Menu

១៥/ ផ្សាយព័ត៌មានបន្តផ្ទាល់

តើមានសិល្បៈនៃការ​ធ្វើ​បទ​យកការណ៍​សម្រាប់​វ៉ិបសាយដែរឬទេ? អ្នកកាសែតពហុប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ជា​អ្នក​យកព័ត៌មាន​ដូចជា​អ្នកដទៃ​ ប៉ុន្តែ​គេ​​ត្រូវយល់​ដឹង​ពី​ការ​ផ្សាយ​បន្តផ្ទាល់ផងដែរ​ ដោយហេតុថាវាចាំបាច់ណាស់ ដើម្បីធ្វើ​បទយកការណ៍ពី​ព្រឹត្តិការណ៍មួយ​ឲ្យ​បាន​ល្អ។

បង្ហាញរូបភាពផ្សាយផ្ទាល់

អ៊ិនធឺណែត​គឺ​ជា​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថ្មីៗ​ និង​បណ្ណសារ។ ​ វា​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​អត្ថបទ​ដែលមាន​ការ​វិវត្ត​រហូត (តំណភ្ជាប់​ក្នុង​សំណុំឯកសារ​៧)។ ផ្ដើម​ចេញ​ពី​ការ​បង្ហោះ​tweet ដំបូង​ដែល​​មាន​១៤០​តួអក្សរ ប្រកាស​​ពី​ការ​ចាប់​ផ្តើម​នៃ​បាតុកម្ម​​រហូត​ការ​វិភាគ​លម្អិត​ពី​ជោគជ័យ​ (ឬបរាជ័យ)នៃ​បាតុកម្ម​នេះ វ៉ិបសាយអាច​​ប្រើ​បានគ្រប់​ទម្រង់​ទាំងអស់ ។ ភាព​សកម្ម និង​ភាពងាយបត់បែន​របស់វា ​ធ្វើឱ្យ​អ៊ិនធឺណែត​​ក្លាយជា​ឧបករណ៍​ដ៏ល្អ ក្នុង​ការ​ផ្សាយ​​​បន្ត​​ផ្ទាល់​ពី​ព្រឹត្តិការណ៍នានា។

ជាការពិត អ្នករាយការណ៍ព័ត៌មាន​តាមវ៉ិបសាយ​អាច​រៀបរាប់​អំពី​ព្រឹត្តិការណ៍​មួយជា​បណ្ដើរៗ ជាមួយ​​ស្មាតហ្វូនមួយគ្រឿង។ ជាមួយ​នឹង​ទូរស័ព្ទ​ប្រភេទ​​នេះ ​អ្នក​អាច​ថតយក​រូបភាព​ក្បួនដង្ហែ​ សម្ភាសន៍មេដឹកនាំបាតុកម្ម ថតរូប​ពួកគេ … ។ល។ ​អ្នកអាច​បញ្ជូន​​ចេញ​នូវ​ព័ត៌មាន​របស់​អ្នក​ (​រូបភាព និងអត្ថបទ) ដោយ​គ្រាន់តែ​ទូរស័ព្ទ​របស់​អ្នក​មាន​សេវា និង​មាន​ល្បឿន​​​លឿន​គ្រប់​គ្រាន់​។ ដូច្នេះ​អ្នកត្រូវកាត់​វីដេអូខ្លីៗ (មិនយូរជាងមួយនាទី) ឬ​រៀប​ជា​ស៊េរី រូបថត​ដែល​ងាយស្រួលផ្ញើចេញ​។ ជាញឹកញាប់ ​អ៊ិនធឺណែត​តាម​ទូរស័ព្ទ​​តែងតែមាន​សេវា​​ខ្សោយ​នៅតំបន់​​បាតុកម្ម​ ព្រោះមាន​ការ​ធ្វើ​ទំនាក់​ទំនង​ច្រើន​ក្នុង​ពេល​ជាមួយគ្នានៅ​ក្នុង​កន្លែង​​តែ​មួយ​។

ជា​ចុងក្រោយ សូមប្រយ័ត្នចំពោះកំហុសឆ្គងអចេតនា! ហានិភ័យ​ធំបំផុត​នៃ​ការធ្វើ​បទយកការណ៍​បែប​នេះ​ គឺ​ការ​ប្រញាប់​ប្រញាប់​ ដើម្បី​ផ្ញើ​អ្វី​ដែល​អ្នកជឿថា​ជា​ព័ត៌មាន​ត្រឹមត្រូវ ដោយ​ផ្អែក​លើ​អារម្មណ៍​ភ្លាមៗ ឬ​«អ្វី​ដែលឃើញ»​ប៉ុណ្ណោះ។ ចន្លោះពេល​ក្នុងការរាយការណ៍​ពី​ព្រឹត្តិការណ៍នោះ​កាន់​តែ​ខ្លី ហានិភ័យនៃការបង្កើតកំហុសឆ្គង​កាន់​តែ​កើនឡើង ។

ផ្សាយផ្ទាល់តាម​ Twitter

ការរៀបរាប់​រឿងមួយឱ្យបានត្រឹមត្រូវ តាមរយៈសារចំនួនតែ​១៤០​តួអក្សរ​​ តម្រូវ​ឲ្យ​អ្នក​មាន​សញ្ជាតិញ្ញាណខ្ពស់​ក្នុងការធ្វើសង្ខេប និង​មានទេពកោសល្យជាអ្នក​និទានរឿង​គ្មាន​គូ​ប្រៀប។ វាគឺជាលំហាត់មួយដែលស្រដៀងគ្នាទៅនឹងការសរសេរអត្ថបទ «បន្ទាន់» នៅ​ក្នុង​ទីភ្នាក់ងារ​ព័ត៌មានផ្សេងៗដែរ ៖ អត់ក្បូរក្បាច់ច្រើន អត់សំណង់ឃ្លាពិបាក​ ​អត់ទាំង​ការ​លេង​ពាក្យ។ ត្រូវ​យក​តែ​ហេតុការណ៍សុទ្ធ និង​ប្រើ​សំណង់ប្រយោគងាយៗ។ ទ្រឹស្ដី​របស់​​ Pierre Lazareff (​ចាងហ្វាង​ក្រុមហ៊ុន​កាសែត​បារាំង​ដ៏ល្បី​ ដែល​មិន​ធ្លាប់​ស្គាល់​អ៊ិនធឺណែត) ហាក់​អាច​យកមក​​អនុវត្តបាន​ជាមួយ Twitter :

«ឃ្លាមួយគឺមានសព្វនាមប្រធាន កិរិយាស័ព្ទ និង​កម្មបទ។ ប្រាប់ខ្ញុំ​មុន​ពេលប្រើគុណនាម។ បើមានគុណកិរិយា អ្នក​នឹង​ត្រូវដេញចេញ!»

ទោះជា Twitter អាច​ឲ្យ​អ្នក​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​វិធី​បញ្ចេញ​មតិ​ផ្ទាល់​បែបនេះ​។ អ្នក​មិន​ត្រូវ​ប្រើ​សំណង់​ឃ្លា​បែប​ចំអកដែល​អាចឲ្យ​មាន​ការ​យល់​ច្រឡំនោះឡើយ។ ការ​ចំអកគឺ​ជា​អាវុធមុខពីរ។ នៅពេលអាន​​គឺមានភាព​មិន​ច្បាស់​លាស់។ នៅពីក្រោយ​ពាក្យដែល​មើល​ទៅ​មានន័យច្បាស់ តែងតែ​បង្កប់​នូវ​ការ​ស្រមើស្រមៃ​ដែល​អ្នកអាន​អាច​នឹង​មិន​យល់​​ឬ​ក៏​អាច​យល់​ក្នុង​ន័យ​មួយ​ផ្សេង​ពី​អ្វី​ដែល​អ្នក​និពន្ធ​ចង់​និយាយ។