Menu

២/ ការបើកចំហកិច្ចប្រជុំលើខ្លឹមសារនិពន្ធ

ការធ្វើការនៅលើអ៊ិនធឺណែតតម្រូវឱ្យមានការគ្រប់គ្រងពេលវេលាដែលអាចបត់បែនបាន ព្រោះ​វ៉ិបសាយ​មិនមានពេលកំណត់បិទព័ត៌មានចូលរោងពុម្ពដូចកាសែត​ឡើយ ហើយជាទ្រឹស្ដី គឺ​វា​គ្មាន​ដែន​កំណត់​ទាំង​ពេលវេលា​ ក៏ដូចជាទីកន្លែង។ តែយ៉ាងណា ​វា​ចាំបាច់ដែល​ផ្នែក​​និពន្ធត្រូវ​ជ្រើស​រើស​​ប្រធានបទ និង​របៀប​បក​ស្រាយ​​​​​ពីវា​ ដោយ​មាន​ជំនួយយ៉ាង​សកម្ម​ពី​អ្នក​ប្រើប្រាស់​អ៊ិនធឺណែត​ដែល​ជា​ប្រិយមិត្ត​របស់​ខ្លួន​ ជា​​រៀងរាល់ថ្ងៃ ឬ​យ៉ាង​ហោច​ណាស់ម្តង​ក្នុង​មួយសប្តាហ៍​បើអាចទៅរួច។

ជ្រើសរើសប្រធានបទ

​បញ្ជី​​អត្ថបទ​សម្រាប់​សរសេរ​​ក្នុង​មួយ​ថ្ងៃ​ៗ​គឺ​មានប្រធានបទជាងដប់ ដោយ​អ្នក​អាច​មើល​ឧបករណ៍​តាមដាន​របស់​អ្នក និង​សំណើ​ផ្សេងៗ​ពី​អ្នក​កាសែត​ម្នាក់ៗ។ ដើម្បី​ធ្វើ​បញ្ជីអត្ថបទរបស់អ្នក គឺមានលក្ខណៈវិនិច្ឆ័យពីរយ៉ាង។ ទី១ គឺលក្ខណៈពេញនិយម មាន​ន័យ​ថា​គ្រប់គ្នា​និយាយ​អំពីវា​ និងទី២​គឺអត្ថប្រយោជន៍​​ទូទៅ ​មានន័យថាវា​ពាក់​ព័ន្ធ​​នឹង​មនុស្ស​ច្រើន​។ ការជ្រើសរើសបែប​នេះ​មិន​មាន​អ្វី​​ខុសប្លែក​​ទេ​បើ​​ធៀប​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។ យើងឃើញប្រធានបទនៅលើវ៉ិបសាយគឺដូចគ្នានឹងប្រធាន​បទ​នៅ​កន្លែងផ្សេងទៀតដែរ ។

ជ្រើសរើសវិធី​បកស្រាយ

ប៉ុន្តែ ភាពខុសៗគ្នា​នៃ​បច្ចេកទេសផ្សេងៗអនុញ្ញាតឱ្យមានការបកស្រាយ​កាន់តែសម្បូរបែប។ នៅ​ពេល​ប្រធានបទ​ត្រូវបានជ្រើសរើស​រួចហើយ អ្នកត្រូវរើសប្រព័ន្ធផ្សព្វផ្សាយដែល​ល្អបំផុតដើម្បីបកស្រាយពីវា ៖ សំណេរ សំឡេង រូបភាព និង/ឬវីដេអូ។ វា​គ្មានរូបមន្ត​មហស្ចារ្យអ្វីទេ គឺយើង​ត្រូវធ្វើការ​ជ្រើស​រើសដោយប្រើ​បទពិសោធន៍ និងសញ្ញាតិញ្ញាណផ្ទាល់ខ្លួន​។ ឧទាហរណ៍​សម្រាប់​សាក្សីម្នាក់​ដែល​បដិសេធ​មិន​បង្ហាញ​មុខ គាត់​​នឹងយល់​ព្រមឲ្យ​ផ្ដល់​បទសម្ភាសន៍​ដោយ​ថតសំឡេង​ ឬក៏ការសរសេរ។ ផ្ទុយ​មកវិញ សម្រាប់​​ប្រធានបទ​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ វា​ជា​ការល្អ​ដែលត្រូវបង្ហាញតាមរយៈរូបភាពឬវីដេអូ។ ជាចុងក្រោយ វា​ក៏​ចាំបាច់​ផងដែរ​ក្នុង​ការ​គិតពី​សមត្ថភាពរបស់ខ្លួន​ក្នុង​ការ​សរសេរ​អត្ថបទ ដោយហេតុថា​អ្នកកាសែតទាំងអស់មិនអា​ច​មាន​សមត្ថភាព​(តំណភ្ជាប់​ក្នុង​ទៅសំណុំឯកសារ៤) ធ្វើ​ការងារ​លើ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយនោះ​ទេ!

ទទួល​យក​សំណើពីប្រិយមិត្តអ្នកអាន

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើន​ទៀត​របស់​វ៉ិបសាយ គឺ​បើក​ចំហ​ដំណើរការនៃការ​និពន្ធ​ដល់​​អ្នក​ប្រើប្រាស់​អ៊ិនធឺណែតដែល​ជាប្រិយមិត្ត​អ្នក​អាន​របស់ខ្លួន​ ហើយ​ជា​​ធម្មតា​ ចំណុច​នេះ​មិនដែលត្រូវបានបើក​ឲ្យ​អ្នកអានទូទៅនោះឡើយ។ អ៊ិនធឺណែតផ្តល់ឱ្យគ្រប់គ្នានូវឱកាសដើម្បីក្លាយជាអ្នកផលិតព័ត៌មាន។ ប៉ុន្តែ​វា​ចាំ​បាច់​ត្រូវ​គិត​ពី​ការ​ចូល​រួម​នៅ​លើ​អ៊ិនធឺណែត ដើម្បី​អាចឆ្លើយ​តប​នឹង​អ្នក​ប្រើប្រាស់​វ៉ិបសាយ និង​ទាញ​យក​អត្ថប្រយោជន៍​ពី​គំនិត​​ដែល​ពួកគេ​ផ្ដល់​ឲ្យ​។

រៀបចំជំនួបនិពន្ធដោយមានការចូលរួមពីប្រិយមិត្តអ្នកអាន​

កិច្ចប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​ប្រិយមិត្ត​អ្នក​អាននេះ​អាចរៀបចំធ្វើ​ឡើង​ម្ដងក្នុងមួយសប្តាហ៍។ ដើម្បី​ឲ្យ​វាដើរ​ អ្នក​អាច​ត្រូវ​ប្រើ​ឧបករណ៍​ជជែក​អនឡាញ​​(តំណភ្ជាប់​ក្នុង​សំណុំឯកសារ១៧) ក្នុង​ពេលប្រជុំ​ក្នុង​បន្ទប់​ព័ត៌មាន។ អ្នកកាសែតម្នាក់​អាចពិពណ៌នា​ពីប្រធានបទដែលក្រុមការងារបានលើកឡើង ខណៈដែលម្នាក់ទៀតប្រមូលយក​ការទាមទារ និងសំណូមពររបស់ប្រិយមិត្ត​អ្នក​អាន រួចហើយ​ប្រាប់​ទៅ​បន្ទប់​ប្រជុំ។ នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នកនឹងរកឃើញថា​ប្រធានបទ​ដែលអ្នកកាសែតចាប់អារម្មណ៍​តែ​អ្នក​អាន​បែរ​ជា​មិន​ចាប់​អារម្មណ៍ និង​ផ្ទុយ​ពីនេះ។

យើង​អាច​រក​បានកម្មវិធី​ប្លុកអនឡាញ​មួយ​ចំនួន​​​នៅ​លើ​ទីផ្សារ។ Coveritlive គឺជា​កម្មវិធី​មួយ​ក្នុង​នោះ​។ គុណសម្បត្តិ​របស់​វា គឺ​មានភាពងាយស្រួល និង​មានប្រសិទ្ធភាព។ កម្មវិធី​នេះ​ក៏​អាច​ប្រើ​សម្រាប់​​ផ្សាយបន្តផ្ទាល់​ព្រឹត្តិការណ៍អ្វីមួយផងដែរ​។