Menu

៧/តើអ្វីជាព័ត៌មានពហុប្រព័ន្ធផ្សព្វផ្សាយវិវត្តន៍?

នៅលើអ៊ិនធឺណែត សូម្បី​តែ​និយម​ន័យអត្ថបទព័ត៌មានក៏ខុសគ្នាពីព័ត៌មាននៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ផ្សេងៗទៀតដែរ។ ពីTweetធម្មតា​មួយ​ទៅដល់​ការវិភាគ​បែប​ស៊ីជម្រៅ ព័ត៌មាន​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយលើ​អ៊ិនធឺណែត​គឺជានីតិវិធីព័ត៌មានដែល​ផ្លាស់ប្ដូរ និង​វិវត្ត តាមពេលវេលា​ ហើយ​អ្នក​កាសែត​ចាំបាច់ត្រូវ​តែ​មើលវា​ឡើងវិញ​ជាប្រចាំ។

នៅលើវ៉ិប ព័ត៌មានមួយគឺគ្មានទីបញ្ចប់

អ៊ិនធឺណែត​គឺជា​ប្រព័ន្ធផ្សព្វផ្សាយ​ដែលមានលំហូរឥតឈប់ឈរ។ ខុសពី​ទូរ​ទស្សន៍ និង​វិទ្យុ (ប្រព័ន្ធផ្សព្វផ្សាយមានលំហូរដែរ) វា​មិន​មានកន្លែងណាត់ជួបជាក់លាក់ទេ ព្រោះថា​វ៉ិប​ត្រូវ​បាន​លេច​ឡើងក្នុង​យុគសម័យសាកលភាវូបនីយកម្ម​ដែល​បច្ចុប្បន្នភាពមួយផ្លាស់ប្ដូរ២៤ម៉ោង​លើ​២៤ម៉ោង។ ក្នុងការអនុវត្ត​ជាក់ស្ដែង វា​មានន័យថា​ព័ត៌មានអាចត្រូវ​ចេញផ្សាយ​ពេល​ណា​ក៏បាន តាំងពីព្រឹក​ដល់​ល្ងាច។ មិន​ចាំបាច់​«រក្សាទុក»ព័ត៌មានណាមួយទេ ទោះបីម៉ោង​ខ្លះ​មានចរាចរព័ត៌មាន​ច្រើន​ជាងម៉ោងខ្លះក៏ដោយ (តំណភ្ជាប់​ក្នុង​សំណុំឯកសារ​២០)។

វាមិនមែនជារឿងកម្រទេដែល​ព័ត៌មាន​ខ្លះផ្ដើម​ចេញ​ពីសារអេឡិចត្រូនិច​ធម្មតា​នៅលើ​បណ្ដាញ​សង្គម​ ដូចជា tweet ដែល​មានសារតែ១៤០អក្សរជាដើម។ ដូចករណីមរណភាព​របស់​ម៉ៃឃើល ជែកសុន ការប្រកាសដំបូងបង្អស់​គឺ​តាមរយៈ​សារផ្សព្វផ្សាយ​លើ Twitter ដោយ​ទំព័រព័ត៌មានអនឡាញ​ជំនាញខាងជីវិតរបស់​តារាល្បីៗ ៖

“URGENT—TMZ.com ប្រកាសថា​ម៉ៃឃើល ជែកសុន ត្រូវ​បានបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​ឡូសអែនជឺលេសបន្ទាប់​ពីបេះដូងគាំង»។

​២៤ម៉ោង​ក្រោយ​ការ​ផ្សព្វផ្សាយនេះ​ ចរាចរ​ព័ត៌មាន​នៅលើ​​Twitter កើនឡើងទ្វេដង ហើយ​ហ្វេស​ប៊ុក​វិញ​បីដង។ គ្រប់​គ្នា​និយាយ​ពី​វា​គ្រប់​ទីកន្លែង។ នៅថ្ងៃបន្ទាប់ កាសែតប្រចាំ​ថ្ងៃ​ធំជាងគេ​បំផុត​នៅ​លើ​ពិភពលោក​អាច​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​ដល់​អ្នក​អាន​។ ពីរឆ្នាំក្រោយ​ម​ក​តុលាការ​មួយនៅ LA បាន​កាត់​ទោស​វេជ្ជបណ្ឌិតដែល​នៅ​ព្យាបាល​តារារូបនេះ​មុន​​ពេល​គាត់​ស្លាប់​។ នេះ​ជា​ឧទាហរណ៍​ល្អ​ឥតខ្ចោះ​ពី​សញ្ញាណនៃ​ការវិវត្ត​របស់​ព័ត៌មាន​ដែលមាន​ខ្លឹមសារ​កាន់តែស៊ីជម្រៅ​ទៅនៅ​​ពេល​វេលាឆ្លងកាត់កាន់តែយូរទៅ។

តើ​បញ្ចូល​​ការកែតម្រូវ​យ៉ាងដូចម្ដេច?

បញ្ហា​ចម្បង​មួយ​របស់​កាសែត​អនឡាញគឺ​ធ្វើ​យ៉ាងណា​ឲ្យ​ការកែប្រែ​នៅក្នុង​ព័ត៌មានមួយ​ត្រូវ​​អ្នក​អាន​មើល​ឃើញ​ច្បាស់​។ ដូច្នេះ​វាចាំបាច់​ត្រូវ​គ្រោង​ទុក​មុន​ពី​ព័ត៌មាន​មួយ​ចំនួន​ដូចជា​ថ្ងៃ ឆ្នាំ និង​ម៉ោង​នៃ​ការ​ចេញ​ផ្សាយ​ ហើយ​និង​ប្រភេទព័ត៌មាន (tag) ព្រោះវា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អ៊ិនធឺណែតងាយ​ស្រួល​រក​។ វា​ក៏​នឹង​ផ្ដល់​តម្លៃផងដែរ​ដល់​បណ្ណសារ​របស់​អ្នក​។ រាល់ពេល​ដែល​​ការ​ស្លាប់​របស់​ម៉ៃឃើល​ ជែកសុន​​​ត្រូវគេ​និយាយ​ឡើងវិញ អត្ថបទ​របស់​អ្នក​នឹង​ត្រូវ«ហៅ»​ដោយ​ឧបករណ៍ស្វែងរក​ ហើយអ្នក​ប្រើ​ប្រាស់​អ៊ិនធឺណែត​នឹង​​អានវា(ឬអានវាឡើងវិញ) ។

ក្នុង​បរិបទ​នេះ អ្នក​កាសែត​ចាំបាច់​ត្រូវ​តែ​ទទួល​យក​នូវគោលការណ៍ពីរ៖

  • ទទួល​ស្គាល់​ថា​មាន​កំហុស​ឆ្គង​ បន្ទាប់​ពី​អ្នកអាន​ផ្ដល់​ដំណឹង
  • ដាក់​កំហុស​ឆ្គងនេះ​ឲ្យ​គេ​ឃើញ ដោយ​បញ្ជាក់​​ការកែតម្រូវ​​នៅ​ខាងក្រោម​អត្ថបទ

វិធីនេះ​ធ្វើ​ឲ្យ​អ្នក​​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ពីអ្នកអាន និង​ពង្រឹង​ការចេះបន្ទាបខ្លួន​ពីមិត្ត​រួម​អាជីព​ដែល​ជា​​អ្នកកាសែត​ដូចគ្នា​។