Menu

១/ រៀបចំការតាមដានព័ត៌មាន

អ៊ិនធឺណែតផ្ដល់ឲ្យ​​អ្នកយកព័ត៌មាន​នូវ​ប្រភពព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់។ ដើម្បីរកព័ត៌មាន វាចាំបាច់​ត្រូវ​រៀបចំការ​តាមដាន ដើម្បី​បែង​ចែក​ព័ត៌មាន​ច្បាស់​ការ​ ចេញ​ពី​លំហូរ​ឥត​ដាច់​នៃព័ត៌មាន​ទូទៅ​។ មាន​ឧបករណ៍ជាច្រើន​អាចធ្វើដូច្នេះបាន​នៅលើ​វ៉ិបសាយ តែត្រូវ​ប្រើ​វា​ឲ្យ​សមល្មម​ ពីព្រោះវា​ចំណាយពេលច្រើន។​

តើអ្វីជាការតាមដាន?

ការតាមដាន​គឺជាមធ្យោបាយ​មួយ​អនុញ្ញាតឲ្យ​ធ្វើការចម្រាញ់ជាប្រចាំ និង​ដោយ​ស្វ័យប្រវត្តិ​នូវ​ព័ត៌មានពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​ត្រូវបានជ្រើសរើស​មួយឬក៏ច្រើន​។ វា​​មាន​គោល​បំណង៖

  • ទទួលបានសញ្ញាលឿន
  • ប្រមើល​ទុកជាមុន​សម្រាប់​ជំនួប​សំខាន់ៗនៃបច្ចុប្បន្នភាព
  • និងត្រៀម​ទុក​មុន​ពីការសរសេរព័ត៌មាន

វាជាការល្អប្រសើរ​ក្នុង​ការ​ពិនិត្យ​មើល​ឧបករណ៍តាមដានរបស់អ្នក​​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ថ្ងៃ (ពេលព្រឹក) ឬអាចដល់ពីរដង (ព្រឹក​និង​ពាក់កណ្ដាលថ្ងៃ)។

តើមានឧបករណ៍ល្អអ្វីខ្លះ?

មានបណ្ដាញច្រើន​ដែល​អាចប្រើ​សម្រាប់​រៀបចំការតាមដាន។ ក្រុមហ៊ុន​​ផ្គត់​ផ្គង់អ៊ីម៉ែល​ភាគ​ច្រើន​មាន​​ប្រព័ន្ធផ្ដល់​សញ្ញាស្រាប់​។ អ្នក​គ្រាន់តែដាក់​ប៉ារ៉ាម៉ែត្រ​វា​​តាមរយៈ​ការ​បញ្ចូល​​ពាក្យគន្លឹះ អាចជាពាក្យគន្លឹះទូទៅតែមានន័យជាក់លាក់គ្រប់គ្រាន់។ ឧទាហរណ៍​ប្រសិន​បើ​​អ្នក​ចង់​តាមដានបច្ចុប្បន្នភាពស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រ្វ៉ាន់ដា មិនត្រូវ​ដាក់តែ​ពាក្យ«រ្វ៉ាន់ដា»​ទូទៅពេកទេ ប៉ុន្តែ​គួរតែដាក់​«ប្រល័យ​ពូជសាសន៍​+រ៉្វាន់ដា»។ ការណែនាំ​៖ កុំប្រើ​​លើសចំណុះ​លើ​បណ្ដាញនេះ (ពាក្យគន្លឹះមិន​ត្រូវ​ឲ្យ​លើស​ពី១០) ប៉ុន្តែ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ពាក្យគន្លឹះរបស់​អ្នក​ជាប្រចាំ ដើម្បី​ធ្វើឲ្យ​ការតាម​ដាន​របស់​អ្នកថ្មីរហូត តាម​ប្រធានបទដែលអ្នក​ចូលចិត្ត។

កម្មវិធីប្រមូលផ្ដុំ គឺជាឧបករណ៍​មួយទៀតមានប្រសិទ្ធភាព សម្រាប់​រៀបចំការតាមដាន។ Vetvibes ឬ Google Reader គឺងាយស្រួល​ប្រើក្នុងការ​បង្កើតតម្រង​ព័ត៌មាន​ដាច់​​ដោយ​​ឡែក​​​មួយ​។ អ្នក​គ្រាន់តែ​ត្រូវ​ចុះ​ឈ្មោះ​ក្នុង RSS ដែលអ្នក​ចាប់​អារម្មណ៍ប៉ុណ្ណោះ។ គ្រាន់តែ​ក្រឡែកភ្នែក អ្នក​នឹង​អាច​ចូល​ទៅ​កាន់​ទំព័រ​ព័ត៌មាន​ដែល​អ្នក​ចូលចិត្ត។ ចំណុចនេះដែរ មិន​ត្រូវ​ជ្រើសរើស​យក​ទំព័រអ៊ិនធឺណែត​ក្នុង​ចំនួន​ច្រើន​ពេកទេ ​ត្រូវ​ជឿជាក់​លើ​ការវិនិច្ឆ័យ​របស់ខ្លួនឯង ៖ ជ្រើស​រើស​ទំព័រអ៊ិនធឺណែត​ណា​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ខ្លាំងបំផុត។

ចុងក្រោយ Twitter គឺ​ជា​បណ្ដាញសង្គម​ដ៏មានប្រសិទ្ធភាព​​សម្រាប់​កំណត់មើល​កិច្ចពិភាក្សា​ដែល​ក្ដៅ​ និង​ដឹង​ពី​ទំនោរ​បច្ចុប្បន្ន។ ការស្លាប់​របស់​ម៉ៃឃើល ជែកសុន ឬអ៊ូសាម៉ា ប៊ិនឡាឌិន ត្រូវបាន​ប្រកាស​ដំបូង​តាម​ Twitter នេះឯង។

តើដាក់ប៉ារ៉ាម៉ែត្រយ៉ាងដូចម្ដេច?

ត្បិតម្នាក់ៗ​អាចមាន​វិធីរៀបចំផ្ទាល់​ខ្លួន​ តែវិធីសាស្ត្រ​ពីរ​តែ​ងតែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​។ ដំបូង ការរៀបចំ​តាម​ប្រភេទ ៖ ទូរទស្សន៍ វិទ្យុ សារព័ត៌មាន ទំព័រអ៊ិនធឺណែតសុទ្ធសាធ (តំណ​ភ្ជាប់​ទៅសំណុំឯកសារ២៤) ឬក៏វ៉ិបសាយបែបបុរាណ។ អ្នក​ក៏​អាច​ដាក់ចំណាត់ថ្នាក់ប្រធានបទ យោង​តាម​​ការ​ចូលចិត្តរបស់​អ្នកផងដែរ​។

តើ​រៀបចំខ្លួន​យ៉ាង​ដូចម្ដេច​ពី​ព្រឹកដល់​ល្ងាច?

គេបានផ្ដល់អនុសាសន៍ឱ្យពិនិត្យ​មើល​ការតាមដាន​របស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដងនៅពេលព្រឹក។ ពិនិត្យ​ឲ្យបានញឹកញាប់​ ប្រសិនបើអ្នកមានពេល គឺ​ព្រឹក​ពាក់កណ្តាលថ្ងៃ និងពេលល្ងាច ជាការប្រសើរ ដោយត្រូវកំណត់ពេលពី១០ទៅ៣០នាទី ។ វាអាចប្រើពេលរហូតដល់១០ទៅ១៥% នៃពេលវេលាធ្វើការរបស់អ្នក។