។
- នៅពេលអ្នកជ្រើសរើសផ្នែកត្រូវដាក់រួចហើយនោះ មានន័យថាអ្នកបានស្ដាប់ និងរើសនូវផ្នែកជាច្រើន បន្ទាប់មកអ្នកត្រូវជ្រើសរើសផ្នែកដែលមានន័យ និងខ្លីជាងគេ។ ផលិតផលសម្រេចរបស់អ្នកគឺត្រូវតែខ្លី។ បើលើសពីមួយនាទី អ្នកស្តាប់នឹងលែងចាប់អារម្មណ៍។ លុះត្រាអ្នកមានខ្លឹមសារអ្វីអស្ចារ្យ។ ដូច្នេះអ្នកត្រូវរក្សាខ្នាតវាពី៣០វិនាទីទៅ មួយនាទី។ ប៉ុន្តែអ្នកនៅតែបង្ហោះវគ្គផ្សេងៗ តែត្រូវឲ្យសមល្មម ៖ មិនត្រូវឲ្យលើសពី ៥វគ្គទេសម្រាប់អត្ថបទធម្មតាមួយ។
ដាក់សំឡេងទៅក្នុងអត្ថបទ
ខុសពីបទយកការណ៍វិទ្យុ សំឡេងមិនមែនជាគ្រោងឆ្អឹងសំខាន់នៃព័ត៌មានលើវ៉ិបសាយទេ។ នៅទីនេះ សំឡេងគឺដើម្បីបង្ហាញនិងបកស្រាយន័យ។ ពេលខ្លះការឱ្យមានសំឡេងសម្រាប់ស្តាប់ គឺមិនមែនជាការជំនួសឱ្យព័ត៌មានសំខាន់ទេ។ ចូរចងចាំថា អ្នកគួរតែ គោរពគោលការណ៍ទម្រង់ឯកសារសោតទស្សន៍ ៖ សំឡេងមួយស្មើនឹងគំនិតមួយ។ មិនលើសមិនខ្វះ។