Menu

១៨/ការសម្របសម្រួលការបញ្ចេញមតិ

អ្នក​អាន​វ៉ិបសាយ​ព័ត៌មានគឺជាតួអង្គនាំមុខ។ ការបញ្ចេញមតិ​ត្រូវ​តែ​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​ពិសេស​នៅក្នុង​ការិយាល័យនិពន្ធ។ ការគ្រប់គ្រង​វា​ឲ្យ​បាន​ល្អអនុញ្ញាត​ឲ្យ​បង្កើត​ បន្ទាប់មក​​ដឹកនាំសហគមន៍​មួយ​។ ពួកគេ​សុទ្ធជា​អ្នក​ផ្ដល់ព័ត៌មាន និងភាព​​ជំនាញ។

សារសំខាន់​នៃ​ការបញ្ចេញ​មតិ

គោលការណ៍​នៃ​ការ​ប្រើ​ប្រាស់វ៉ិបសាយគឺចង់ឲ្យ​នៅ​លើ​ទំព័រព័ត៌មាន មាន៖

  • ៩០%នៃ​អ្នក​ប្រើប្រាស់អ៊ិនធឺណែត​អាន
  • ៩%​បញ្ចេញមតិ​របស់ខ្លួន​ម្ដងម្កាល
  • ១%​ជា​អ្នក​បញ្ចេញមតិ​ដែល​​ឆ្នើម និង​ទៀង​ទាត់

ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ កុំ​ច្រឡំ​អ្នក​បញ្ចេញមតិ«ស៊េរី»ជាមួយ​នឹង​សហគមន៍អ្នក​អ៊ិនធឺណែត​ទូទៅ​។ ក្នុង​ចំណោម​អ្នក​បញ្ចេញមតិ​ជាប្រចាំ មានភាគតិច​ប៉ុណ្ណោះ​ដែល​តែងតែ​មានភាពត្រឹម​ត្រូវ​​។ អីចឹង​ហើយ​បាន​ជាឃើញ​មាន​ឈ្មោះអនាមិក​មួយចំនួន​នៅក្នុង​កិច្ចពិភាក្សា។

ប្រព័ន្ធ​នៃការសម្របសម្រួល

មានវិធីពីរ​ក្នុងការ​សម្របសម្រួល​ការបញ្ចេញមតិ។ ការសម្របសម្រួល​អាទិភាព មុន​ការ​ចេញ​ផ្សាយ គឺ​ពេញនិយម​ប្រើ​ជាងគេ។ នៅ​លើ​ទំព័រអ៊ិនធឺណែត​ព័ត៌មាន​ ការងារ​នេះ​តែង​តែ​ត្រូវ​បញ្ជូន​​ឲ្យ​អ្នក​ខាងក្រៅជាអ្នក​ធ្វើ​។ ពួកគេ​ធ្វើ​ការពិនិត្យ​ពី​ភាពត្រឹមត្រូវ និង​លក្ខណៈ​សមគួរ​របស់វា​។ ពេលខ្លះ ការងារនេះ​ត្រូវ​ប្រគល់​ឲ្យ​អ្នក​សរសេរ​អត្ថបទ​​ជាអ្នក​ត្រួតពិនិត្យ។ វា​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ក្នុងកា​របញ្ចូល​ផ្នែកនិពន្ធ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​សហគមន៍​អ្នក​អាន​។ នៅពេល​​អ្នក​អាន​សួរ​សំណួរ ម្ចាស់អត្ថបទ​អាច​ឆ្លើយ​ទៅ​គាត់​ដោយ​ផ្ទាល់​។

ការសម្របសម្រួល​ពេលក្រោយ ក្រោយ​ការ​ចេញផ្សាយ​មតិ គឺកាន់តែត្រូវ​គេ​ប្រើច្រើន​ឡើងៗ ដោយសារ​វា​តម្រូវ​ឲ្យ​ម្នាក់​​ៗចុះ​ឈ្មោះ​ជាមុន​​តាមរយៈការ​បង្កើត​គណនី​។ ទំព័រ​អ៊ិនធឺណែត​ខ្លះ​ថែម​ទាំង​ទាមទារ​ឲ្យប្រើ​អត្តសញ្ញាណ​ពិត​ប្រាកដទៀតផង ដែល​ជាការ​ពង្រឹង​ភាព​ហ្មត់​ចត់​​នៃ​ការ​ចូលរួម​។ ក្នុងករណីនេះ ការ​សម្របសម្រួល​ត្រូ​វបាន​ធ្វើ​ឡើង​ដោយ​អ្នក​កាសែត ដើម្បីធានា​ពី​ការ​ចូលរួម​ពី​ផ្នែក​និពន្ធ។

គោលការណ៍ដើម្បីសម្របសម្រួល​សហគមន៍ឲ្យ​បានល្អ

គោលការណ៍ទី១នៃ​ការ​សម្របសម្រួល​គឺយកតាម​ទ្រឹស្ដីការ៉ូខូច​ របស់​ប៉ូលិស​ក្រុងញូវយ៉ក។ បើ​អ្នក​មិន​ដូរ​ការ៉ូបែក​ចេញ​ទេ ទីក្រុង​អ្នកមិនយូរទេ​នឹង​ក្លាយទៅ​​ជារញ៉េរញ៉ៃ គ្មានច្បាប់ទម្លាប់ ​ម្នាក់ៗ​​នឹង​គិតពួកគេ​ចង់ធ្វើរញ៉េរញ៉ៃ​​​អ្វីក៏បាន​។ បើ​អ្នក​ប្ដូរ​ការ៉ូ​ចេញ អ្នក​នឹង​ផ្ដល់​ការ​ក្រើន​រម្លឹក​ដល់​មតិ​សាធារណៈ។ វា​ដូចគ្នា​សម្រាប់​កិច្ចពិភាក្សា​តាមវ៉ិបសាយ ៖​ ប្រសិនបើ​អ្នកកាសែត​មិន​ចូល​ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​លឿន​ទេ​ កិច្ចពិភាក្សា​​នឹង​ទៅ​ជា​គ្រប់​គ្រង​លែង​បាន​។ បើ​អ្នក​កាសែត​ធ្វើ​អន្តរាគមន៍​ ​ភាព​តានតឹងនឹង​​ថយចុះ ហើយ​ជាពិសេសអាច​​បង្ហាញ​ទៅ​អ្នក​អាន​ថា​ វ៉ិប​មិន​មែន​ជាកន្លែង​ដែល​ពួកគេ​អាច​​បង្ហោះសម្ដី​ផ្ដេសផ្ដាសទេ។

គោលការណ៍ទីពីរ គឺបញ្ចូល​ភាពកំប្លែង (និង​ភាពរីករាយ​ឲ្យ​បានច្រើន)នៅក្នុង​ការ​ពិភាក្សា។ នេះគឺជា​ការ​គួរសម​ជាទូទៅ​​​ ដែល​​ហៅ​ថា​«ចេះរស់នៅ»។ វាជាកូដ​ជាធរមាន​មួយ​ ដើម្បី​ធានា​ពី​បរិយាកាសល្អ​របស់​​កិច្ចពិភាក្សា។

គោលការណ៍ទី៣ គឺ​កុំបង្ខំ​​ខ្លួន​ធ្វើ​តួនាទី​មួយ​ដែល​​មិន​មែន​ជាខ្លួន​ឯង។ គោរពបុគ្គលិក​លក្ខណៈ​របស់​ខ្លួនអ្នក របៀប​ដែល​ខ្លួន​ធ្វើកិច្ចពិភាក្សា ការពារ​គំនិត​និង​ការងារ​របស់​ខ្លួន​ឯង។ គ្មាន​អ្នក​ណាគេថាអីទេ​។ បើ​អ្នកធ្វើ​​ខ្លួន​ជា​មនុស្ស​ម្នាក់​ផ្សេង​មិន​មែន​ជាខ្លួន​ឯង​ វា​តែង​តែ​ធ្វើ​ឲ្យ​គេ​មើល​ដឹង​។

គោលការណ៍ទី៤ គឺប្រសិនបើ​អ្នក​មានកំហុស​ អ្នក​ត្រូវ​ហ៊ានទទួល​ថា​ខ្លួន​ឯង​ខុស​ (វា​អាច​កើត​ឡើង​ចំពោះ​គ្រប់​គ្នា) ឬក៏​ថា​អ្នក​​មិន​ចេះ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​អាន​។ គ្មានអ្នក​ណា​គេថាអី​ទេ​។ ប៉ុន្តែ​នៅពេល​អ្នក​កាសែត​ម្នាក់​យក​តែ​ត្រូវខ្លួន​ឯង មិនស្ដាប់​ហេតុផល​អ្វី​​នោះ វា​នឹង​ធ្វើឲ្យ​​អ្នក​អាន​​មើល​ក្នុង​ផ្លូវ​មិន​ល្អ។

គោលការណ៍ទី​៥ គឺ​ត្រូវចេះ​ការពារទស្សនៈ និងការងារ​របស់​អ្នក​។ យុគសម័យ​«អព្យាក្រឹត»​របស់​អ្នក​កាសែត​បានឆ្លងកាត់​ពេលវេលា​រួមគ្នា​​ជាមួយ​នឹង​ការ​មកដល់​របស់​វ៉ិប​ ២.០។ ដ៏រាបណា​អ្នក​បំពេញការងារ​ដោយ​ភាពស្មោះត្រង់ និង​គោរព​គោលការណ៍​​ជំទាស់ (ផ្ដល់​អំណះអំណាង​ដាក់​បន្ទុក និង​ដោះបន្ទុក​លើ​ប្រធាន​បទមួយ) គ្មាន​អ្នក​ណា​ស្ដី​បន្ទោស​ដែល​អ្នក​មាន​ទស្សនៈ​របស់​ខ្លួន​ឯង​​លើ​រឿង​បច្ចុប្បន្នភាព​ទេ​។

 តើពួក​ Troll ធ្វើ​អ្វី?

«Troll»គឺ​ជា​អ្នក​បញ្ចេញ​មតិ​អនាមិក​​ដែល​មាន​គោល​បំណង​តែ​ម្យ៉ាង​គត់ គឺ​បំផ្លាញ​​កិច្ច​ពិភាក្សា​ដែល​កំពុងដំណើរការ។ ពួកគេ​អាច​ជា​អ្នក​ចូលចិត្ត​បង្ករឿង អ្នក​ចូលចិត្ត​បង្រៀនគេ អ្នក​ចូលចិត្ត​វាយប្រហារឬជេរគេ​។ ដូច្នេះ​អ្នក​ត្រូវ​ចាំ​ឃ្លា​មួយប្រយោគ ៖ កុំចិញ្ចឹម​​ពួក​ Troll! ប្រសិនបើ​​​អ្នក​ផ្ដើម​​ឈ្លោះ​ជាមួយពួកគេ អ្នក​នឹង​គ្មានផ្លូវចប់​​ទេ ព្រោះ​គោលបំណង​តែម្យ៉ាង​របស់​ពួកនេះ គឺ​បំផ្លាញ​កិច្ច​ពិភាក្សា​។