Menu

២៣/រៀបចំ«ម៉ាកផ្ទាល់ខ្លួន»

ក្នុង​ទ្រឹស្ដី​ វា​គ្មាន​ក្បួន​​ទេសម្រាប់​«personal branding» (ការ​ដាក់​ស្លាកសញ្ញា​ផ្ទាល់ខ្លួន) ប៉ុន្តែ​អាចយក​ក្បួន​ពី​ផ្នែក​ទីផ្សារ​ ដើម្បី​បង្កើត​ម៉ាក​នៅលើ​​វ៉ិប។ ដោយ​សារ​តែ​ខ្លួន​​មិន​មែន​ជាអ្នក​ជំនាញ​ខាងទីផ្សារ​ ប៉ុន្តែ​ខាង​ព័ត៌មាន ដូច្នេះអ្នក​ត្រូវ​អនុវត្តគោលការណ៍​មួយ​ចំនួន ពិសេស​លើ​បណ្ដាញ​សង្គម។

តើត្រូវប្រកាន់យកសំណេរបែបណានៅបណ្តាញសង្គម? តើម៉ាកផ្ទាល់​ខ្លួន​ ឬ​ម៉ាកវិជ្ជាជីវៈ?

បើទោះបី​ជា​គ្មាន​អ្វី​រារាំង​អ្នក​ក្នុង​ការ​បើក​គណនី​ផ្ទាល់​ខ្លួន​ក៏ដោយ ប៉ុន្តែ​មុខងារ​ជាអ្នក​កាសែត​​​តម្រូវ​ឲ្យ​អ្នក​ចូល​ពាក់​ព័ន្ធ​ក្នុង​​បណ្ដាញ​សង្គម​នៅ​ក្នុង​មុំ​នៃមុខវិជ្ជាជីវៈរបស់​អ្នក (ដែល​មិន​មាន​ហាម​ទេ​សម្រាប់​សារ​ផ្ទាល់​ខ្លួន​)។ ខាងក្រោម​នេះ​ជា​គោលការណ៍​មួយ​ចំនួន​​ដែល​ត្រូវ​ប្រើ​នៅ​ក្នុង​​បណ្ដាញ​សង្គម (ហ្វេសប៊ុក Twitter និង​ផ្សេងទៀត)៖

  • បង្ហាញ​ភាពពិសេសរបស់​អ្នក ជាអ្នក​កាសែត​គឺគួរ​ឲ្យ​ចាប់​អារម្មណ៍​
  • ធ្វើ​ខ្លួន​ឲ្យ​គេ​កត់សម្គាល់ត្រូវ​កន្លែង​​
  • ប្រើ​ពាក្យពេចន៍​ផ្ទាល់ខ្លួន និង​ងាយស្រួល​ជាង​ពេល​អ្នក​សរសេរអត្ថបទ
  • ត្រូវ​មានតម្លាភាព
  • ត្រូវ​ដឹង​ពេលណាគួរនិយាយថា«ខ្ញុំអត់ដឹង»
  • ត្រូវ​ដឹងពេលណាគួរ​និយាយថា«ខ្ញុំ​ច្រឡំ»
  • កុំស្ទាក់ស្ទើរ​ក្នុងការ​ស្នើសុំ​ជំនួយ​ពី​សហគមន៍​អ្នក​អាន ​ពេល​ត្រូវការ​ព័ត៌មាន
  • កុំភ្លេច​អរគុណ/ផ្ដល់ដំណឹង/គាំទ្រ អ្វី​ដែល​អ្នក​អាជីព​ផ្សេង​ទៀត​ធ្វើ​

ដូច្នេះ​ ការ​បង្កើត​«ម៉ាក»ជា​អ្នក​កាសែត​​គឺ​​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​ជាមុន​ (តួនាទី​ការ​តាមដានព័ត៌មាន​ និង​ប្រភពច្បាស់ការ) ក៏ដូចជា​ការ​ងារ​ដែល​ត្រូវ​ធ្វើ​តាម​ក្រោយ (ធ្វើ​ឲ្យ​គេបាន​ដឹង​អំពី​ការងារ​របស់ខ្លួន​)។ ផ្នែក​ទាំង​ពីរ​នេះ​មិន​អាចកាត់​ចេញ​ពីគ្នា​បាន​ទេ។ អ្នក​នឹង​ទទួល​បាន​ការគាំទ្រ​ និង​ការ​កោតសរសើរ​ពី​អ្នក​អាន​កាន់​តែ​ខ្លាំង នៅពេល​អ្នក​ចេះ​ធ្វើ​ខ្លួន​ជា​ប្រយោជន៍​ដល់​សហគមន៍អ្នក​​។ ចូរកុំភ្លេច​ថា​អ៊ិនធឺណែត​​គឺជា​កន្លែង​មួយ​ដែល​ពោរពេញ​ដោយ​ទស្សនវិជ្ជា​នៃ​ការ​ចែករម្លែក​។

តើ​ធ្វើ​ដូចម្ដេច​ឲ្យ​សហគមន៍​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​ធ្វើ/ចេញផ្សាយ?

ដោយសារ​បណ្ដាញសង្គម​គឺជា​វេទិកាសម្រាប់​បញ្ចេញ​មតិ វា​មិន​ឥតប្រយោជន៍​ទេ​ក្នុង​ការ​​ឲ្យ​សហគមន៍របស់​​អ្នក​បាន​ដឹង​ពី​អ្វី​ដែល​អ្នក​ធ្វើ​។ ការ​ផលិត​ព័ត៌មាន​​ពឹងផ្អែក​កាន់តែច្រើន​ឡើងៗ លើ​ការ​ពន្យល់​ពី​អ្វី​ដែល​កើតឡើង​​នៅ​ខាងក្រោយឆាក ៖ តើ​អ្នក​យកព័ត៌មាន​ធ្វើ​ការដូចម្ដេច? តើ​គេទៅណា? តើ​គេ​មានវិធីអ្វីខ្លះ​ក្នុង​ការ​អង្កេត? មាន​ប្រធានបទ​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាន​យល់​បាន​ច្បាស់​ពី​ការធ្វើ​ព័ត៌មាន។

ឧបមាថា​អ្នក​ត្រូវ​គេ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ឬ​ក៏​ថា​ប្រភពមួយនេះ​មិន​ព្រម​ឆ្លើយ​នឹង​សំណួរអ្នក គឺ​ជា​ព័ត៌មាន​ដែល​អ្នក​អាន​ចាប់​អារម្មណ៍។

ការ​ធ្វើ​ឲ្យ​គេដឹង​ពី​អ្វី​ដែល​អ្នក​ចេញផ្សាយ​គឺជារឿងមួយ​ទូទៅ។ អ្នក​កាសែត​មិន​បាន​រំពឹង​លើ​វ៉ិប​ដើម្បី​បង្កើត​«buzz»(ចំណាប់អារម្មណ៍)​ជុំវិញ​អត្ថបទ​របស់​ខ្លួន​នោះ​ទេ។ ម្នាក់​ៗមាន​វិធី​រៀង​ខ្លួន​ ទៅ​តាម​បុគ្គលិកលក្ខណៈ​របស់គេ​ និង​ប្រភេទ​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​។ វ៉ិបសាយ​ព័ត៌មាន​ Voici នឹង​មិន​ប្រើ​វិធី«លក់ព័ត៌មាន»​ទៅ​កាន់​អ្នក​អាន​​ ដូចគ្នា​នឹង​​វ៉ិបសាយ​ New York Review of Books នោះឡើយ!

តើ​អ្នក​កាសែតគប្បី​មាន​គោលការណ៍​នៃ​ការ​ប្រើ​បណ្ដាញសង្គម​​ដែរឬទេ?

បច្ចុប្បន្ន​ សំណួរនេះ​បាន​លេច​ចេញ​មកវិញ​ ពិសេស​ចាប់​តាំង​ពីពេលដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​បានកែប្រែកតិការ និង​សារាចរ​របស់​ខ្លួន​ (តំណភ្ជាប់​ក្នុង​សំណុំឯកសារ​២២) លើ​ប្រធានបទនេះ។ ទំនាក់​ទំនង​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នីមួយៗ​បានថែរក្សា គឺកំណត់​ពី​វត្តមាន​របស់​វា​នៅ​លើ​បណ្ដាញ​សង្គម។​ ការ​ស្មោះ​ចំពោះ​ក្រុមហ៊ុន​ និងការ​គោរព​​គោលការណ៍​ដែល​ត្រូវ​បាន​កែប្រែ គឺ​ជា​​ការ​ត្រឹម​​ត្រូវ។ ប៉ុន្តែ​គេមិន​បាន​ហាម​អ្នក​កាសែត​​ក្នុងការ​រក្សាគម្លាត​ខ្លះ​​​ពី​ការបកស្រាយ​ព័ត៌មាន​«ផ្លូវការ»ក្នុង​ប្រព័ន្ធផ្សព្វផ្សាយដែល​ខ្លួនធ្វើការ​​នោះ​ឡើយ។ គឺ​ស្ទើរ​តែ​មិន​មាន​វិធីណាដែល​ល្អឥតខ្ចោះ និង​តែមួយដូចគ្នា​ សម្រាប់សរសេរ​ព័ត៌មាន​ដែល​រសើប។