Menu

៦/បង្កើតប្រតិបត្តិការប្រភពមហាជន

ការបង្កើតថ្មីដ៏សំខាន់​មួយ​​របស់​វ៉ិបសាយ​ គឺការប្រែក្លាយ​អ្នក​ប្រើប្រាស់​អ៊ិនធឺណែតទៅជា​អ្នក​​ផលិត​ព័ត៌មាន។ វាជាការផ្ដល់​​តួនាទី​ និង​មុខ​តំណែងថ្មីមួយ​ដល់រូបគេនៅ​ក្នុង​ការ​ផលិត​ព័ត៌មាន។ សម្រាប់​អ្នកកាសែត វា​គឺជា​ឱកាសមួយ​ក្នុង​ការ​ចងក្រងទំនាក់ទំនងថ្មីៗ​ជាមួយ​អ្នក​អាន។

ការផ្លាស់ប្ដូរទំនាក់ទំនងៈ ពីរាងពីរ៉ាមីត ទៅជារាងផ្កាយ

មុនពេលមានវ៉ិបសាយ គំនូរបំព្រួញនៃ​ទំនាក់ទំនង​រវាងអ្នកព័ត៌មាន/អ្នកអានគឺរាងជាពីរ៉ាមីត និង​មានឋានានុក្រម ជាទំនាក់ទំនងតែម្ខាងពីអ្នកកាសែត​ទៅ​អ្នកអាន។

ជាមួយនឹងវត្តមានរបស់អ៊ិនធឺណែត រូបពីរ៉ាមីតត្រូវបាន​ប្រែក្លាយ​ជារូបផ្កាយ ដោយហេតុថា​ម្នាក់​ៗ​សុទ្ធ​តែ​ក្លាយ​ជាអ្នក​ផលិត​ព័ត៌មាន។ អ្នក​អានមានលទ្ធភាពអាចឆ្លើយឆ្លងបាន​ភ្លាមៗ​ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​អ្នក​យកព័ត៌មាន។

នេះ​គឺជាការវិវត្តន៍​ដ៏សំខាន់​មួយ​សម្រាប់​អ្នក​កាសែត ព្រោះវា​កើត​ឡើង​ផងដែរ​ទៅលើ​ស្ថាប័ន អង្គការ រដ្ឋាភិបាល និង​សហគ្រាស។ល។ ម្នាក់ៗសុទ្ធតែមានសក្ដានុពលជាប្រព័ន្ធ​ផ្សព្វផ្សាយដែល​អ្នក​កាសែតត្រូវយកចិត្ត​ទុក​ដាក់​។

ប្រភពមហាជន តើ​វាដំណើរការយ៉ាងដូចម្ដេច?

វិធីទី​១នៃការបង្កើត​ប្រភពមហាជន (ព័ត៌មានផ្ដល់​ដោយសាធារណជន) គឺការប្រើសហគមន៍​នៃ​អ្នក​ប្រើប្រាស់​អ៊ិនធឺណែត ដើម្បីបែងចែកយកព័ត៌មានច្បាស់ការ។ សារព័ត៌មានប្រចាំថ្ងៃ​របស់​អង់គ្លេស The Guardian បាន​សុំ​ឲ្យ​អ្នក​អាន​ជួយ​ផ្ទៀងផ្ទាត់សេចក្ដីប្រកាស​ចំនួន​៤៥៨ ០០០ ទំព័រ​ពាក់ព័ន្ធ​នឹង​​ការ​ចំណាយរបស់​សមាជិករដ្ឋសភា។ មនុស្ស​លើស​ពី​២៨ ០០០នាក់​បាន​ចូល​រួមធ្វើ​​លំហាត់នេះ។​ វិធីសាស្ត្រ​នេះត្រូវ​បានគេ​យកទៅប្រើ​ជាទូទៅ ដោយសារតែការផ្ទុះ​ឡើង​នៃ​បណ្ដាញសង្គម​ធ្វើ​ឲ្យ​បរិមាណទិន្នន័យ​ដែលផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​នៅ​លើ​អ៊ិនធឺណែតកើន​ឡើង​ទ្វេដង។ ជាក់ស្ដែង កាសែតប្រចាំថ្ងៃមានគុណភាព​​មួយទំព័រ​មាន​ទិន្នន័យ​ស្មើនឹង​មួយមេហ្គាអុកតេ (១០ស្វ័យគុណ៦) ហើយ​ការឆ្លងឆ្លើយគ្នា​តាមបណ្ដាញ Twitter ក្នុង​មួយថ្ងៃ​ (ឆ្នាំ២០១០) គឺមានទិន្នន័យ​ស្មើនឹង​៧០តេរ៉ាអុកតេ (១០ស្វ័យ​គុណ១២)​។

វិធីទី២​នៃការបង្កើត​ប្រភពមហាជន គឺការសុំ​ឲ្យ​អ្នក​ប្រើប្រាស់​អ៊ិនធឺណែតបញ្ជូន​ព័ត៌មាន​សាមញ្ញ​​មួយ​​ដែលពួក​គេ​មាន។ ករណីនេះគឺដូចការផ្ដួចផ្ដើម​ធ្វើឡើងនៅប្រទេសឥណ្ឌា​ ដើម្បី​កំណត់ពីទំហំនៃអំពើពុករលួយជារៀងរាល់ថ្ងៃ។ នៅលើទំព័រអ៊ីនធឺណែត Ipaidabribe.com អ្នកប្រើ​ប្រាស់​អ៊ិនធឺណែត​អាចបញ្ចូល​សក្ខីកម្ម​របស់ខ្លួន​​ទៅក្នុង​មូលដ្ឋាន​ទិន្នន័យដោយ​មិន​បាច់​បង្ហាញ​អត្តសញ្ញាណ ៖ កន្លែងណា ពេលណា ហើយតើ​ពួកគេ​ឲ្យ​សំណូកអ្វី និង​ទៅ​អ្នកណា? ការ​ប្រមូលផ្តុំ​ និង​ការវិភាគ​ទិន្នន័យ​ទាំងនេះអាច​​ជួយ​ឲ្យ​​គេគូរ​ពីទិដ្ឋភាពប្រចាំ​ថ្ងៃ​នៃអំពើ​ពុករលួយនៅតាម​ទីប្រជុំជន​នានាក្នុង​ប្រទេសឥណ្ឌា។ វាជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដែល​អាច​ជះឥទ្ធិពល​លើ​គោល​នយោបាយ​របស់​អាជ្ញាធរ​មូលដ្ឋាន។

មូលនិធិមហាជនដើម្បីធ្វើ​បទយកការណ៍

ផ្នែកម្ខាងទៀតនៃការអំពាវនាវឱ្យមានការចូលរួមជាសាធារណៈ គឺ​ការ​ផ្តល់​ថវិកា​ដល់​អ្នក​យក​ព័ត៌មាន។ គំនិត​ផ្តួចផ្តើម​ជាច្រើន​បានចេញជារូបរាង​ឡើង​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​កាសែត​មានថវិកា​ធ្វើបទយកការណ៍របស់​ពួកគេ​ដោយ​ពឹងផ្អែក​លើ​ជំនួយ​សប្បុរសធម៌​របស់​ម្ចាស់​ជំនួយ។ សម្រាប់​ព័ត៌មានធម្មតាទូទៅ ការ​រៃអង្គាស​​មូលនិធិមហាជន​គឺ​មិន​មាន​ប្រសិទ្ធភាពទេ។ យ៉ាងណាក៏ដោយ ​បទពិសោធន៍​មួយ​ចំនួន​ដូចជា​បទពិសោធន៍​របស់​ Américains de spot.us គឺត្រូវតែធ្វើតាម។