Menu

៨/គោលការណ៍សំខាន់ៗនៃការអាន

យើង​មិន​អាន​អត្ថបទលើអេក្រង់​ដូច​អាន​លើ​ក្រដាសទេ។ មានទិន្នន័យ​ច្រើន​ណាស់​អាច​បញ្ជាក់​បាន​។ ទិន្នន័យ​ជាមូលដ្ឋានគ្រឹះ​នេះ​ចាំបាច់ត្រូវ​ធ្វើ​ការលម្អិត។  គោលបំណងគឺដើម្បី​ស្វែងយល់​ពី​អាកប្បកិរិយា​របស់​អ្នក​អាន​អត្ថបទអនឡាញ បន្ទាប់មក​សម្រប​ការសរសេរ​របស់ខ្លួន​ទៅ​នឹង​ការអាន​អនឡាញ។

ទិសនៃការអាន និង​ខ្សែភ្នែករត់

ផ្ដើម​ចេញ​ពី​មេរៀន​របស់​ Jakob Nielsen អ្នកស្រាវជ្រាវ​ជនជាតិអាមេរិក​ម្នាក់​ដែល​វិភាគអស់​រយៈពេល ១០ឆ្នាំ ពី​អាកប្បកិរិយា​របស់​អ្នក​ប្រើប្រាស់​អ៊ិនធឺណែត។ Nielsen និយាយថា នៅ​លើ​វ៉ិប អ្នក​អាន​មិន​អាន​អត្ថបទទេ តែពួកគេ​មើល! ក្នុងពេល​ពី១០ទៅ​២០វិនាទី ពួកគេ​វាយ​តម្លៃ​ពីគុណភាព​របស់​ទំព័រដែល​ពួកគេ​មើល​។ បើពួកគេ​មិនចូលចិត្ត​ទេ ពួកគេ​នឹង​មើល​ទំព័រ​ផ្សេងទៀត។

Nielsen ប្រើ​ប្រព័ន្ធតាមដាន​ភ្នែក(eye-tracking) ៖ គាត់​ពិពណ៌នាថា​អ្នកអានមើល​ទំព័រ​អ៊ិនធឺណែត​ រំលង​ពីកថាខណ្ឌមួយ​ទៅ​មួយ ដោយ​ជៀសវាង​អត់មើល​ពាណិជ្ជកម្ម ឬក៏​កន្លែង​ដែល​មានពាក្យ​ញឹកស្អេក។ ខួរក្បាល​គេ​ចាប់យក​គំនិត​ពីមួយទៅមួយ​មុននឹង​សម្រេច​ចិត្ត​ធ្វើ​ការ​អានឲ្យ​​ពិតប្រាកដ។

នៅលើវ៉ិបសាយ ភ្នែក​របស់​អ្នក​ប្រើប្រាស់​អ៊ិនធឺណែត​មាន​អំណានរាង F (ខ្ញុំស្វែង​រក)​អានពីលើចុះក្រោម និង​ពីឆ្វេង​ទៅ​ស្ដាំ (ខ្ញុំចាប់អារម្មណ៍)។

24h-principe-lecture

ទំព័រអ៊ិនធឺណែតបីដែល​ត្រូវបានវិភាគដោយ Jakob Nielsen តំបន់ពណ៌ក្រហម​គឺមាន​ការ​អានច្រើនជាងគេ បន្ទាប់​មក​​ពណ៌លឿង និង​ខៀវ។

ការអាន​តែងតែត្រូវ​បង្អាក់​ដោយ​វីដេអូ រូបស្លាយ ឬសំឡេង ៖ ៧៩%នៃ​អ្នក​ប្រើ​ប្រាស់អ៊ិនធឺណែត​អានតាម«អង្កត់ទ្រូង» និង​១៦%​ប៉ុណ្ណោះ​ដែល​អានមួយពាក្យៗ។ ​នេះបង្ហាញ​ថា​អត្ថន័យ​របស់​ពាក្យ«អាន»​គឺ​ខុសគ្នា​ខ្លាំងណាស់​​នៅលើ​វ៉ិបសាយ។ បន្ថែមពីលើនេះ ការអាននៅ​លើ​អេក្រង់​គឺ​២៥%យឺតជាង​អាន​លើ​ក្រដាស។ ដូច្នេះ​ខ្នាតអត្ថបទ​គឺត្រូវ​​ខ្លី​ជាង​ព័ត៌មាន​ក្នុង​កាសែត។

ចំណុចវិជ្ជមាន៖ បើ​ការអានមានលក្ខណៈចៃដន្យ​ អ្នក​ប្រើប្រាស់​អ៊ិនធឺណែត​នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ព្រោះ​អ្នក​អាន​មានភាពសកម្ម​ក្នុង​ការ​ស្វែងរក​ព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេង​ទៀត​ផ្ដល់​នូវ​ភាពអសកម្ម​។ ដូច្នេះ​តាមរយៈ​ការ​លាយបញ្ចូល​គ្នា​នូវ​បច្ចេកទេសផ្សេងៗ​យ៉ាង​ប៉ិនប្រសប់​ អ្នក​កាសែត​អាច​បង្កើត​នូវ​ខ្លឹមសារ​សម្បូរបែប និង​ពេញហូរហៀរ ប៉ុន្តែ​កុំធ្វើ​ឲ្យ​អ្នក​អាន​ហត់​នឿយ។

ការរុករកលឿនដូចចៃលោត

យើង​ចង់​យកចិត្តទុកដាក់ជាពិសេស​​ត្រង់ចំណុចនេះ។ នៅលើ​អេក្រង់ ភ្នែក​អ្នកអាន​​ទៅមុខ​លឿនណាស់​ ហើយ​ឈប់​ត្រង់​កន្លែងណា​ដែលគួរឲ្យ​ចាប់​អារម្មណ៍ប៉ុណ្ណោះ។ នេះគឺជា​ទ្រឹស្ដី​នៃ​ការរុករក​លើអ៊ិនធឺណែតលឿនដូចចៃលោត។ ខួរក្បាល​របស់​អ្នក​អាន​មើលអត្ថបទ​មួយ​​​​ទៅ​​មួយ ពីទំព័រមួយទៅមួយ ពីវ៉ិបមួយទៅមួយ ដោយ​ច្របូក​ច្របល់​តិចឬច្រើន។

ដើម្បី​ចាប់​ចំណាប់​អារម្មណ៍​របស់​អ្នក​អាន គឺចាំបាច់​ត្រូវ៖

  • នាំផ្លូវអ្នកអាន​ឲ្យចូលទៅ​មើល​ខ្លឹមសារ​របស់​អ្នក តាមរយៈ​ការ​ប្រើ​ឧបករណ៍​យោង​ល្អ​ព្រោះ​បើអត្ថបទអ្នក​ដាក់​ពាក្យ​គន្លឹះ​មិន​ត្រូវទេនោះ គ្មានអ្នក​ណា​ទៅមើលទេ។
  • ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​អានជាប់ចេញមិន​រួច​ក្នុង​​អត្ថបទរបស់​អ្នក​/ខ្លឹមសារ/បរិយាកាស តាមរយៈ​ការ​ប្រើ​បច្ចេកទេស​សរសេរ​ត្រឹមត្រូវ​ និង​បង្កើន​ចំណុច​ចុចចូល​ក្នុង​អត្ថបទរបស់​អ្នក​។