និយមន័យព័ត៌មានវ៉ិបសាយ
ព័ត៌មានលើវ៉ិបសាយគឺខ្លីជាងព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ មិនថាជាអត្ថបទសរសេរ សំឡេងឬជាវីដេអូទេ ភាគច្រើនគឺមានកំណត់ដោយសារតែការផ្ចង់អារម្មណ៍របស់អ្នកអាននៅលើអេក្រង់ (តំណភ្ជាប់ក្នុងទៅសំណុំឯកសារ៨) គឺខ្លីខ្លាំងណាស់ ៖ មិនលើសពី៦ ០០០តួអក្សរសម្រាប់អត្ថបទសរសេរ មិនលើសពីមួយនាទីសម្រាប់សំឡេង ឬបីនាទីសម្រាប់វីដេអូ។ បើលើសពីនេះ អ្នកចាំបាច់ត្រូវមានវិធីសាស្ត្រធ្វើឲ្យព័ត៌មានអ្នកមានភាពទាក់ទាញ។ បើលើសពីខ្នាតខាងលើនេះ អ្នកអាននឹងមិនអានអត្ថបទរបស់អ្នកដល់ចប់នោះឡើយ។
ដូច្នេះព័ត៌មានលើវ៉ិបសាយគឺខ្លី និងមានចំណុចចុចចូលច្រើន ដើម្បីចាប់យកចំណាប់អារម្មណ៍របស់អ្នកអាន តាមរយៈការប្រើប្រាស់នូវ«ឧបករណ៍ផ្សព្វផ្សាយសម្បូរបែប»(តំណភ្ជាប់ក្នុងទៅសំណុំឯកសារ៩) ពោលគឺបណ្ដុំបច្ចេកទេសដែលនាំមកនូវភាពសម្បូរបែបរបស់ព័ត៌មាន (ប្រព័ន្ធផ្សព្វផ្សាយចម្រុះ) និងភាពស៊ីជម្រៅនៃអត្ថបទ (តំណភ្ជាប់ក្នុងនិងក្រៅ) ដោយធ្វើយ៉ាងណាសម្របតាមបញ្ហាប្រឈមនៃការរុករកលើអ៊ិនធឺណិត។
ហេតុអ្វីដាក់រូបថត សំឡេង ឬវីដេអូ?
ធ្វើការតាមអនឡាញ អ្នកត្រូវតែសួរខ្លួនឯងនូវសំណួរមួយ ៖ តើប្រព័ន្ធផ្សព្វផ្សាយប្រភេទអ្វីត្រូវនឹងសាច់រឿងអ្នក? ជាទូទៅ៖
- អត្ថបទសរសេរគឺជាមធ្យោបាយសាមញ្ញបំផុតនិងស្រួលបំផុត
- សំឡេងត្រូវបានប្រើជាញឹកញាប់សម្រាប់បទយកការណ៍ និងកិច្ចសម្ភាសន៍
- រូបភាព (រូបថតឬវីដេអូ) អនុញ្ញាតឱ្យបង្ហាញប្រធានបទ«សមូហភាព»ដូចជាបាតុកម្ម ព្រឹត្តិការណ៍ធំៗ ឬសកម្មភាពដែលមានបុគ្គលច្រើននាក់ពាក់ព័ន្ធ ។
ពេលអ្នកមានចម្លើយហើយ អ្នកត្រូវវាយតម្លៃភ្លាមថាតើអ្នកអាចឆ្លើយតបតាមបច្ចេកទេសទៅនឹងបញ្ហានោះបានដែរឬទេ។ នេះជាមូលហេតុដែលគ្រប់ផ្នែកនិពន្ធវ៉ិបសាយត្រូវអាចថតសំឡេង ថតវីដេអូ និងថតរូប ហើយដាក់លើអ៊ិនធឺណែត។ សព្វថ្ងៃនេះវាមានងាយស្រួលដោយសារឧបករណ៍ទាំងនោះងាយស្រួលប្រើ និងមានតម្លៃទាប ដូចជាស្មាតហ្វូន និងកាមេរ៉ាជាដើម ។
អ្នកកាសែតពហុព័ត៌មានត្រូវចេះគ្រប់យ៉ាង?
ពេលខ្លះអ្នកកាសែតពហុព័ត៌មានត្រូវបានគេពិពណ៌នាថាជា«ព្រះសិវៈព័ត៌មាន»មានសមត្ថភាពអាចធ្វើបានគ្រប់យ៉ាង។ ពួកគេត្រូវចេះពីបច្ចេកទេសទាំងអស់នេះ។ តែមិនមែនមានន័យថាពួកគេគួរតែប្រើវាទាំងអស់ក្នុងពេលតែមួយទេ។ តាមពិត វាមិនអាចទៅរួចឡើយ។ ដូច្នេះអ្នកត្រូវបំភ្លេចពីអ្នកដែលធ្វើពុតជាចេះធ្វើគ្រប់យ៉ាងក្នុងពេលតែមួយចោលទៅ។ រឿងបែបនេះមិនមានទេ។ ប៉ុន្តែវាជាការចាំបាច់ដែលអ្នកត្រូវជ្រើសរើសប្រើបច្ចេកទេសណាមួយ មុននឹងចុះទៅយកព័ត៌មាន។ ពេលខ្លះអ្នកអាចប្ដូរចិត្តវិញបាននៅតាមផ្លូវ ប្រសិនបើកាលៈទេសៈបង្ខំ។