Menu

២០/ស្គាល់ឧបករណ៍វិភាគចរាចរ

ដើម្បីបង្កើត​ទំព័រអ៊ិនធឺណែតមួយ​ គេ​ត្រូវ​ស្គាល់​ច្បាស់​ពីអ្នក​អានវា។ តើ​ពួកគេជាអ្នកណា? ពេលណាគេមក? តើ​ពួកគេចូលចិត្តទំព័រអី? បច្ចុប្បន្ន​​កម្មវិធី​ជាច្រើន​​អាច​ផ្ដល់​ចម្លើយ​បាន​ពេញលេញ​ទៅ​នឹង​សំណួរ​ទាំងអស់នេះ។

ឧបករណ៍

ឧបករណ៍រង្វាស់ជាច្រើន​​អាច​ធ្វើការកំណត់ពីអ្នក​អាន​របស់​វ៉ិបសាយមួយ​ លើ​ផ្នែក​បរិមាណ និង​គុណភាព។ ក្នុងចំណោម​ឧបករណ៍ល្បីៗដែល​អ្នក​ត្រូវ​ចងចាំ រួមមាន៖

  • Chartbeat (http://chartbeat.com/) អាច​ផ្ដល់​នូវ​ការ​វាស់​ពីចរាចររបស់​វ៉ិបសាយ​មួយតាំងពី​ទំព័រដំបូង​រហូត​ដល់​ទំព័រជាក់លាក់ផ្សេងៗទៀត នៅ​ក្នុង​ចន្លោះ​ពេល​ជាក់ស្ដែង​ណាមួយ។ ក្រុមហ៊ុន​កាសែតខ្លះប្រើ​វា​ដើម្បី​ចង់ដឹង​ពី​ប្រធានបទ​ដែល​មាន​អ្នក​អាន​ច្រើន​…ហើយ​តើ​អ្នក​អាន​ទាំងនោះមកពីណា និងថាតើ​ពួកគេ​ទៅ​ណាទៀត​បន្ទាប់​ពី​មើល​វ៉ិបសាយ​របស់​អ្នក​ហើយ​។ គុណវិបត្តិ​គឺវា​ជា​កម្មវិធី​បង់​ថ្លៃ។
  • Google Analytics (http://www.google.com/intl/fr/analytics/) ផ្ដល់​នូវ​ដំណើរការ​សឹង​តែ​ដូចគ្នា​នឹង​កម្មវិធីខាងលើដែរ ប៉ុន្តែវាគិត​ពីមួយថ្ងៃទៅមួយថ្ងៃ ហើយ​កាត់​ជា​តារាង​ផ្សេងៗ (អ្នកអាន ខ្លឹមសារ ប្រភពនៃចរាចរ ពាណិជ្ជកម្ម)។ គុណវិបត្តិគឺ​ Google analytics មិន​បែងចែកអ្នក​ប្រើប្រាស់ទេ ប៉ុន្តែស្រង់​តែ​ចំនួន​ភ្ជាប់បណ្ដាញ(​បើ​អ្នក​មើល​វ៉ិបសាយ​ដដែល​នៅ​កន្លែងធ្វើការផង និង​នៅ​ផ្ទះផង អ្នកនឹង​ត្រូវ​គេ​រាប់​ពីរ)។ វាធ្វើ​ឲ្យ​មាន​ការ​ប៉ាន់ប្រមាណលើស​ពីការពិត​នៃ​ចំនួនអ្នក​ចូល​មើល​វ៉ិបសាយ។ ​
  • Nielsen (http://www.nielsen.com/content/corporate/global/en.html) គឺជាក្រុមហ៊ុន​ឯកជន​អាមេរិក (ស្ថិតក្រោម​សម្ព័ន្ធ​ Médiamétrie en France) ដែល​ផ្ដល់​នូវ​ការ​ស្ទង់​ចំនួន​អ្នកអាន​ ដោយ​ប្រើ​ឈ្មោះនៃអ្នកប្រើ​ប្រាស់ (មិនមែនចំនួន​ការ​ចូល​មើល​វ៉ិប​សាយ)​។ វិធីនេះ​ផ្ដល់​នូវ​តួលេខ​​ត្រឹមត្រូវ​បំផុត​អំពីចរាចរអ្នក​ប្រើប្រាស់​ ដែល​វា​ជា​ការ​ចង់​បាន​តែ​ម្យ៉ាង​គត់​របស់​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ ដើម្បីកំណត់​ចំណាត់ថ្នាក់​របស់​វ៉ិបសាយ។ គុណវិបត្តិ ៖ ដោយសារ​ការយោង​ និង​បណ្ដុំនៃ​វ៉ិបសាយ«ចោរ»​ (វ៉ិបសាយ​ហ្គែមជាដើម) វាងាយស្រួល​ណាស់​ក្នុង​ការ​បំប៉ោង​ចរាចរ​សិប្បនិម្មិត​នៅលើ​ Nielsen។

វិធីសាស្ត្រ​គំរូពីរ

​វិធីសាស្ត្រឈ្មោះថា​«វ៉ិបជាគោល»​(ផ្ដោត​លើ​វ៉ិបសាយ) មានប្រយោជន៍​ក្នុង​ការ​បែងចែក​ទិន្នន័យ​​សំខាន់​ៗ​​តាម​សកម្មភាព​របស់​វ៉ិបសាយ ដោយហេតុថា​វា​រាប់​ចំនួន​ដែល​ទំព័រ​មួយ​ត្រូវ​បាន​«ហៅ»​ដោយ​ឧបករណ៍ស្វែងរក។ វិធីនេះ​អនុញ្ញាត​ឲ្យ​គេ​ដឹង​ចំនួន​នៃ​ការ​ចូល​មើល​ទំព័រ​ផ្សេងៗ​។ វា​អាចប្រើ​បាន​ទាំង​សម្រាប់​អ៊ិនធឺណែតនៅ​នឹងកន្លែង និងអ៊ិនធឺណែត​ចល័ត។

វិធីសាស្ត្រឈ្មោះ​ថា«អ្នក​ប្រើ​ប្រាស់ជាគោល» (ផ្តោតជុំវិញ​អ្នក​ប្រើប្រាស់​) ធ្វើ​ការ​ស្រង់​​ទាំង​អស់​នូវ​ការ​ប្រើ​ប្រាស់​អ៊ិនធឺណែត​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ចំនួន​កំណត់មួយ (អ្នកប្រើប្រាស់​ របស់​Nielsen ប្រមាណ២៥ ០០០​នាក់​នៅ​បារាំង)។ វិធីនេះ​អនុញ្ញាត​ឲ្យ​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​របស់​អ្នក​ប្រើប្រាស់ និង​ប្រៀបធៀប​អត្រា​នៃ​ការជ្រៀតចូល​របស់​វ៉ិបសាយ​ផ្សេង។ ប៉ុន្តែ​វា​មិន​រាប់​ពី​អ្នក​ប្រើប្រាស់​ដែល​ភ្ជាប់​បណ្ដាញ​ពីកន្លែងសាធារណៈ​ឬ​ពី​បរទេស​នោះ​ទេ។

វិធីសំខាន់ៗ

បច្ចុប្បន្ន លក្ខណៈវិនិច្ឆ័យ​ផ្នែក​បរិមាណ​ទី១​របស់​វ៉ិបសាយ គឺអ្នកទស្សនាតែមួយ (VU) មានន័យថា​ជា​ចំនួន​អ្នក​ប្រើប្រាស់​អ៊ិនធឺណែត​ដែល​បាន​មើល​ទំព័រ​មួយក្នុង​ចំណោម​ទំព័រ​ជាច្រើន​ទៀត​របស់​វ៉ិបសាយ​ យ៉ាង​ហោច​ម្ដង​ក្នុង​រយៈពេល​មួយខែ​កន្លងទៅ។ វ៉ិបសាយ​បារាំង​២០ដំបូងគេ​​ មានចរាចរ​អ្នកអានពី​២ទៅ១០លាន​ VU/មួយខែ ឯនៅប្រទេសចិន​វិញ​ គឺ​មាន​តួលេខដូច​គ្នា​នេះតែ​ក្នុង​រយៈពេល​តែ​មួយថ្ងៃប៉ុណ្ណោះ។ ចំនួន​នៃការ​ទស្សនា​ក៏​ត្រូវ​បាន​គណនា​​ផងដែរ​ដោយ​កម្មវិធីវិភាគចរាចរ។

លក្ខណៈវិនិច្ឆ័យ​ទី២​គឺ​ទំព័រ​ដែល​ត្រូវបានមើល​ បានន័យថា​ជា​ចំនួន​ទំព័រ​ដែល​ត្រូវ​គេ​បើក​មើល​ជារៀង​រាល់​ខែ​។ វា​វាស់​កម្រិត​ចរាចរ​របស់​វ៉ិបសាយ ពោលគឺ​កម្រិត​នៃភាពទាក់​ទាញ​របស់​ខ្លឹមសារ​​ព័ត៌មាន។ គួរឲ្យ​ប្លែក ​រយៈពេល​ដែល​អ្នក​អាន​​បាន​ចំណាយ​លើ​វ៉ិបសាយ​នីមួយៗ​​មិន​ទាន់​ត្រូវ​បាន​យក​ចិត្តទុកដាក់​ពី​កម្មវិធី​វាយតម្លៃទាំងអស់​នោះទេ ខណៈដែល​លក្ខណៈវិនិច្ឆ័យ​នេះ​​គឺជា​សន្ទស្ស​ជឿជាក់​មួយ​នៃ​គុណភាព និង​ចំណាប់​អារម្មណ៍​​របស់​អ្នក​អាន​​ទៅ​លើ​ខ្លឹម​សារអត្ថបទ។

ជាចុងក្រោយ​ ខ្សែកោង​នៃចរាចររបស់​វ៉ិបសាយ​ព័ត៌មាន​​​ត្រូវ​បាន​គូសឡើង​ដោយ​មាន​កំពូល​ពីរ ជារាង​អក្សរ M គឺព្រឹក (ម៉ោង​៨-១០) និង​យប់ (ម៉ោង​៥-៧) នៅពេល​ធ្វើដំណើរ​ពីផ្ទះ-កន្លែងធ្វើ​។