Menu

១៦/សម្របសម្រួលកិច្ចសន្ទនាលើព្រឹត្តិការណ៍មួយ

ដោយសារគ្រប់គ្នាសុទ្ធ​តែ​អាចបញ្ចេញព័ត៌មាន ដូច្នេះ​តួនាទី​របស់​អ្នក​កាសែត​គឺត្រូវ​ជ្រើស​រើស​ ​ផ្ទៀង​ផ្ទាត់​ និងតម្រៀប​​ព័ត៌មាន​សន្ធឹកសន្ធាប់​​ដែល​មាន​នៅលើ​វ៉ិបសាយ​ និង​បណ្តាញ​សង្គម។ សរុបទៅ គឺដូចជាអ្នកដឹកនាំវង់តន្រ្តីព័ត៌មាន។

ឧបករណ៍​សម្រាប់​ការផ្សាយបន្តផ្ទាល់

ទោះបីជាបណ្តាញសង្គមគឺជាប្រភពនៃព័ត៌មាន​មិន​ចេះរីងស្ងួតក៏ដោយ ប៉ុន្តែ​វា​កាន់​តែ​ពិបាក​ ក្នុង​ការទទួលបានព័ត៌មានជឿទុក​ចិត្ត​បាន និង​ច្បាស់​ការ។ ឧបករណ៍​ផ្សេងៗ​អាច​ជួយ​យើង​ក្នុង​កិច្ចការនេះ :

  • Coveritlive (តំណភ្ជាប់​ក្រៅ​ http://www.coveritlive.com/ ) គឺជា​កម្មវិធីសម្រាប់​​កិច្ចសន្ទនា​​ដែល​អាច​​​ប្រមូល​​ដោយផ្ទាល់​ ការ​ចូលរួម​របស់​ផ្នែក​និពន្ធ​ជាមួយ​នឹង​ការ​ចូលរួម​របស់​ប្រិយមិត្ត​អ្នកអាន។ គុណសម្បត្តិ ៖ ការ​ប្រើប្រាស់​វា​អាចបត់បែន​បាន វា​អាច​បង្កើត​​ព័ត៌មានស្វ័យប្រវត្តិ​ដោយខ្លួនឯង តាមរយៈ​​អ្នក​ប្រើប្រាស់​។ គុណវិបត្តិ ៖ ព័ត៌មាន​មិន​បាន​ត្រួតពិនិត្យ​​ជាមុន​។
  • Storify (តំណភ្ជាប់​ក្រៅ http://storify.com/) គឺជាកម្មវិធី​នៃការរៀបរាប់​ដែល​អាចប្រមូល​យក​ខ្លឹមសារ​ជាច្រើន​ប្រភេទ​ពី​បណ្ដាញសង្គម ក្រោមការគ្រប់​គ្រង​របស់​អ្នក​និពន្ធ​តែ​ម្នាក់​។ គុណសម្បត្តិ ៖ វា​ផ្ដល់​នូវ​ខ្លឹមសារ​ជ្រើសរើស​ដោយ​អ្នក​កាសែត។ គុណវិបត្តិ ៖ ​អ្នកអាន​គ្មានសិទ្ធិចូល​។

ក្នុងករណីទាំងពីរនេះ គោលការណ៍នៃការសរសេរគឺ«ការរៀបចំ» ។ បើនិយាយម្យ៉ាង​ទៀត​ វា​គឺជា​ការ​តម្រៀប​​ទិន្នន័យសន្ធឹកសន្ធាប់​​ដែល​ចេញ​មក​ពី​បណ្តាញ​សង្គម​ ដើម្បី​ធ្វើឱ្យ​វា​ក្លាយ​ជាព័ត៌មាន។ ជួនកាល​វាក៏​ជា​ការ​លំបាក​មួយ​ផងដែរ​ ពីព្រោះ​អ្នក​ត្រូវ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ដែល​​មានមន្ទិលសង្ស័យ​។ ក្នុងករណីនេះ​ជំនួយ​ពីប្រិយមិត្ត​អ្នកអានរបស់​អ្នក​​ គឺ​មាន​តម្លៃ​ណាស់។ ឧទាហរណ៍ ​អ្នក​ផ្ទៀងផ្ទាត់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​មន្ត្រីប៉ូលិស​ប្រើហិង្សា​ទៅ​លើ​ហ្វូងបាតុកម្ម ដូច្នេះ​អ្នក​អាច​បើកការអំពាវនាវសុំ​សក្ខីកម្ម​នៅលើ​បណ្តាញ​សង្គម ​ហើយ​ស្រប​ពេលជាមួយគ្នា​ ​អ្នក​ត្រូវ​ផ្ទៀងផ្ទាត់​​ជាមួយប្រភព​ផ្លូវការ​ផងដែរ។

ដូចគ្នាដែរ ប្រសិនបើ​អ្នកធ្វើ​កិច្ចពិភាក្សា​នយោបាយ​ក្នុង​​ទូរទស្សន៍ ប្រសិទ្ធភាព​របស់​​នីតិវិធី​ក្នុង​ការ​ផ្ទៀងផ្ទាត់​ការពិត​គឺមិនប្រាកដ​ទេ ។ រាល់ពេលដែលអ្នកនយោបាយធ្វើការអះអាង​​ម្ដងៗ («យើង​កាត់​បន្ថយ​អត្រាគ្មានការងារធ្វើបាន១០% ក្នុងរយៈពេល៥ឆ្នាំ») ការិយាល័យ​និពន្ធ​ អ្នកជំនាញពាក់ព័ន្ធ និង​អ្នកប្រើប្រាស់អ៊ិនធឺណែត​ អាច​ផ្ទៀង​ផ្ទាត់​ថា​ការ​អះអាង​នេះ​ជាការពិត​ឬអត់។ គេ​អាច​ធ្វើ​ការ​កែតម្រូវភ្លាមៗ​​ប្រសិន​បើ​វា​មិនពិត​។

រៀបចំមុខតំណែង​ការងារ ៖ ផ្នែកផលិត កែសម្រួល និង​សម្របសម្រួល

នៅពេលប្រើវិធីសាស្ត្រ«ផ្សាយផ្ទាល់»​បែបនេះ​ ការិយាល័យនិពន្ធ​​​ត្រូវ​តែ​រៀបចំឲ្យ​បានល្អ ។ ដើម្បី​ឱ្យ​មានល្បឿន​លឿន និងមានប្រសិទ្ធិភាព អ្នកត្រូវបែងចែក:

  • ផ្នែកផលិត: អ្នក​ដែល​ធ្វើ​ការ​លើ​ផ្នែក​កត់​ត្រា រក​ប្រភព ​ពិនិត្យ​តួលេខ​ ​ និង​ចុងក្រោយ​អនុម័ត​លើ​ព័ត៌មាន​ដែល​ត្រូវ​ចេញផ្សាយ។
  • ផ្នែកកែសម្រួល: អ្នកដែលកំណត់​ទស្សនៈវិស័យ (និងបង្ហោះ​លើអ៊ីនធឺណែត) ព័ត៌មាន ​និង​គ្រប់គ្រងការកែតម្រូវ / ការផ្ទៀងផ្ទាត់ ជាមួយ​អ្នក​សរសេរអត្ថបទ។
  • អ្នកសម្របសម្រួល: ​អ្នកដែលឆ្លើយតប​សាររបស់អ្នកអាន សម្រិតសម្រាំង​ព័ត៌មាន និងរក​មើល​អ្វីដែលគួរឲ្យចាប់​អារម្មណ៍។

អ្នកកាសែតម្នាក់ឬច្រើននាក់បំពេញ​ការងារ​នីមួយៗ។ ពួកគេធ្វើការ​នៅ​ក្រោម​និពន្ធនាយក​ដែលជា​អ្នក​​​សម្រួល​ខ្លឹមសារ​ទាំងមូល​ ដើម្បី​​ធ្វើឱ្យ​វាងាយយល់ ​ដោយ«​បែងចែក»​ទំព័រ​ដើម​ ជា​ផ្នែកៗ​ងាយយល់។